ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ដាក់​ពាក្យបណ្ដឹង​ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​នៅ​ប៉ុស្ដិ៍​ប៉ូលិស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ZOOMER-X ១​គ្រឿង

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ZOOMER-X ១​គ្រឿង នា​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១០ សីហា នៅ​ក្នុងផ្ទះ​លេខ​១៦ ភូមិ​ព្រែ​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ម៉ូតូ​ដែល​ដកហូត​បាន​មក​វិញ​ម៉ាក​ZOOMER-X ពណ៌​ស បិទ​ស្កុ​ត​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ  1GC- 5359 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ងៀប ចាន់​ធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សិស្ស​ស្នាក់​នៅ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែក​ចោរ​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​ឈ្មោះ កង សាម​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ស្នាក់​នៅ​ក្រុង​តា​ខ្មៅ​មានស្រុក​កំណើត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​សេរីភាព ក្រុង​តា​ខ្មៅ ខេត្តកណ្តាល  និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ច បូ​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​តុ​ការ ស្នាក់​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។  រីឯ​ម្នាក់​ទៀត​ជា​បក្សពួក​ឈ្មោះ​នេ​ត បាន​រត់គេច​ខ្លួន​បាត់ ។

តាម​សម្តី​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពួក​គាត់​បានឮ​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា ឃើញ​ជន​២​នាក់ កំពុង​បណ្ដើរ​ម៉ូតូ​១​គ្រឿង​ចេញពី​ម្តុំ​រោងចក្រ តាក់​វ៉ា​ន់ គួរ​ឱ្យ​សង្ស័យ ក៏​នាំ​កម្លាំង​ចុះ​ទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ពីរ​នាក់​កំពុង​តែ​បណ្តើរ​ម៉ូតូ​១​គ្រឿង​មែន​ក៏​បាន​ឃាត់​ដើម្បី​សួរនាំ ។ ភ្លាម​នោះ​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​កម្លាំង​អន្តរាគមន៍​ដេញ​តាម​ចាប់​បាន​ទាំង​ពីរ​នាក់​រួម​ជាមួយ​ម៉ូតូ​១​គ្រឿង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ទើប​ដឹង​ថា ម៉ូត​១​គ្រឿង​នេះ​គឺ​ពួក​គេ​បាន​លួច​ពី​ម្តុំ​ផ្ទះ​លេខ​១៦ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ដោយ​មាន​គ្នា​៣​នាក់  ប៉ុន្តែ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។ 

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដែល​សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ ស្រាប់តែ​ម្ចាស់​ម៉ូតូ បាន​មក​ដាក់​ពាក្យបណ្តឹង ដែរ​ក៏​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន នៅ​ប៉ុស្តិ៍​នគរបាល​ធ្វើ​ឱ្យ​គាត់​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​សមត្ថកិច្ច​ចាប់​បាន​ទាំង​ចោរ​និង​រក​ឃើញ​ម៉ូតូ​គាត់​វិញ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត ៕