រាជធានីភ្នំពេញ ៖ អ្នកដែលមានឈាមជ័រសិល្បៈនៅតែជាប់និស្ស័យជាមួយសិល្បៈតពូជពង្សវង្សត្រកូលដែលអាចនិយាយបានថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ យ៉ាងណាមិញកញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយ ជាអ្នកកំប្លែងថ្មីក្នុងក្រុមនាយកុយ គឺជាកូនស្រីរបស់លោកគ្រូម៉ក់ ដែលជាគ្រូល្ខោនបាសាក់មានឈ្មោះល្បីតាមរយៈការសម្តែងល្ខោនកាត់ក។
កញ្ញាប្រិមប្រិយបានរៀបរាប់ដំណើរជីវិតសិល្បៈរបស់នាងឱ្យដឹងថា ដោយសារតែនាងចាប់កំណើតក្នុងត្រកូលអ្នកសិល្បៈល្ខោនបាសាក់ទាំងឪពុក ទាំងម្តាយពេលដឹងក្តីឡើងឪពុកម្តាយបង្ហាត់បន្ថែមលើនិស្ស័យស្រឡាញ់ពីកំណើតធ្វើឱ្យនាងចេះរាំរបាំបុរាណ ចេះសម្តែងល្ខោនបាសាក់ ចេះសម្តែងកំប្លែង និងច្រៀងសម័យ ។
កញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយ អាយុ២១ឆ្នាំ មានបងប្អូន៦នាក់ ក្នុងនោះស្រី៣នាក់ ចំណែកនាងជាកូនស្រីពៅ ។ ក្រុមគ្រួសារនាងសុទ្ធតែជាអ្នកសិល្បៈទាំងអស់គ្នា ។ នាងចេះសម្តែងល្ខោនបាសាក់តាំងពីអាយុ៧ឆ្នាំ ហើយធ្លាប់ចេញសម្តែងនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេសជាមួយឪពុកម្តាយបងប្អូនបន្តរហូតដល់សព្វថ្ងៃ។ ក្រៅពីសម្តែងល្ខោនបាសាក់នាងក៏ចេះច្រៀងសម័យ និងចេះកំប្លែងមានពាក្យពេចន៍វោហាកំប្លុកកំប្លែងគួរឱ្យចង់សើច។ មិនត្រឹមតែប៉ុណ្ណោះនាងមានទេពកោសល្យសម្តែងល្អរស់រវើក មានទឹកដមសម្លែងពីរោះរណ្តំចិត្ត មានក្បាច់រាំញ័រញាក់កន្ទ្រាក់អារម្មណ៍យ៉ាងល្អ។
កញ្ញាប្រិមប្រិយនិយាយថា កន្លងមកនាងតែងតែមានកិត្តិយសឡើងច្រៀង និងសម្តែងកំប្លែងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានាគ្រប់ស្ថានីយទាំងអស់។ ជាក់ស្តែងថ្មីៗនេះ នាងឡើងច្រៀងនិងកំប្លែងនៅក្នុងកម្មវិធីតន្ត្រីដួងតារាមាសនៃស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ។ ជាពិសេសនោះរាល់សប្តាហ៍នាងតែងសម្តែងនៅស្ថានីយទូរទស្សន៍ CTN ជាមួយក្រុមនាយកុយ។
ចំពោះងារកំប្លែង «ប្រិមប្រិយ» នេះនាយកុយជាអ្នកដាក់ឱ្យដោយយល់ថា នាងមានទឹកមុខញញឹមប្រឹមប្រិយជានិច្ចមិនចេះព្រួយចិត្ត ។
ក្នុងជីវិតសិល្បៈតាំងពីកុមារភាពមករហូតដល់ពេលនេះប្រិមប្រិយហាក់បីដូចជាពុំមានការនឿយណាយទេ ផ្ទុយទៅវិញនាងកាន់តែចង់ពង្រឹងអាជីពសិល្បៈឱ្យកាន់តែច្រើនថែមទៀត ព្រោះសិល្បៈជាដង្ហើមរបស់នាង និងក្រុមគ្រួសារ៕




ចែករំលែកព័តមាននេះ