ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជះ​ទឹកបាយ​ដាំ​ពុះ​ដាក់​ក្បាល​ប្រពន្ធ ព្រោះ​មិន​ឱ្យ​លុយ​ទៅ​ទិញ​ស្រា​ផឹក

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​បន្ទាប់​ពី​លេងល្បែង​ចាញ់​ផឹកស្រា​ស្រវឹង

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​បន្ទាប់​ពី​លេងល្បែង​ចាញ់​ផឹកស្រា​ស្រវឹង មក​ផ្ទះ​វិញ​សុំ​លុយ​ប្រពន្ធ​យក​ទៅ​ទិញ​ស្រា​មិន​បាន​យក​ទឹកបាយ​កំពុង​ដាំ​ពុះ​ជះ​លើ​ក្បាល​ប្រពន្ធ​បណ្ដាល​ឱ្យ​រលាក​លើ​ផ្ទៃមុខ និង​ក្បាល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល  ថ្ងៃ​ទី​១១ សីហា នៅ​ចំណុច​ទំនប់​៣៨ ក្នុងភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ខ្លូ​ន ខ្លុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ ត្រូវជា​ប្តី ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឃ.ឡ ភេទ​ស្រី មាន​ទីលំនៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​នេសាទ រង​របួស​រលាក​ក្បាល និង​មុខ​ខាងស្ដាំ ។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ខ្លូ​ន ខ្លុង បាន​សុំ​លុយ​ប្រពន្ធ​(​ជន​រង​គ្រោះ​) ចំនួន ៥.០០០៛ ទៅ​លេងល្បែង​បុក​ប៊ីយែ​រួច​ហើយ​ផឹកស្រា​ស្រវឹង​ជោកជាំ​នៅ​ទីនោះ ។ លុះដល់​ពេល​កើតហេតុ​ខាងលើ​ក្រោយ​ពី​លេងល្បែង​ចាញ់ និង​ផឹកស្រា​អស់​លុយ​ផង​នោះ​ជនសង្ស័យ​ក៏​បាន​ត្រលប់​មក​ផ្ទះ​សុំ​លុយ​ប្រពន្ធ​ថែម​ទៀត ។ ដោយ​ប្រពន្ធ​គ្មាន​លុយ​ឱ្យ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា ស្រាប់តែ​ជនសង្ស័យ​បាន​លើក​ឆ្នាំងបាយ​ដែល​កំពុង​ដាំ​ពុះ​នៅ​លើ​ចង្ក្រាន​ទៅ​ចាក់​ដាក់​លើ​ក្បាល​ប្រពន្ធ​បណ្ដាល​ឱ្យ​រង​របួស​រលាក ក្បាល និង​ពេញ​ផ្ទៃមុខ​ខាងស្ដាំ ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​លើក​ដែក​ឱ្យ​ជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្ដិ៍​លើក​ដែក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​រួច​នាំ​ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕