ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឹ​ម ចិ​ត្រា និង​គង់ សំបូរ ជួប​ថៃ​ថ្ងៃ​សុក្រ​នេះ​មួយ​ណា​សម្រេច​គោលដៅ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍ MyTV ថ្ងៃ​សុក្រ ទី​១១ សីហា នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ជា​ច្រើន​រូប​នឹងចូលខ្លួន​មក​សាក​វិជ្ជា​គុន​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​​កម្សាន្ត ក្នុង​នោះ​

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍ MyTV ថ្ងៃ​សុក្រ ទី​១១ សីហា នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ជា​ច្រើន​រូប​នឹងចូលខ្លួន​មក​សាក​វិជ្ជា​គុន​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​​កម្សាន្ត ក្នុង​នោះ​កីឡាករ​ដែល​គេ​ចាប់​អារម្មណ៍​ជាងគេ​ស្ថិត​ក្នុង​គូ​អន្តរជាតិ​ដែល​មាន​ចំនួន​២​គូ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ​។

គូ​អន្តរជាតិ​ទី​១ កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫ​ទ្ធិ្ធ ដែល​ធ្លាប់​ប្រកួត​បាន​ត្រឹម​២៧​ដង ឈ្នះ​១៦​ដង ចាញ់​១០​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៦​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​ថៃ​ឈ្មោះ អមតៈ ក​.​កា​មន្ត​វ៉ា​ត ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ថៃ​ដែល​ធ្លាប់​ប្រកួត​៥៣​ដង ឈ្នះ​២០​ដង ចាញ់​២២​ដង ស្មើ​១១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៣​ដង​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ គ្រាន់តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ជឹ​ម ចិ​ត្រា ប៉ុណ្ណោះ​។​ដោយ ​សារ​តែ​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ​ទើប ​គ្មាន​នរណា​ហ៊ាន​អះអាង​ពី​លទ្ធផល​ចុង​ក្រោយ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ គង់ សំបូរ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ធ្លាប់​ប្រកួត​បាន​៥៦​ដង ឈ្នះ​៤៣​ដង ចាញ់​១១​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កំផែង​សែន ស៊ី​តក ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ចំណែក​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​៧១​ដង ឈ្នះ​៥០​ដង ចាញ់​១៧​ដង ស្មើ​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ។ ចាំ​មើល​គង់ សំបូរ អាច​ស៊ូ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​បាន​ដល់​ទឹក​ទី​៥​ឬ​អត់ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ង៉ែ​ត្រ វុ​ធ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ និង​កីឡាករ ផាន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១២ សីហា កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ក៏​មានការ​ប្រកួត​ប្រដាល់​លក្ខណៈ​ម៉ា​រ៉ា​តុង​ដណ្ដើម​ប្រាក់​លាន​ចំនួន​២​គូ​ដែរ ។

សម្រាប់​ពូ​ល​កម្ពុជា​មាន​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពោធិ​សែន​ជ័យ និង​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ ឯ​ពូ​ល​ថៃ​វិញ​មាន​កីឡាករ កាំ​ឆៃ ប្រាន​យី​ប​ហុ​ក និង​កីឡាករ​អូស្ត្រាលី​ឈ្មោះ ចូ​ឌែ​ន ឡាំ​ណា ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ថៃ​និង​កីឡាករ​អូស្ត្រាលី​ទាំង​២​នាក់​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ។ ប៉ុន្តែ​សំអាង​ទៅ​លើ​បទ​ពិសោធ​ប្រកួត គេ​អាច​វាយតម្លៃ​បាន ថា កីឡាករ​បរទេស​ទាំង​២​រូប​នេះ​ពិតជា​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ជួប​​ការ​លំបាក​ខ្លាំង​មិន​ខាន ។

​ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​ដែល​ត្រូវ​បង្ហាញខ្លួន​មុន​ពេល​គូប្រកួត​ម៉ា​រ៉ា​តុង​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត​នោះ​គឺ​កីឡាករ អេ សា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង​ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ៕