ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​4​យ៉ាង​ដែល​ចិន​អាច​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​បាន​ផ្តល់​នូវ​ខ្សែជីវិត​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដល់​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ជួប​ប្រទះ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដោយ​ចិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​និង​

ប្រទេស​ចិន ៖ ចិន​បាន​ផ្តល់​នូវ​ខ្សែជីវិត​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដល់​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ជួប​ប្រទះ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដោយ​ចិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​និង​ធ្យូងថ្ម ផ្តល់​ជំនួយ​ជា​អាហារ និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ ។

កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ប្រទេស​ចិន​បាន​ចូលរួម​ជាមួយ​សមាជិក​ទាំង​១៤ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​បោះ​ឆ្នោត​យល់​ស្រប​ក្នុង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​លើ​កូរ៉េ​ខាងជើង ។ មន្ត្រី​អា​មេ​រិ​ក​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំងនោះ​នឹងកាត់​ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងជើង ប្រមាណ​១​ភាគ​៣ ។

ខាងក្រោម​នេះ គឺជា​ផ្នែក​មួយ​ចំនួន​ទៀត​ដែល​ប្រទេស​ចិន​អាច​ប្រើប្រាស់​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាងជើង ៖

១-​ថាមពល ៖
រដ្ឋាភិបាល​របស់​លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ផ្នែក​ផលិតកម្ម និង​ការ​នាំ​ចេញ​ធ្យូងថ្ម ហើយ​ភាគច្រើន​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ប្រទេស​ចិន ។ វា​គឺជា​ប្រភព​ថវិកា​ធំ​ជាងគេ​របស់​ប្រទេស​នេះ ដែល​ត្រូវ​បាន​រាប់​បញ្ចូល​១​ភាគ​៣ នៃ​ការ​នាំ​ចេញ​សរុប​ក្នុង​ឆ្នាំ​២០១៥ ។

ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​នេះ បាន​ធ្លាក់​ក្នុង​ភាព​មិន​ប្រាកដប្រជា​កាលពី​ខែកុម្ភៈ ព្រោះ​ប្រទេស​ចិន​និយាយ​ថា ពួក​គេ​នឹង​ផ្អាក​រាល់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង​ក្នុង​១​ឆ្នាំ​នេះ​ពេញ ។

ជា​លទ្ធផល យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​ចិន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង បាន​ធ្លាក់​ចុះ​៧៥%​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ ។ ប៉ុន្តែ​ចិន​នៅ​តែ​អាច​ដាក់​សម្ពាធ​លើ​ប្រទេស​នេះ​កាន់តែ​ខ្លាំង​ថែម​ទៀត តាម​រយៈ​ដាក់​កម្រិត​លើ​ការ​លក់​ប្រេង​ទៅ​កាន់​កូរ៉េ​ខាងជើង ។

២-​ធនាគារ​កិច្ច ៖
សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ព្យាយាម​បំបិទ​ការ​ផ្គត់ផ្គង់​ថវិកា​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង និង​កាត់​ប្រទេស​នេះ​ចេញពី​ប្រព័ន្ធ​ធនាគារ​កិច្ច​ពិភពលោក ។ ប៉ុន្តែ​សហរដ្ឋអាមេរិក​មិន​បាន​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ចិន ដែល​ធ្វើ​អាជីវកម្ម​ជាមួយ​កូរ៉េ​ខាងជើង​ឡើយ ។

យ៉ាងណា​ក្តី កាលពី​ខែមិថុនា រតនាគារ​របស់​សហរដ្ឋអាមេរិក​បាន​សម្រេច​ហាមឃាត់​ធនាគារ​ចិន​មួយ ដោយ​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ខុសច្បាប់​ជាមួយ​កូរ៉េ​ខាងជើង ។ ប៉ុន្តែ​ប្រទេស​ចិន​អាច​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ ដែល​នៅ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​នោះ​ដោយ​ផ្ទាល់ ។

៣-​ប្រាក់​បម្រុង ៖
មានការ​ជឿជាក់​ថា កូរ៉េ​ខាងជើង​មាន​ប្រាក់​បម្រុង​ទុក​ពេល​មាន​អាសន្ន ដែល​បាន​មក​ពី​ការ​លក់​ធ្យូងថ្ម​ទៅ​ឲ្យ​ប្រទេស​ចិន ។

លោក John Park នាយក​នៃ Korea Working Group ក្នុង Harvard Kennedy School បាន​និយាយ​កាលពីដើម​ឆ្នាំ​នេះ​ថា លោក​ជឿជាក់​ថា កូរ៉េ​ខាងជើង​មាន​លាក់​ទុក​ប្រាក់​ជា​ច្រើន​ក្នុង​ប្រទេស​ចិន ។

លោក​បន្ត​ថា ការ​ដាក់​កំហិត​លើ​ប្រទេស​កូរ៉េ​ខាងជើង ពឹងផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​របស់​អាជ្ញាធរ​ចិន ដោយ​ប្រើប្រាស់​ច្បាប់​ក្នុងស្រុក​ដើម្បី​ស្វែងរក​ប្រាក់​ទាំងនោះ ។

៤-​ពលកម្ម ៖
ប្រជាជន​កូរ៉េ​ខាងជើង​ដែល​រស់នៅ​ក្នុង​រដ្ឋធានី គឺ​ធូរធារ ប៉ុន្តែ​ភាគច្រើន​កំពុង​តែ​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ និង​ធ្លាប់​ឆ្លងកាត់​កង្វះ​អាហារ​ទៀត​ផង ។

កូរ៉េ​ខាងជើង ក៏​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បិទ​ជិត​ជាងគេ​ផង​ដែរ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​វិធី​ទាញ​យក​ប្រាក់​ចំណូល​ពី​ពលរដ្ឋ​របស់​ខ្លួន ។

ក្នុង​ចំណោម​វិធី​ទាំងនោះ​រួម​មាន ការ​បញ្ជូន​ពលករ​កូរ៉េ​ខាងជើង​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ដទៃ​ដូច​ជា ប្រទេស​ចិន​, រុ​ស្ស៊ី និង​មជ្ឈិម​បូព៌ា ។ ពួក​គេ​ភាគច្រើន​ធ្វើការ​ក្នុង​វិស័យ​ជីក​រ៉ែ​, កាប់​ឈើ​, វាយនភ័ណ្ឌ និង​សាងសង់ ។ បន្ទាប់​មក​រដ្ឋាភិបាល​កូរ៉េ​ខាងជើង នឹង​ដក​ប្រាក់​មួយ​ចំនួន​ពី​ប្រាក់បៀវត្សរ៍​របស់​ពួក​គេ ។

ដូច្នេះ ការ​ឈប់​ទទួល​ពលករ​ទាំងនោះ នឹង​អាច​បិទ​ប្រភព​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្វែងរក​ថវិកា​ពី​បរទេស ៕