ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​កសិករ​ឱ្យ​ដាំដំឡូង​បារាំង ខណៈ​កម្ពុជា​នាំ​ចូល​ជាង​5​ពាន់តោន​

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ដល់​ប្រជា​កសិករ​ទាំងអស់ ជា​ពិសេស ប្រជា​កសិករ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូងបារាំង​បន្ថែម​ទៀត ជៀស

ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ដល់​ប្រជា​កសិករ​ទាំងអស់ ជា​ពិសេស ប្រជា​កសិករ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូងបារាំង​បន្ថែម​ទៀត ជៀសវាង​ការ​នាំ​ចូល​ពី​បរទេស ។

លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​ថ្លែង​បែប​នេះ​កាលពី​ថ្ងៃ​ទី​៨ សីហា ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ចម្ការ​បង្ហាញ​ពី​ផលិតកម្ម​ដំណាំ​ដំឡូងបារាំង នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បន្ដ​ថា ៖« ការ​ប្រារព្ធ​ទិវា​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​បងប្អូន​កសិករ​យើង​បានឃើញ និង​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បច្ចេកទេស​ដាំ​ដុះ​ដំ​ទ្បូ​ង​បារាំង សម្រាប់​យក​ទៅ​ពិចារណា​ពង្រីក​ផលិតកម្ម​របស់​ខ្លួន ។ ម្យ៉ាងទៀត កម្ពុជា​បាន​នាំ​ចូល​ដំឡូងបារាំង​ជាង​៥​ពាន់​តោន​ក្នុង​១​ឆ្នាំ​ៗ » ។

ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​នាំ​ចូល​ទាំងស្រុង រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំ​ទ្បូ​ង​បារាំង របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ត្រូវ​ខិតខំ​សិក្សា​ពិសោធន៍​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​នូវ​ពូជ​ដំ​ទ្បូ​ង​បារាំង​មាន​លក្ខណៈ​សម​ស្រប​បំផុត​សម្រាប់​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​យើង ដែល​វា​ផ្តល់​នូវ​ទិន្នផល​ខ្ពស់ គុណភាព​ល្អ រសជាតិ​ឆ្ងាញ់ ហើយ​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ ។

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​នានា ដែល​មាន​សក្តានុពល​ធនធាន​ដី​សម​ស្រប​ដើម្បី​បញ្ចូល​បច្ចេកទេស​ផលិតកម្ម​ដំណាំ​ដំ​ទ្បូ​ង​បារាំង​នេះ ត្រូវ​បន្ត​ពង្រីក​ការ​សិក្សា​ស្រាវជ្រាវ ថែរក្សា​ការ​ស្តុក​ទុក​ដំ​ទ្បូ​ង​បារាំង​ក្រោយ​ពេល​ប្រមូល​ផល​សម្រាប់​បម្រើ​ទីផ្សារ​នៅ​រដូវ​ខ្វះខាត​។

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​ដុះ​ដល់​កសិករ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រមទាំង​រក​គ្រប់​មធ្យោបាយ​ជួយ​ដល់​កសិករ ដើម្បី​ដោះស្រាយ​រាល់​ហានិភ័យ​ទាំង​ទ្បា​យ​ដែល​ពួក​គាត់​ជួប​ប្រទះ ។

ជាង​នេះ​ទៀត រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ណែនាំ​ដល់​បងប្អូន​កសិករ​ទាំងអស់​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ក្តាប់​ឱកាស​ទីផ្សារ​កសិកម្ម​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ជា​ពិសេស គួរ​ជំរុញ​ការ​ដាំ​ដុះ​មុខ​ដំណាំ​ណា​ដែល​បាន​តម្លៃ​ថ្លៃ ឬ​ដំណាំ​នាំ​ចូល​ជាដើម ។ ម្យ៉ាងទៀត ក៏​ត្រូវ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នកបញ្ជា​ទិញ ឬ​អ្នក​កែ​ច្នៃ ចៀសវាង​ការ​ផលិត​បាន​ហើយ​គ្មាន​ទីផ្សារ ឬ​ច្រើន​លើស​ពី​សេចក្តី​ត្រូវការ​ទៅ​វិញ ។

លោក ជាង ហុង ព្រឹទ្ធបុរស​មហាវិទ្យាល័យ​កសិកម្ម តំណាង​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​បញ្ជាក់​ថា គម្រោង​នេះ​មាន​រយៈពេល​៣​ឆ្នាំ ដោយ​កំណត់​លើ​គោលការណ៍​៣ គឺ ៖

១-​សិក្សា​ស្រាវជ្រាវ​ពូជ​ក្នុងស្រុក ។
២-​សិក្សា​ស្រាវជ្រាវ​ពូជ​នាំ​ចូល​ដែល​ផ្សាំ និង​ក្សេត្រ​បរិស្ថាន​នៃ​ខេត្ត​នេះ ។
៣-​ផ្សព្វផ្សាយ និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ដាំដំឡូង​បារាំង ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល ៕