ខេត្តត្បូងឃ្មុំ ៖ «ភូមិនេសាទ» ស្ថិតនៅតំបន់ស្ពានមាត់ឃ្មង់ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំក្នុងរដូវទឹកទន្លេមេគង្គឡើងក្លាយទៅជាកន្លែងទេសចរណ៍ ដោយមានអ្នកទេសចរពីគ្រប់ទិសទីទៅលេងកម្សាន្ត ។ អ្នកទេសចរជិះអាចកង់ទឹកកម្សាន្ត ស្ទូចត្រី និងខ្លះទៀតនាំគ្នាទទួលទានអាហារនៅតាមកន្លែងលក់ដូរ ។ អ្នកទេសចរទៅលេងកម្សាន្តច្រើននៅថ្ងៃសៅរ៍ និងអាទិត្យ ។
ស្ត្រីអ្នកលក់ដូរម្នាក់ឈ្មោះវ៉ាត សំបូរ អាយុ៤៥ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ប្រាប់ឲ្យដឹងកាលពីពេល ថ្មីៗកន្លងថា ប្តីរបស់គាត់ដែលពិការជើងម្ខាងតែងតែចេញទៅរាយមងនៅតាមបឹងផ្នែកខាងលើត្រង់ស្ពានមាត់ឃ្មង់ ថ្ងៃខ្លះបានរហូតដល់ជិត១០គីឡូក្រាម ។ ត្រីទាំងនោះគាត់លក់បាន១គីឡូក្រាមតម្លៃជាង១ម៉ឺនរៀល ។ អ្នកដំណើរ និងអ្នកទេសចរតែងតែឈប់ម៉ូតូ និងរថយន្តចូលទិញត្រីយកទៅធ្វើម្ហូប ។
ក្រៅពីលក់ត្រីអ្នកស្រីវ៉ាត សំបូរ ជួយមើលការខុសប្អូនស្រីចៀនកំពឹស និងក្រួចលក់ ។ ក្នុង១សប្តាហ៍គាត់អាចរកចំណូលបានប្រមាណ៥០ម៉ឺនរៀល ។
ក្នុងរយៈពេល២ឆ្នាំមកហើយដែលទឹកទន្លេមិនឡើងលិចត្រង់ទីតាំងមាត់ឃ្មង់ ដូច្នេះអ្នកទេសចរជាតិ និងអន្តរជាតិ មិនបានទៅកម្សាន្តទេនៅថ្ងៃចុងសប្តាហ៍ ។ ទើបតែឆ្នាំ២០១៧នេះទឹកទន្លេឡើងលិចមានអ្នកទេសចរច្រើនទៅកម្សាន្ត ។ អ្នកនៅក្រុងកំពង់ចាម និងតាមបណ្តាស្រុក ផ្សេងៗទៀតទៅលេងជាហូរហែ ខ្លះជិះកង់ទឹកលេង និងទទួលទានអាហារនៅតាមតូបលក់ដូរ ។
អ្នកស្រីមុត ចាន់ថន អាយុ៦០ឆ្នាំ រស់នៅភូមិទួលវិហារ ឲ្យដឹងថា ចាប់តាំងពីពេលដែលស្ពានបេតុងមាត់ឃ្មង់បើកសម្ពោធឲ្យប្រើប្រាស់ មក គាត់លក់ដូរនៅក្បាលស្ពានមានផ្អកម៉ាំ១កំប៉ុងតូចតម្លៃ៤.០០០រៀល កំប៉ុងកណ្តាលតម្លៃ១ម៉ឺនរៀល និងកំប៉ុងធំ១៥.០០០រៀល ។ ចាប់តាំងពីលក់ជាង១០ឆ្នាំមកនេះ ក្នុង១ថ្ងៃ អាចរកចំណេញបានជាមធ្យម៣ម៉ឺនរៀល ។
លោកអឿន រិទ្ធិ ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា នៅក្នុងឆ្នាំ២០១៤ ស្ពានមាត់ឃ្មង់ក្លាយជាកន្លែងទេសចរណ៍ថ្មីក្នុងរដូវវស្សា ដោយដាក់ឈ្មោះថា«ភូមិនេសាទ» ។ មន្ទីរបានណែនាំដល់ក្រុមអាជីវករលក់ដូរ ត្រូវសំអាតអនាម័យ មិនត្រូវបោះសំរាមចោលទេ គឺត្រូវប្រមូលដាក់ធុង ។ អាជីវករលក់ដូរមួយចំនួនធំបានអនុវត្តតាម ។
សព្វថ្ងៃនេះអ្នកខ្លះនៅជិតស្ពានមាត់ឃ្មង់ ចាក់ដីពង្រីក និងត្រៀមសង់ប៉មសម្រាប់អ្នកទេសចរជាតិថតទេសភាពព្រះអាទិត្យ ៕
ចែករំលែកព័តមាននេះ