ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាលរង​ខេត្តសៀមរាប

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​លោក ទៀ សីហា

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​លោក ទៀ សីហា ឋានន្តរ​ស័​កិ្ត​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ដែល​ជា​នាយ​រង​ខុទ្ទកាល័យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវ​បាន​ធ្វើការ​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប  ជំនួស​លោក គឹ​ម ឆៃ​ហៀ​ង  អភិបាលរង​ខេត្ត ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​ដើម​វិញ​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម  ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ 

លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​កិច្ច​ស្វាគមន៍ និង​អាន​របាយការណ៍​ស្តី​ពី​សមិទ្ធផល​ដែល​បាន​កសាង និង​ការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត ក្នុង​ការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព ជា​សំខាន់​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​បន្ត​ពង្រឹង​នូវ​យន្តការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ថ្មី​នេះ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ពិតប្រាកដ​នៅ​កម្ពុជា​។ ដើម្បី​ធានា​ឲ្យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ខាងលើ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្តី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ បទបញ្ជា និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដែល​នៅ​ជា​ធរមាន​។

បន្ទាប់​មក​លោក អ៊ុំ ចំរើន អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ បាន​អាន​នូវ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ផ្ទេរ​ភារកិច្ច លោក គឹ​ម ឆៃ​ហៀ​ង ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់ លេខ​១ នៃ​ក្រប​ខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី ពី​អភិបាលរង​ខេត្ត ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​ដើម​វិញ និង​ប្រកាស​តែងតាំង​លោក ទៀ សីហា ឋានន្តរ​ស័​កិ្ត​ឧត្តមមន្ត្រី ថ្នាក់​លេខ​៣ ដែល​ជា​នាយ​រង​ខុទ្ទកាល័យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវ​បាន​ធ្វើការ​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប​ជំនួស​។ ក្រោយ​ពី​គណៈអធិបតី​ប្រគល់​អនុក្រឹត្យ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​អភិបាលរង​ខេត្ត​ដែល​ទើប​ទទួល​បានការ​តែងតាំង​ថ្មី​រួច​មក មាន​ប្រសាសន៍​សំណេះសំណាល​នោះ​លោក លេង វី ក៏​បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា តាម​ច្បាប់​ក្រឹត្យក្រម​របស់​មន្ត្រីរាជការ​គ្រប់​រូប ដែល​បាន​បម្រើ​ការងារ​ហើយ​បាន​គ្រប់​អាយុ គឺ​អភិបាលរង​ខេត្ត​ត្រូវ​មាន​អាណត្តិ​កំណត់ និង​ចូល​និវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ឡើយ​។

ការ​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត​នេះ ក៏​មានការ​ជឿជាក់​យ៉ាង​ច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​។ លោក លេង វី ក៏​បាន​លើក​ផង​ដែរ អំពី​ការ​ពង្រឹង​នូវ​សមត្ថភាព និង​គុណភាព​នៃ​ចំណេះដឹង​ដល់​មន្ត្រីរាជការ ដោយ​ធ្វើការ​បណ្តុះបណ្តាល​ផ្ទាល់​នៅ​ថ្នាក់​មូលដ្ឋាន ក្នុង​ការ​ងាយស្រួល​ដល់​មន្ត្រី​បំពេញការងារ​រដ្ឋបាល​នៅ​មូលដ្ឋាន​។ ក្នុង​នោះ​លោក ក៏​បាន​គូសបញ្ជាក់​ថា ការ​ចូល​ទទួល​តំណែង​ជា​អភិបាលរង​ខេត្ត​នេះ គឺ​ដើម្បី​បន្ត​អនុវត្ត តួនាទី​ភារកិច្ច ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៅ​ក្នុង​ខេត្ត សំខាន់​លើ​ការ​ថែរក្សា​សន្តិសុខ ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​អភិវឌ្ឍន៍​ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់ ព្រមទាំង​លើក​ផង​ដែរ អំពី​បញ្ហា​ការ​យកចិត្តទុកដាក់​កែ​លម្អរ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​គ្រប់​មន្ទីរ ស្ថាប័ន ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ប្រកាន់​នូវ​ក្រមសីលធម៌​ចំពោះ​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​រដ្ឋបាល​តាម​មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ​សង្កាត់​ជាដើម​។

លោក​អនុរដ្ឋលេខាធិការ ក៏​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆមាស​ទី​២​នេះ នៅ​តាម​បណ្តា​ខេត្ត ក្រុង ស្រុក និង​ត្រូវ​បង្កើន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាជន​។ ម្យ៉ាងទៀត​គ្រប់​បណ្តា​ឃុំ សង្កាត់ ត្រូវ​ធ្វើការ​ពង្រឹង​ពី​តួនាទី ភារកិច្ច​របស់​ខ្លួន មិន​ធ្វើ​អ្វី​ទៅ​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ ព្រមទាំង​ត្រួតពិនិត្យ​ពី​តួនាទី​ភារកិច្ច​របស់​ស្មៀន ចំពោះ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ អំពី​ការ​គ្រប់គ្រង​បញ្ជី​វត្តមាន​របស់​មន្ត្រីរាជការ នៅ​តាម​មន្ទីរ អង្គភាព ក្រុង ស្រុក រួម​ទាំង​ការ​ផ្លាស់​ប្តូរ និង​តែងតាំង​ដល់​មន្ត្រីរាជការ ត្រូវ​ឈរ​លើ​តម្លាភាព និង​គណនី​យ​ភាព​។ លោក ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលរង​ខេត្ត ត្រូវ​ខិតខំ​រៀនសូត្រ​ពី​រៀមច្បង ព្រមទាំង​ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត  គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ចម្បង ហើយ​ក៏​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង​គណៈ​អភិបាល លើ​ការ​ដឹកនាំ គ្រប់គ្រង​បណ្តា​មន្ទីរ ស្ថាប័ន​និង​អង្គភាព​ក្នុង​ខេត្ត​ឲ្យ​បាន​ល្អ និង​បង្កើន​ការ​ពង្រឹង​នូវ​របៀបរបប​ការងារ​រដ្ឋបាល នៅ​ក្នុង​ស្ថាប័ន ព្រមទាំង​មានការ​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជាមួយ​មន្ទីរ ស្ថាប័ន អង្គភាព លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាជន ដោយ​ខេត្តសៀមរាប​ជា​តំបន់​គោលដៅ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត​៕