រដ្ឋាភិបាល​មាន​ផែនការ​បង្កើន​ប្រសិទ្ធភាព​លើ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ


រាជធានី​ភ្នំពេញ ៖ ប័ណ្ណកម្មសិទ្ធិ គឺជា​កត្ដា​ចំ​បាច់​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ ។ ទោះបី​យ៉ាងណា អ្នកជំនាញ​ក្នុង​វិស័យ​នេះ​យល់​ឃើញ​ថា បច្ចុប្បន្ន ដំណើរការ​នៃ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ហាក់​មាន​ភាព​យឺតយ៉ាវ និង​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន ខណៈ​ដែល​រាជរដ្ឋាភិបាល​មាន​ផែនការ​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរការ​នេះ ។

យោង​តាម​របាយការណ៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ បាន​បង្ហាញ​ថា រាជរដ្ឋាភិបាល​មាន​ផែនការ​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​អចលនទ្រព្យ និង​សិក្សា​ពី​ថ្លៃ​ចំណាយ​នានា​។ ទន្ទឹម​នឹង​នេះ របាយការណ៍​ក៏​បង្ហាញ​ថា រាជរដ្ឋាភិបាល​ក៏​មាន​ផែនការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រភេទ​តូច​ៗ​លើ​អគារ​សហកម្មសិទ្ធិ និង​ការ​ចុះបញ្ជី​អចលនទ្រព្យ​នៅ​នាយកដ្ឋាន​ចុះបញ្ជី​អចលនទ្រព្យ​នានា​ផង​ដែរ ។

ការ​ដាក់​ចេញ​នូវ​ផែនការ​នេះ ក៏​មានការ​ស្វាគមន៍​ពី​អ្នកជំនាញ​អចលនទ្រព្យ​ដែល​កំពុង​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន​លើ​វិស័យ​នេះ ក៏​ដូច​ជា​សេដ្ឋវិទូ​កម្ពុជា​ផង​ដែរ ។

លោក វ៉ា វី​រៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ដំបូង​គេ​របស់​កម្ពុជា ដែល​ទើបត្រូវ​បាន​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Fortuna Investment បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១១ សីហា ថា ប្រសិនបើ​រាជរដ្ឋាភិបាល​អនុវត្ត​ផែនការ​នេះ ប្រាកដ​ណាស់ វា​មាន​ប្រយោជន៍​ទាំងអស់​គ្នា ។

លោក​ថ្លែង​ថា ៖ « កន្លង​មក ការ​ចេញ​ប័ណ្ណ​ដល់​ម្ចាស់​កម្មសិទ្ធិ ពិតជា​មានការ​យឺតយ៉ាវ និង​ហាក់ដូចជា​អត់​សូវ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន ។ កត្ដា​នេះ អាច​មក​ពី​កង្វះខាត​ធនធាន​ដូច​ជា ខ្វះ​អ្នកជំនាញ​វិជ្ជាជីវៈ ខ្វះ​ចំនួន​អ្នកធ្វើការ ឬ​ក៏​កង្វះខាត​ថវិកា​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ ហាក់ដូចជា​ខ្វះខាត » ។

លោក​បន្ដ​ថា ៖« ការ​ចេញ​ប័ណ្ណ​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ម្ចាស់​កម្មសិទ្ធិ​ទទួល​បាន​ឯកសារ​ត្រឹមត្រូវ ស្រប​តាម​ច្បាប់ និង​កាត់​បន្ថយ​ជម្លោះ​នៅ​តុលាការ ឬ​នៅ​ក្នុង​សង្គម និង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​នឹង​កើត​មាន ។ ចំពោះ​រាជរដ្ឋាភិបាល គឺ​អាច​គ្រប់គ្រង​បាន​ទៅ​លើ​ប្លង់ និង​ជា​ពិសេស គឺ​រដ្ឋ​ទទួល​បាន​ចំណូល​ពន្ធ​ច្រើន ព្រោះ​កន្លង​មក ការ​ប្រមូល​ពន្ធ និង​ពន្ធ​ប្រថាប់ត្រា ឬ​ពន្ធ​អចលនទ្រព្យ​ផ្សេង​ៗ​នៅ​មាន​កម្រិត​នៅឡើយ ប៉ុន្ដែ​ប្រសិនបើ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព អីចឹង ប្រសិទ្ធ​ភាព​នៃ​ការ​ប្រមូល​ពន្ធ​កាន់តែ​កើនឡើង​ថែម​ទៀត ។ ទន្ទឹម​នឹង​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​មាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​ថែម​មួយ​កម្រិត​ទៀត ហើយ​នៅ​ពេល​មាន​សកម្មភាព​វិនិយោគ​កាន់តែ​ច្រើន រាជរដ្ឋាភិបាល​នឹង​ទទួល​បាន​ចំណូល​ក៏​កាន់តែ​ច្រើន​ផង​ដែរ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ក៏​បាន​អបអរសាទរ​ចំពោះ​គោលនយោបាយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា ៖« បើ​ធ្វើ​អីចឹង​បាន​នោះ ជា​រឿង​ល្អ ។ ធម្មតា ពេល​យើង​មាន​ដី មានផ្ទះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​សម្រាប់​ពលរដ្ឋ ឬ​វិនិយោគិន​ក្នុងស្រុក ពេល​មាន​តម្រូវការ​ទុន​បង្វិល​នៅ​ក្នុង​អាជីវកម្ម គឺ​អាច​យក​ក្រដាស​ស្នាម​នេះ​ធ្វើ​ជា​របស់​បញ្ចាំ​ដាក់​នៅ​ធនាគារ​បាន » ៕

ព័ត៌មាន​​សេដ្ឋកិច្ច

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ