ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរសមុទ្រ​​កំពុង​ទាក់ទាញ​វិនិយោគិន

6 ឆ្នាំ មុន

អចលនទ្រព្យ​បែប​រី​សត​តាម​ឆ្នេរសមុទ្រ​នៅ​ទីក្រុង​ដា​ណា​ង (Da Nang) កំពុង​ក្លាយជា​ចំណុចក្តៅ​គគុក​សម្រាប់​វិនិយោគិន​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នេះ​បើ​តាម

ប្រទេស​វៀតណាម ៖ អចលនទ្រព្យ​បែប​រី​សត​តាម​ឆ្នេរសមុទ្រ​នៅ​ទីក្រុង​ដា​ណា​ង (Da Nang) កំពុង​ក្លាយជា​ចំណុចក្តៅ​គគុក​សម្រាប់​វិនិយោគិន​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នេះ​បើ​តាម​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ CBRE Vietnam បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ សីហា ។

ផ្នែក​សណ្ឋាគារ និង​ខុន​ដូ​កំពុង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​រំពឹង​ទុក​ប្រាក់​ចំណេញ​ពី​ការ​ជួល​នា​ពេល​អនាគត ។

ចាប់តាំងពី​ដើមឆ្នាំ​នេះ អា​ផាត​មិន ដែល​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ចំនួន​២៥០​របស់ Coco Ocean Resort & Spa ជា​ផ្នែក​មួយ​នៃ​រី​សត​ចម្រុះ Cocobay បាន​បង្កើន​ការ​ផ្គត់ផ្គង់​សរុប​រហូត​ដល់​៦.៧០០​បន្ទប់ ។ គេ​រំពឹង​ថា ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​ឆ្នាំ​នេះ បន្ទប់​ប្រហែល​១.៣៥០​ពី​គម្រោង​ចំនួន​៥ នឹង​ដាក់​លក់ ។ ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ការ​ផ្គត់ផ្គង់​ថ្មី​សរុប​នឹង​ស្មើ​៩​ពាន់​បន្ទប់ ។

ទន្ទឹម​នឹង​នេះ វីឡា​ជា​ច្រើន ក៏​ត្រូវ​បាន​លក់​តិច​ជាង​ខុន​ដូ​ផង​ដែរ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​មាន​ចំនួន​កំណត់ ។

លោកស្រី Duong Thuy Dung ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ CBRE Vietnam បាន​និយាយ​ថា រលក​នៃ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នកទេសចរ មុន​និង​ក្រោយ​ព្រឹត្តិការណ៍ APEC 2017 ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Da Nang ។

លោកស្រី​បន្ថែម​ថា ប្រាក់​ចំណេញ​ពី​គម្រោង​វីឡា និង​ខុន​ដូ​នៅ​ទីតាំង​ដែល​មាន​ទេសភាព​នៅ​ទីក្រុង Da Nang, Nha Trang និង Phu Quoc (​កោះត្រល់​) មាន​តម្លៃ​ខ្ពស់​ជាង​ទីក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ ។ លោកស្រី​ថា គម្រោង​ជា​ច្រើន​ផ្តល់​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ ពី​៨​ទៅ​១០%​សម្រាប់​រយៈពេល​៥​ទៅ​១០​ឆ្នាំ ។

យោង​តាម​ក្រុមហ៊ុន CBRE Vietnam សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ដែល​បាន​បើក​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ទីក្រុង Da Nang ជា​ពិសេស នៅ​តាម​បណ្តោយ​ផ្លូវ Vo Nguyen Giap កំពុង​បង្កើត​គំនូរ​អគារ​ខ្ពស់​ថ្មី​ៗ​សម្រាប់​ទីក្រុង​នេះ ។

នៅ​ឆ្នាំ​នេះ ទីផ្សារ​ក្នុងស្រុក ក៏​នឹង​ស្វាគមន៍​ផង​ដែរ​នូវ​សំណង់​អគារ​ថ្មី​ៗ ដោយ​ក្រុមហ៊ុន​សណ្ឋាគារ​បរទេស​ដូច​ជា Sheraton, Four Points, Sheraton, Hilton និង JW Mariott ដែល​ធ្វើ​ឱ្យ​ទីក្រុង Da Nang ក្លាយជា​ទីតាំង​កំពូល​នៅ​ក្នុង​ប្រទេស​វៀតណាម ទាក់ទង​នឹង​ការ​ទាក់ទាញ​អ្នក​ផ្តល់​សេវាកម្ម​បដិសណ្ឋារកិច្ច​បរទេស ៕