ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ចង្ក្រាន​ជិត​អស់​ទីផ្សារ ខណៈ​ពលរដ្ឋ​ងាក​មក…

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ អស់​រយៈពេល​ជិត​១០​ឆ្នាំ បុរស​ម្នាក់​បាន​ប្រកប​របរ​ធ្វើ​ចង្ក្រាន​ដី ឬ​ហៅ​ថា ចង្ក្រាន​លើ​យ លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ។ របរ​នេះ​ថ្វី​ដ្បិតតែ​មិន​អាច​ឲ្យ​លោក​ធូរធារ​ដូច​

ខេត្តកណ្តាល ៖ អស់​រយៈពេល​ជិត​១០​ឆ្នាំ បុរស​ម្នាក់​បាន​ប្រកប​របរ​ធ្វើ​ចង្ក្រាន​ដី ឬ​ហៅ​ថា ចង្ក្រាន​លើ​យ លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ។ របរ​នេះ​ថ្វី​ដ្បិតតែ​មិន​អាច​ឲ្យ​លោក​ធូរធារ​ដូច​ពាណិជ្ជករ ឬ​អាជីវករ ប៉ុន្តែ​ក៏​អាច​ដោះស្រាយ​សេដ្ឋកិច្ច​គ្រួសារ​ប្រចាំ​ថ្ងៃ និង​មិន​ចាំបាច់​ចំណាកស្រុក​ឃ្លាតឆ្ងាយ​ពី​សាច់ញាតិ បងប្អូន និង​ឪពុក​ម្ដាយ ។

ទោះបី​យ៉ាងណា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ជាតិ​កាន់តែ​វិវត្តន៍​ទៅ​ៗ ជីវិត​រស់នៅ​របស់​ពលរដ្ឋ​កាន់តែ​ទំនើប ធ្វើ​ឲ្យ​របរ​ប្រពៃណី​មួយ​ចំនួន​បាត់បង់​ជា​បណ្ដើរ​ៗ និង​អ្នក​ជំនាន់​ក្រោយ​ស្ទើរតែ​មិន​បានដឹង ។

ស្ថិត​ក្នុង​វ័យ​៣២​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ លោក អ៊ុ​ក ស​ម្ភ​ស្ស បាន​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព ដោយ​រៀបរាប់​ថា កាលពីដើម​ឡើយ បងប្រុស​បង្កើត និង​រូប​លោក​ផ្ទាល់​បាន​ទៅ​នៅ​ស៊ីឈ្នួល​ធ្វើ​ចង្ក្រាន​លើ​យ​នេះ​ឲ្យ​គេ​នៅ​ឯ​ស្រុក​ផ្សេង ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ក្រោយ​ពី​ខ្លួន​មានបទពិសោធន៍ និង​ស្ទាត់ជំនាញ​ហើយ ពួក​លោក​ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​រួមដៃគ្នា​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​នេះ​លក់​នៅផ្ទះ​ដោយ​ខ្លួនឯង ចាប់តាំងពី​ឆ្នាំ​២០០៧ មក ។

លោក ស​ម្ភ​ស្ស និយាយ​ថា ការ​ធ្វើ​ចង្ក្រាន​នេះ បាន​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់​លោក​មួយ​កម្រិត ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិបាក​លក់​បន្តិច ខណៈ​ពលរដ្ឋ​ខ្មែរ​ឥឡូវ​កាន់តែ​មាន​ជីវភាព​ធូរធារ​ប្រសើរ​ឡើង ការ​រស់នៅ​ក៏​ផ្លាស់​ប្ដូរ ដោយ​អ្នកខ្លះ​ងាក​មក​ប្រើ​ចង្ក្រានហ្គាស និង​ឆ្នាំង​ដាំបាយ​អគ្គិសនី គួប​ផ្សំ​នឹង​មានការ​នាំ​ចូល​ចង្ក្រាន​នេះ​ពី​ប្រទេស​ជិតខាង​ទៀត​នោះ ធ្វើ​ឲ្យ​របរ​មួយ​នេះ​កាន់តែ​ប្រឈម​ទៅ​ៗ និង​អាច​បាត់បង់​នា​ថ្ងៃ​អនាគត ។ បច្ចុប្បន្ន លោក​មាន​កម្មករ និង​ជាង​ជំនាញ​កំពុង​បម្រើ​ការងារ​ទាំងអស់​១១​នាក់ ។

លោក អ៊ុ​ក ស​ម្ភ​ស្ស បាន​រៀបរាប់​ពី​ការ​ធ្វើ​ចង្ក្រាន​នេះ​ថា ៖« ទម្រាំ​បាន​ចេញ​ជា​រូបរាង​ចង្ក្រាន​នេះ និង​យក​ទៅ​លក់​លើ​ទីផ្សារ គឺ​មាន​ច្រើន​ដំណាក់កាល​ណាស់ » ។ លោក​ថា ៖«​ជាដំបូង យើង​ត្រូវ​រក​ទិញ​ដីឥដ្ឋ​មក​ឲ្យ​បាន​ច្រើន និង​ដាក់​វា​ត្រាំ​ទឹក​ក្នុង​អាង​រយៈពេល​១​ថ្ងៃ ។ បន្ទាប់​ពី​ត្រាំ​ទឹក​រួច យើង​យក​វា​ដាក់​ចូល​ម៉ាស៊ីន​កិន​ច្របល់​លាយ​ជាមួយ​ផេះ​អង្កាម​ឲ្យ​ដាច់​ទឹក ។ រួច​ហើយ​យក​មក​ដាក់​ចូល​ពុម្ព ធ្វើ​ជា​តួ​យក​ទៅ​ដាក់​ហាលថ្ងៃ​រយៈពេល​២​ឬ ៣​ថ្ងៃ ។ បន្ទាប់​មក យក​វា​ទៅ​ចោះ​រន្ធ និង​កាត់​មាត់ រួច​ដាក់​ហាល​២​ឬ​៣​ថ្ងៃ​ទៀត ។ នៅ​ពេល​ហាល​ស្ងួត​ហើយ យើង​យក​ទៅ​ដាក់​ចំហុយ​ក្នុង​ឡ​រយៈពេល​២​យប់​៣​ថ្ងៃ ទើប​យក​វា​ចេញ​មក​ស្រោប​ដែក​ពី​ក្រៅ រួច​ដាក់​កញ្ច្រែង​លាប​ពណ៌ សម្រេច​តែ​ម្តង » ។

លោក​បន្ត​ថា ចំពោះ​តម្លៃ​លក់​នៅ​លើ​ទីផ្សារ ចង្ក្រាន​១ គឺ​ចន្លោះ​ពី​៣.៥០០ ទៅ​៥​ពាន់​រៀល តាម​ទី​ជិត​ទី​ឆ្ងាយ ព្រោះ​សព្វថ្ងៃ លោក​បាន​ដឹក​វា​តាម​រថយន្ត​ទៅ​លក់ និង​បោះ​ឲ្យ​ម៉ូយ ។ បច្ចុប្បន្ន លោកមា​នទី​ផ្សារ​នៅ​ខេត្តព្រៃវែង ស្វាយ​រៀង និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ដោយ​ក្នុង​១​ថ្ងៃ លោក​ត្រូវ​ដឹក​ចេញ​ចន្លោះ​ពី​១​ទៅ​២​រថយន្ដ​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​ទៅ​តាម​ការ​បញ្ជា​ទិញ​របស់​អ្នក​បោះ​ដុំ ៕