រាជធានីភ្នំពេញ ៖ ដើម្បីជំរុញឧស្សាហកម្មម្រេចឲ្យរីកចម្រើន កម្ពុជាបានត្រៀមដាក់ចេញនូវយុទ្ធសាស្ត្រ និងបង្កើតសមាគមនៅតាមតំបន់បន្ថែម ឬបង្កើតជាសហព័ន្ធម្រេចធំមួយដើម្បីធ្វើជាក្បាលម៉ាស៊ីនសម្រាប់ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមឱ្យបានល្អជូនកសិករ មុននឹងក្លាយជាសមាជិកសហគមន៍ម្រេចអន្តរជាតិខាងមុខ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា បានឱ្យដឹងក្នុងសិក្ខាសាលា ស្តីពីការផ្តាល់ប្តូរបទពិសោធន៍នៃការធ្វើពាណិជ្ជកម្ម លើវិស័យម្រេចកម្ពុជា និងកសាងទំនុកចិត្តលើផលិតកម្មម្រេច ប្រកបដោយចីរភាព ជាមួយសហគមន៍ម្រេចអន្តរជាតិ កាលពីថ្ងៃទី១១ សីហា កន្លងមកថា ការធ្វើអាជីវកម្មលើផលិតផលម្រេចកម្ពុជាបានជួបប្រទះនូវភាពប្រថុយប្រថានច្រើន និងបញ្ហាប្រឈមមួយចំនួនទាមទារឱ្យគ្រប់ភា្នក់ងារពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមគ្នាជួយដោះស្រាយ ។ ភាពប្រថុយប្រថានទាំងនេះរួមមានតម្លៃម្រេចមានការប្រែប្រួលមិនទៀងទាត់ ហើយបញ្ហាប្រឈមមានចាប់ពីការផ្តល់វត្ថុធាតុដើមកសិកម្ម បច្ចេកទេសដាំដុះ ការប្រមូលផល ការធ្វើពាណិជ្ជកម្ម ការកែច្នៃ ការចែកចាយរហូតដល់ការជ្រៀតចូលទីផ្សារទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ ។
លោករដ្ឋលេខាធិការមានប្រសាសន៍ថា ៖ «ដើម្បីជំរុញលើកកម្ពស់វិស័យម្រេចឱ្យមានភាពរឹងមាំ បង្កើនគុណតម្លៃ និងនិរន្តរភាពនៃផលិតកម្មម្រេច ក្រសួងបានរៀបចំយុទ្ធសាស្ត្រមួយចំនួន ហើយក្រសួងនឹងបន្តជួយរៀបចំបង្កើតជាសហព័ន្ធម្រេចកម្ពុជាដែលជាក្បាលម៉ាស៊ីនដឹកនាំមួយដែលរឹងមាំជាងមុន សម្រាប់ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមដោះស្រាយបញ្ហានានាដែលកើតឡើងលើវិស័យម្រេច ដូចជាបញ្ហាទីផ្សារ ការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម និងឈានទៅចូលរួមជាសមាជិករបស់សហគមន៍ម្រេចអន្តរជាតិពេលខាងមុខ » ។
លោក ម៉ៅ ថូរ៉ា បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំវេទិកាម្រេចលើកទី១ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ជាពិសេសប្រែក្លាយកសិករ និងសមាគមម្រេច ឲ្យចេះធ្វើពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈ និងជំនាញ ។
លោកស្រី Hoang Thai Lein នាយកប្រតិបត្តិសហគមន៍ម្រេចអន្តរជាតិមានប្រសាសន៍នៅក្នុងឆ្នាំ២០១៧នេះ តម្រូវការម្រេចកម្ពុជាមានការកើនឡើង ហើយតួលេខនេះជាចំនួនសំខាន់មួយក្នុងការនាំចេញ ពិសេសចូលរួមជាមួយសហគមន៍ម្រេចអន្តរជាតិ ។
លោកស្រីបន្តថា ៖« ខ្ញុំគិតថាដល់ពេលហើយសម្រាប់កម្ពុជាត្រូវចាត់វិធានការជាថ្មីម្តងទៀត ។ សហគមន៍ម្រេចអន្តរជាតិ ប្ដេជ្ញាសហការជាមួយកម្ពុជា ក្នុងការនាំយកផលប្រយោជន៍សមស្របដល់សហគមន៍កសិកររបស់យើង ។ ដូចនេះខ្ញុំបានត្រៀមរួចជាស្រេចក្នុងការស្តាប់ការយល់ឃើញរបស់កម្ពុជា ថាតើសហគមន៍ម្រេចអន្តរជាតិ ចូលរួមផ្តល់ការគាំទ្រដូចម្តេចដល់វិស័យម្រេចកម្ពុជា និងត្រូវការសហការនាំយកការអភិវឌ្ឍឈានទៅមួយកម្រិតនិងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីសម្រេចបានជោគជ័យនៃសមាជិកកម្ពុជាក្នុង IPC »។
លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ៖« ការជ្រើសរើសប្រធានសមាគមម្រេចនៅតាមស្រុកមួយៗគឺសំខាន់ណាស់ និងជាកត្តាស្លាប់រស់ ។ បើប្រធានសមាគមនោះគិតតែផលប្រយោជន៍ខ្លួនឯងទេ នោះសមាគមហ្នឹង ១០០ភាគរយនឹងរលាយ។ ដូចនេះការជ្រើសរើសប្រធានសមាគមមួយៗទាមទារគិតឲ្យបានដិតដល់ និងស៊ីជម្រៅ ទើបសមាគមនោះរីកម្រើនបាននាពេលខាងមុខ » ។
នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ម្រេចគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន១៩មុខដែលមានសក្តានុពលនាំចេញរបស់កម្ពុជា ។ គិតត្រឹមខែឧសភា ឆ្នាំ២០១៧ ដំណាំនេះត្រូវបានឃើញរីកដុះដាលនៅក្នុងខេត្តចំនួន១៩ ចាប់ពីតំបន់និរតី រហូតដល់តំបន់ពាយ័ព្យ និងភូមិភាគឦសាននៃប្រទេស ដែលមានផ្ទៃដីដាំដុះសរុបប្រមាណ៦.៦៧៨ហិកតា ហើយផ្តល់ទិន្នផល២០.០៥០តោន ។ បន្ទាប់ពីកាត់ទុកសម្រាប់ប្រើប្រាស់ក្នុងស្រុកប្រមាណ៣០០តោន វាត្រូវបាននាំចេញទៅទីផ្សារក្នុងតំបន់ និងទីផ្សារប្រទេសជប៉ុន កូរ៉េ តៃវ៉ាន់ សហគមន៍អឺរ៉ុប និងអាមេរិក ជាដើម ៕
ចែករំលែកព័តមាននេះ