ការ​សម្លឹង​មើល​ពី​និន្នាការ​ប្រែប្រួល​នៃ​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី​នៅ​តាម​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ ពិតជា​មាន​ភាព​ខុស​ៗ គ្នា ។ តំបន់​ដែល​មាន​សកម្មភាព​អាជីវកម្ម​មមាញឹក ហើយ​សម្បូរ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ការិយាល័យ តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​គឺ​ខ្ពស់​ជាងគេ​។ ចំណែក​តំបន់​ដែល​មិនសូវ​មាន​ភាព​មមាញឹក និង​ឆ្ងាយ​ពី​កណ្ដាល​ក្រុង តម្លៃ​ដីធ្លី​ហាក់​នៅ​មាន​កម្រិត​ធូរ​ថ្លៃ​នៅឡើយ ។

ចាប់តាំងពី​វិស័យ​អចលនទ្រព្យ​មាន​សន្ទុះ​ងើបឡើង​ពី​វិបត្តិ​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ឬ​២០០៩​មក តំបន់​បឹង​កេងកង​១​ក្នុង​ខណ្ឌចំការមន គឺ​មាន​តម្លៃ​ដីធ្លី​ខ្ពស់​ជាងគេ ដោយ​មិន​ទាន់​មាន​តំបន់​ណាមួយ​អាច​ប្រជែង​យក​តំណែង​កំពូល​នេះ​បាន​ឡើយ ។ យ៉ាងណា​ក៏​ដោយ រយៈពេល​ប្រមាណ​៤-៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​មាន​តំបន់​មួយ​ចំនួន​ដែល​ជា​អតីត​ទឹកដី​ខេត្ត ត្រូវ​បាន​រាជរដ្ឋាភិបាល​កាត់​បញ្ចូល​ក្នុង​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅ​ទីនោះ​ងើបឡើង​ដែរ ។ តើ​បច្ចុប្បន្ន តំបន់​ណា​មាន​តម្លៃ​ដីធ្លី​ខ្ពស់​ជាងគេ និង​ទាប​ជាងគេ ?

បើ​តាម​លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ឡាក់​គី បានឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​២​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ដីធ្លី​ខ្ពស់​ជាងគេ បើ​ធៀប​នឹង​តំបន់​ផ្សេង​ទៀត​ក្នុង​រាជធានី​ទាំងមូល ឬ​ក៏​អាច​និយាយ​បាន​ថា ជា​តំបន់​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ផង​ដែរ ។ លោក​និយាយ​ថា ៖« មាន​ខណ្ឌ​២​ដែល​មាន​តម្លៃ​ខ្ពស់ គឺ​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៅ​ភ្នំពេញ ។ កត្តា​ដែល​ជំរុញ​ឱ្យ​ខណ្ឌ​ទាំង​ពីរ​ក្លាយជា​តំបន់​មាស​ពេជ្រ​សម្រាប់​វិស័យ​ដីធ្លី​នៅ​កម្ពុជា ពីព្រោះ​តំបន់​ទាំងនោះ​ជា​បណ្ដុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សាលារៀន​អន្តរជាតិ​ល្បី​ៗ ហាង​ទំនិញ​ទំនើប​ៗ ភោជនីយដ្ឋាន និង​ជា​កន្លែង​នៅ​ជិត ឬ​ជាប់​ស្ថាប័ន​កំពូល​របស់​រដ្ឋ និង​អង្គការសហប្រជាជាតិ​ជាដើម » ។

លោក​បន្ត​ថា ថ្វី​ដ្បិតតែ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌចំការមន មាន​តម្លៃ​ដីធ្លី​ខ្ពស់ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​សកម្មភាព​ទិញ​-​លក់​វិញ វា​ហាក់ដូចជា​ស្ងប់ស្ងាត់ មិន​ដូច​តំបន់​នៅ​ជាយ​ៗ​រាជធានី​ទេ ពីព្រោះ​តម្លៃ​ខ្ពស់ ការ​ទិញ​-​លក់​មាន​តិចតួច ហើយ​បើសិនជា​មានការ​ទិញ​លក់​មួយ​ៗ បើ​គិត​ជា​ទឹកប្រាក់​វិញ គឺ​ច្រើន​ជាង​ការ​ទិញ​លក់​នៅ​តំបន់​ជាយ​រាជធានី។

ចំពោះ​តម្លៃ​ដីធ្លី​នៅ​ទាប និង​មានការ​ទិញ​លក់​ច្រើន មាន​ដូច​ជា ខណ្ឌ​ច្បារ​អំពៅ និង​ជ្រោយចង្វា​ជាដើម និយាយ​រួម គឺ​នៅ​តំបន់​ណា​ដែល​ទើប​កាត់​ចូល​ក្នុង​ទឹកដី​រាជធានី​កាលពី​ពេល​ថ្មី​ៗ​នេះ និង​នៅ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​កណ្ដាល​រាជធានី ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ឌឹ​ត ច​ណ្ណា ។

លោក​បញ្ជាក់​ថា បើ​ទោះបីជា​ឆ្នាំ​ក្រោយ​នេះ កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោតជាតិ​ក៏​ដោយ ប៉ុន្តែ​បើ​មើល​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​ពេល​នេះ វិស័យ​អចលនទ្រព្យ ជា​ពិសេស ដីធ្លី​នឹង​គ្មាន​ផល​ប៉ះពាល់​ពី​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ទេ​។ ចំពោះ​ទស្សនៈ​មួយ​ចំនួន​ដែល​រង់ចាំ​មើល ឬ​រង់ចាំ​ទិញ​ពេល​បោះ​ឆ្នោត​ហើយ​អាច​នឹង​ខកចិត្ត ព្រោះ​ពេល​ណោះ តម្លៃ​អចលនទ្រព្យ និង​ដីធ្លី នឹង​ឡើង​បន្ត​ទៀត ។

បើ​តាម​របាយការណ៍​វាយតម្លៃ​របស់​ក្រុម ហ៊ុន ខ្មែរ​រៀល​អីុ​ស្ទេ​ត បានឱ្យ​ដឹង​ថា ដី​នៅ​តំបន់​សង្កាត់​បឹង​កេងកង​១ ក្នុង​ខណ្ឌចំការមន មាន​កន្លែង​ខ្លះ​មាន​តម្លៃ​រហូត​ដល់​៧​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ហើយ​ដី​ខ្លះ​មាន​តម្លៃ​ត្រឹមតែ​ជាង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ​។ ដោយឡែក តម្លៃ​ដែល​ទាប​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​គឺ​នៅ​ជាយក្រុង និង​តំបន់​ទើបនឹង​កាត់​បញ្ចូល​ក្នុង​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង តាម​របាយការណ៍​វាយតម្លៃ​របស់​ក្រុមហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេ​ត តំបន់​ខ្លះ​មាន​តម្លៃ​ត្រឹមតែ​៨០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រការ៉េ ។

គួរ​បញ្ជាក់​ថា តាម​ការ​វាយតម្លៃ​ពី​ភ្នាក់ងារ​អចលនទ្រព្យ​នានា​នៅ​កម្ពុជា តម្លៃ​ដីធ្លី​អាច​នឹង​ខុស​គ្នា ថ្វី​ត្បិត​នៅ​តែ​ជិត ឬ​ជាប់​គ្នា​ក៏​ដោយ ។ តម្លៃ​របស់​វា គឺ​អាស្រ័យ​ទៅ​នឹង​ទំហំ​ដី និង​ទីតាំង​នៅ​ជាប់​នឹង​ផ្លូវ ៕

ព័ត៌មាន​​សេដ្ឋកិច្ច

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ