រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះភាពយន្តខ្មែរនៅតែត្រូវទស្សនិកជនវាយតម្លៃថាមិនទាន់ល្អនៅឡើយទេ បើទោះជាបច្ចុប្បន្ន មានការផលិតច្រើនក្តី ។ ម៉្លោះហើយត្រូវការចូលរួមពិភាក្សាគ្នា និងរិះរកចំណុចល្អៗបែបណាទៀតដើម្បីជំរុញឲ្យវិស័យភាពយន្តខ្មែរមានគុណភាព ។
ទស្សនិកជនជាច្រើនផ្តោតលើតារាថ្មីមួយចំនួនឃើញថា មិនសូវមានទេពកោសល្យសម្តែង។ មតិទស្សនិកជនលើកឡើងថាហេតុតែចង់សម្តែងតួថ្មីខ្លះកាយវិការសម្តែងមិនសមសួន ដ្បិតមិនសូវយល់ពីរបៀបសម្តែង ។ ផលិតករខ្លះព្រោះតែចង់ចំណេញច្រើនឲ្យតែតួថ្មីសុំលេង ឬសុំចូលរួមសម្តែងមិនយកលុយក៏ផ្តល់ឱកាសឱ្យ ។
បើក្រឡេកទៅមើលតួប្រុសវិញទស្សនិកជនសម្គាល់ថា មានមាឌឌាំង តែសម្តែងចេញមកមិនសូវល្អ ។ ប្រុសតែលាបឡេលាបម្សៅឡើងចង់ទៅជាស្រី ហើយសម្តែងមើលទៅឆ្គង ។ ថតហាលថ្ងៃកាន់ដាវកាន់លំពែងមិនចង់ថតទេ ខ្លាចខូចស្បែក តែអួតថាចង់ចូលរួមបម្រើសិល្បៈ ។ អ្នកសិល្បៈពិតប្រាកដរូបភាពបែបណាក៏ទៅរួចមិនដែលតវ៉ាទេ ។
កាលពីពេល ថ្មីៗកន្លងមកទស្សនិកជនម្នាក់និយាយថា «បើតួគេជំនាញមិនអីទេ តែរលកក្រោយចាំបាច់ត្រូវមានគុណភាព ទាល់តែទៅហាត់រៀនពីសាលា ជំនាញៗខាងសិល្បៈដើម្បីបានដឹងតិចនិក ។ តួថ្មីក៏មិនត្រូវមើលរំលងរៀមច្បងតារា មុនៗ អ្នកដឹកនាំ អ្នកពាក់ព័ន្ធភាពយន្តនោះទេ អ្នកទាំងនោះគឺជាគន្លឹះរុញឲ្យយើងចេះសម្តែងត្រូវតាមក្បួនខ្នាត កុំអាងខ្លួនមាននិស្ស័យពីធម្មជាតិមិនត្រូវការអ្នកហាត់ពត់បន់បែនគឺមិនល្អនោះទេ ពោលកុំអំនួត» ។
លោកម៉ែន អម្រុងរ័ត្ន តារាសម្តែងថ្មី និយាយថា «តាំងពីយល់ជ្រាបកាន់តែច្បាស់ពីរបៀបសម្តែង និងចូលសិល្បៈយូរមកដឹងថាសិល្បៈមិនមែនចេះសម្តែងតែមាត់ ហើយស្រឡាញ់តាមធ្មជាតិ ចង់ ប្រឡូកៗបាននោះទេ គឺចាំបាច់ត្រូវមើលរៀមច្បង និងតិចនិករបៀបសម្តែងរបស់ប្រទេសជិតខាង ។ ខ្ញុំយល់ថាប្រការដែលល្អត្រូវទៅរៀនមានជំនាញពីសាលា ឬទៅរៀននៅក្លឹបសិល្បៈណាមួយជាមុនសិនដើម្បីឲ្យមានទុនដឹងថា ការសម្តែងបែបណាទើបត្រូវតាមចរិតលក្ខណៈរបស់តួអង្គ ។
ឆ្លងកាត់ការទស្សនាកុនខ្មែរសម័យនេះ ខ្ញុំយល់ថាតួសម្តែងនៅមិនទាន់ល្អច្រើនពេកនោះទេ ពិសេសរលកក្រោយដែលតម្រូវឲ្យចេះ និងរកតិចនិកថ្មីទៀតដើម្បីដុសខាត់ខ្លួនទៅមុខបាន» ។
កញ្ញាសោភា ទេពី ជាអ្នករបាំ និងជាតារាសម្តែងថ្មីឲ្យដឹងថា នាងហាត់រៀននៅសាលាវិចិត្រសិល្បៈតាំងពីក្មេង ព្រោះប៉ាម៉ាក់នាងយល់ថា មានតែសាលាជំនាញនេះទេ ដែលអាចជួយឲ្យសិល្បករចេះពីរបៀបសម្តែង ។ បើគ្រាន់តែស្រឡាញ់ចូលចិត្ត តែអត់មានគ្រូបណ្តុះបណ្តាលឲ្យល្អមិនកើតទេ ។ «ឆ្លងតាមការហាត់រៀនជំនាញសិល្បៈទើបយល់ថាការសម្តែងមានបែបបទរបស់គេ មួយៗ ។ ញញឹមពិសពុលបែបម៉េច ញញឹមអរនឹងលទ្ធផលអ្វីមួយបែបណា គឺគេមានល្បិចធ្វើទាំងអស់ បើយើងមិនយល់មិនអាចធ្វើបានទេ »។
លោកហ៊ុយ យ៉ាឡេង ផលិតករក្នុងផលិតកម្មមាតុចក្រលើកឡើងថា «ភាពយន្តខ្មែរយើងល្អត្រូវមានកត្តាផ្សំគ្នាមួយចំនួនដូចជាទី១ អ្នកដឹកនាំរឿងល្អ ។ ទី២ អ្នកសម្តែង និងទី៣ ឧបករណ៍បច្ចេកទេស ។ ការរួមផ្សំទាំងបីផ្នែកនេះនឹងជួយរុញច្រានឲ្យភាពយន្តដើរទៅមុខបាន ។
អ្នកសម្តែងត្រូវតែមានភាពប៉ិនប្រសប់ហើយកត្តាបច្ចេកទេសក៏ជារឿងមួយជួយឲ្យមានភាពទាក់ទាញ បូកទាំងអ្នកដឹកនាំទៀតគាត់ចេះមើលខុសត្រូវគឺកាន់តែជួយជំរុញឲ្យមានភាពទាក់ទាញផងដែរ» ។
លោកម៉ៅ អាយុទ្ធ មានប្រសាសន៍កាលពីពេលកន្លងមកថា «ភាពយន្តមានការផ្សំគ្នាច្រើនណាស់ ។ ចំណុចមួយទាល់តែផលិតករចេះជ្រើសរើសតួឲ្យត្រូវចំសាច់រឿង ឲ្យមានភាពប្រហាក់ប្រហែលគ្នាតាំងពីតួឪតួកូន ។ ការជ្រើសរើសមុខមាត់តួឲ្យត្រូវជាមួយសាច់រឿង។ ស្របជាមួយគ្នានេះត្រូវប្រមូលផ្តុំទៅដោយអ្នកជំនាញពិតប្រាកដទើបធ្វើឲ្យកុនយើងលូតទៅមុខបាន មិនមែនធ្វើឱ្យតែបាននោះទេ »។
សាលាភាពយន្ត«រ័ត្នកញ្ញា»បើកទីតាំងក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈធ្លាប់ប្រកាសឱ្យអ្នកមាននិស្ស័យស្រឡាញ់សិល្បៈភាពយន្ត និងតារាថ្មីចូលរៀន ព្រោះសាលាមានសាស្ត្រាចារ្យជំនាញច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ