ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​នឹង​មាន​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ថ្មី​មួយទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​គ្រោង​បោះទុន​ប្រមាណ​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ បន្ទាប់​ពី​កិច្ចព្រមព្រៀង និង​នីតិវិធី​ច្បាប់​នានា​រវាង​

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​គ្រោង​បោះទុន​ប្រមាណ​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ បន្ទាប់​ពី​កិច្ចព្រមព្រៀង និង​នីតិវិធី​ច្បាប់​នានា​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​បាន​បញ្ចប់​រួចរាល់​ហើយ ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ថា ព្រ​លាន​យន្តហោះ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប លាតសន្ធឹង​លើ​ផ្ទៃដី ប្រមាណ​៧៥០​ហិ​កតា នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ គឺ​នៅ​តែ​ក្នុង​ដំណាក់កាល​ចរចា​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​កម្ពុជា​SCA​ប៉ុណ្ណោះ ។ លោក​បន្ត​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ព្រ​លាន​នេះ គឺ​ក្រុមហ៊ុន YUNAN Development Group បាន​ចាប់ផ្តើម​ឈូស​ពង្រាបដី និង​ដោះ​មីន​ជា​បណ្តើរ​ៗ​ហើយ ។

លោក​បន្ត​ថា ព្រ​លាន​យន្តហោះ​នេះ​នឹង​សាងសង់​ជា​២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ គ្រោង​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ ដែល​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​មធ្យម​ប្រភេទ 4E និង​ដំណាក់កាល​ទី​២ ទើប​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​យក្ស​បាន ។ នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​បន្ថែម​ទៀត ។ លោក​បន្ត​ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​អាច​ចំណាយពេល​ពី​៣​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី​១ និង​ទី​២ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី ថ្លែង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កើនឡើង​នៅ​គ្រប់​តំបន់​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ហើយ​កម្ពុជា​ក៏​កំពុង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ផង​ដែរ ។ ហេតុនេះ ការ​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ ពិតជា​សក្តានុពល​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា ជា​ពិសេស ភ្ញៀវ​ទេសចរ និង​អ្នកជំនួញ​ចិន ដែល​បាន​និង​កំពុង​កើនឡើង​យ៉ាង​គំហុក​នៅ​កម្ពុជា ។ លោក​បន្ត​ថា ពេល​ព្រ​លាន​យន្តហោះ​ថ្មី​ដំណើរការ​ចេញ​ជា​រូបរាង នឹង​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ៗ​ចុះ​ចត​បាន ព្រោះ​គម្រោង​របស់​វិនិយោគិន​ចិន​ចូល​មក​វិនិយោគ គឺ​មាន​គោលដៅ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ជុំវិញ​ពិភពលោក ។

លោក​បន្ត​ថា ៖« យើង​ស្វាគមន៍ និង​រីករាយ​ចំពោះ​ដំណឹង​នេះ ហើយ​យើង​រីករាយ​នឹង​សមិទ្ធផល​ថ្មី​នេះ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍​ដល់​កម្ពុជា​បន្ថែម​ទៀត​» ។

លោក ហូ វ​ណ្ឌី បន្ថែម​ថា ព្រ​លាន​យន្តហោះ​ថ្មី​នេះ ក៏​ជា​ការ​ភ្ជាប់​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​អភិវឌ្ឍន៍​កាន់តែ​ល្អ​ប្រសើរ​ពី​រាជរដ្ឋាភិបាល ដើម្បី​ភ្ជាប់​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​ល្បី​ៗ​នៅ​ជុំវិញ​តំបន់​នេះ ដូច​ជា ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ ប្រាសាទ​កោះ​កេ​រ្ត៍ និង​ប្រាសាទសម្បូរព្រៃគុក​ដែល​ទើបបាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​សរុប​មាន​ចំនួន​២.៦៦២.៦៧៩​នាក់ កើនឡើង​១២,៨% ធៀប​នឹង​រយៈ ពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ក្នុង​នោះ តាម​ផ្លូវអាកាស​ចំនួន​១.៦០៥.៦៦៤​នាក់ ។ រយៈពេល​ឆមាស​ទី​១​ឆ្នាំ​នេះ​ដែរ ខេត្តសៀមរាប​បាន​ទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ​ចំនួន​១.២៣៣.៣៩៦​នាក់ កើនឡើង​១២,៦% ៕