ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ប័​រ ស្រប​ពេល​តម្រូវការ​សកល​កើនឡើង

6 ឆ្នាំ មុន

ការ​កើនឡើង​នៃ​តម្រូវការ​សកល បាន​ធ្វើ​ឲ្យ​តម្លៃ​លក់ដុំ​របស់​ប័​រ​កើនឡើង​ជិត​ទ្វេ​ដង​ក្នុង​ទ្វីបអឺរ៉ុប ។ អតិថិជន​បាន​ចំណាយ​កាន់តែ​ច្រើន​ផង​ដែរ ។ យោង​តាម​ទិន្នន័យ​ពី Euromonitor ឲ្យ​ដឹង​ថា

ការ​កើនឡើង​នៃ​តម្រូវការ​សកល បាន​ធ្វើ​ឲ្យ​តម្លៃ​លក់ដុំ​របស់​ប័​រ​កើនឡើង​ជិត​ទ្វេ​ដង​ក្នុង​ទ្វីបអឺរ៉ុប ។ អតិថិជន​បាន​ចំណាយ​កាន់តែ​ច្រើន​ផង​ដែរ ។ យោង​តាម​ទិន្នន័យ​ពី Euromonitor ឲ្យ​ដឹង​ថា តម្លៃ​លក់រាយ​បាន​កើនឡើង​ជិត​២០% ក្នុង​ខែមិថុនា បើ​ធៀប​នឹង​ឆ្នាំ​មុន ។

សហព័ន្ធ Federation des Entrepreneurs de la Boulangerie តំណាង​ចុងភៅ​ធ្វើ​នំ​របស់​ប្រទេស​បារាំង និយាយ​ថា ស្ថានការណ៍​នេះ គឺជា​វិបត្តិ​ដ៏​ធំ​មួយ ។ ពួក​គេ​បាន​ព្រមាន​ពី​តម្លៃ​នំ croissant, tart និង brioche អាច​នឹង​កើនឡើង​ផង​ដែរ ។ ពួក​គេ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖« តម្លៃ​ប័​រ​មិន​ដែល​កើន​ដល់​កម្រិត​នេះ​ពី​មុន​មក​ទេ ។ កង្វះខាត​ប័​រ គឺជា​ការ​គំរាមកំហែង​មួយ​នៅ​ចុងឆ្នាំ​នេះ » ។

មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប័​រ​កើនឡើង​យ៉ាង​ខ្លាំង​ដូច្នេះ ដូច​ជា ការ​ប្រើប្រាស់​ប័​រ​កើនឡើង ព្រោះ​តម្រូវការ​ក្នុង​ប្រទេស​មួយ​ចំនួន​កើនឡើង ដូច​ជា​ចិន ហើយ​អតិថិជន​មួយ​ចំនួន​បាន​ត្រឡប់​មក​ទទួលទាន​ប័​រវិ​ញ បន្ទាប់​ពី​រក​ឃើញ​ថា វា​មិន​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង​ទេ ។ ជាមួយ​គ្នា​នេះ ផលិតកម្ម​ប័​រ​នៅ​អឺរ៉ុប​បែរជា​ធ្លាក់​ចុះ​ទៅ​វិញ ។

លោក Raphael Moreau អ្នកវិភាគ​ចំណីអាហារ​ក្នុង Euromonitor និយាយ​ថា អតិថិជន​ចាប់ផ្តើម​ប្រើប្រាស់​ផលិតផល​បែប​ធម្មជាតិ និង​មិន​បាន​ឆ្លងកាត់​ការ​កែ​ច្នៃ​ច្រើន ក្នុង​នោះ​មាន​ប័​រ​ជាដើម ។

ជាមួយ​គ្នា​នេះ តម្រូវការ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក្នុង​ប្រទេស​ចិន ក៏​កំពុង​កើនឡើង​ផង​ដែរ​។ ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​ព្យាករ​ថា ការ​នាំ​ចូល​ទឹកដោះគោ​ក្នុង​ប្រទេស​ចិន នឹង​កើនឡើង​ប្រមាណ​៣៨%​ក្នុងឆ្នាំនេះ ដែល​ភាគច្រើន​នាំ​មក​ពី​សហភាព​អឺរ៉ុប និង​នូ​វែ​ល​សេ​ឡង់​។ ក្រសួង​នេះ​ក៏​បាន​ព្យាករ​ថា ការ​ទទួលទាន​ប័​រ​ក្នុង​ពិភពលោក នឹង​កើនឡើង​៣%​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ។

ជាមួយ​គ្នា​នេះ ការ​សិក្សា​នា​ពេល​ថ្មី​ៗ​បង្ហាញ​ថា ការ​ទទួលទាន​ប័​រ​មិន​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព ដូចដែល​ធ្លាប់​បាន​គិត​ថា វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង​ឡើយ ។

លើស​ពី​នេះ កាលពី​ឆ្នាំ​២០១៤ ប្រទេស​រុ​ស្ស៊ី​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ចំណីអាហារ​នាំ​មក​ពី​អឺរ៉ុប ដើម្បី​សងសឹក​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន ព្រោះតែ​បញ្ហា​ប្រទេស​អ៊ុយ​ក្រែ​ន ។ រុ​ស្ស៊ី​បាន​នាំ​ចូល​ប័​រ​២៤%​ពី​សហភាព​អឺរ៉ុប ។ ការ​ដាក់​ទណ្ឌកម្ម​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ទឹកដោះគោ​នៅ​សហភាព​អឺរ៉ុប​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាង​ទឹកបរិសុទ្ធ​ទៅ​ទៀត ។

ហេតុនេះ កសិករ​ជា​ច្រើន​បាន​ក្ស័យ​ធុន ដោយ​មាន​កសិដ្ឋាន​ប្រមាណ​១​ពាន់​កន្លែង​នៅ​ចក្រភព​អង់គ្លេស​បញ្ឈប់​ផលិតកម្ម ៕