ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​សំ​យ៉ាប​រំលោ.ភ​ខឿន​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​70​គ្រួសារ​ផ្ទុះ​ការ​តវ៉ា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ កែវ សុភា រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ កែវ សុភា រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ និង​មេ​ភូមិ​ព្រៃ​ជី​សាក់​បាន​ចុះ​ទៅ​ហាមឃាត់ និង​ផ្អាក​ការ​សាងសង់​សំណង់​សំ​យ៉ាប​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បុគ្គល​ម្នាក់​សាងសង់​បាន​សម្រេច​ខ្លះ​ៗ និង​កំពុង​បន្ត​ការ​សាងសង់​ដោយ​ខុសច្បាប់​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ និង​រំលោភ​យក​ខឿន​ចិញ្ចើម​ផ្លូវ​សាធារណៈ ហើយ​កំពុង​ប្រឈម​ទៅ​នឹង​ការ​ប្រ​ឆាំ​តវ៉ា និង​ការ​ដាក់​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជាង​៧០​គ្រួសារ ។ កម្លាំង​អាជ្ញាធរ​ខាងលើ​បាន​ចុះ​ទៅ​ហាមឃាត់​សំណង់​មួយ​នេះ​នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​កូដកម្ម​តវ៉ា​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៣ សីហា នេះ​ប្រឆាំង​នឹង​បុគ្គល​រូប​នោះ ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​តវ៉ា​ប្រឆាំង និង​ភាព​លោភលន់​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា បុគ្គល​ដែល​រំលោភ​យក​ខឿន​ច​ញ្ចើ​ម​ផ្លូវ​នេះ​មានឈ្មោះ ហេង សេង​ហុង ភេទ​ប្រុស ។ បុគ្គល​នេះ​បាន​នឹង​កំពុង​រំលោភ​យក​ខឿន​ច​ចិញ្ចើម​ផ្លូវ​ដែល​មាន​ទទឹង​៣,៣០​ម៉ែត្រ និង​បណ្ដោយ ប្រវែង​២៥​ម៉ែត្រ សាងសង់​សំ​យ៉ាប​ផ្ទះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែល​តាម​គម្រោង​គឺ​ខាងក្រោម​រៀប​ឥដ្ឋ និង​ដំបូល​ប្រក់​ស័ង្កសី ហើយ​មហិច្ឆតា​លេប​យក​ខឿន​ចិញ្ចើម​ផ្លូវ​ធ្វើ​នេះ​គឺ​បុគ្គល​នោះ​សាងសង់​សំ​យ៉ាប​សម្រាប់​មុខរបរ​ខ្វៃ​ជ្រូក​លក់ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខឿន​ចិញ្ចើម​ផ្លូវ​ដែល​មាន​បញ្ហា​នា​ពេល​នេះ​ត្រូវ​បាន​លម្អរ​ដោយ​ឥដ្ឋការ៉ូឡា​ដែល​ខាង​បុរី​លឹ​ម​ឈាង​ហាក់​នោះ​រៀបចំ​ឡើង ដែល​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួក​គាត់​ទាំងអស់​គ្នា​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​ថ្មើរជើង មិន​ចាំបាច់​ដើរ​លើ​ផ្លូវ​នាំ​មាន​គ្រោះថ្នាក់​ចរាចរ​នោះ​ឡើយ ។ ដោយឡែក​លោក ហេង សេង​ហុង បាន​រំលោភ​យក​សង់​សំ​យ៉ាប​បិទ  កាលពី​អំឡុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ប៉ុន្តែ​ត្រូវ​បាន​ពួក​គាត់​រារាំង និង​បាន​ផ្ដិត​មេដៃ​ប្រឆាំង​តវ៉ា​រហូត​មក​ដែរ ចំណែក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​លិខិត​ជូនដំណឹង​ឲ្យ​រុះរើ​កន្លែង​ដែល​ធ្វើ​រួច​ខ្លះ​ៗ​ក្ដី​ក៏​ជន​នោះ មិន​ព្រម​អនុវត្តន៍​ឡើយ ដោយឡែក​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ស្រាប់តែ​បន្ត​ធ្វើ​ទៀត​ទើប​ពួក​គាត់​ប្រមាណ​៤០​នាក់​តំណាង​ឲ្យ​ជាង​៧០​គ្រួសារ​នាំ​គ្នា​ចេញ​ទៅ​ហាមឃាត់​បន្ត​ទៀត ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ខាងលើ​នោះ​ត្រូវ​បាន​ខាង​អ្នក​សាងសង់​សំ​យ៉ាប​ផ្ទះ​នោះ​បដិសេធន៍​ថា គាត់​មិន​បាន​សាងសង់​រំលោភ​ចិញ្ចើម​ផ្លូវ​នោះ​ទេ គឺ​គាត់​គ្រាន់តែ​ត​សំ​យ៉ាប​ដើម្បី​កុំ​ឲ្យ​ទឹកភ្លៀង​សាច​ចូល​ផ្ទះ​គាត់​តែ​ប៉ុណ្ណោះ មានអី​ត្រូវ​ខុស ។ ដោយឡែក​អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​ភូមិ ក៏​បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ផ្អាក​សកម្មភាព​ដំណើរការ​សាងសង់​នោះ​ហើយ ដោយ​អាជ្ញាធរ​និយាយ​ថា មិន​មានការ​អនុញ្ញាត​ឲ្យ​មានការ​សាសង់​របៀប​នេះ​ឡើយ ព្រោះ​វា​ខុសច្បាប់​ទាំងស្រុង និង​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ក៏​ធ្លាប​ចុះ​ហាមឃាត់​និង​បាន​ចេញ​លិខិត​ឲ្យ​រុះរើ​ហើយ​ដែរ តែ​ម្ចាស់​មិន​អនុវត្តន៍​សោះ​នៅ​តែ​បង្ក​ឲ្យ​មាន​បញ្ហា​បែប​នេះ​ទៀត ពេល​នេះ​បាន​ប្រាប់​ឲ្យ​ភាគី​ទាំង​ពីរ​ទៅ​កាន់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នា​ថ្ងៃ​ទី​១៤ សីហា ស្អែក​នេះ​ដើម្បី​ជួប​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង ៕