ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​គំរាម​បា.ញ់​មី​ស៊ី​ល​​ចាប់ពី​ពាក់កណ្តាល​ខែនេះ ខណៈ​អា​មេ​រិ​ក…

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ថា ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ពី​ចេតនា​អនុវត្ត​ផែនការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំង​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ថា ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ពី​ចេតនា​អនុវត្ត​ផែនការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំង​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​កោះ​ហ្គា​ម ចាប់ពី​ពាក់កណ្តាល​ខែសីហា​នេះ​ទៅ ។

KCNA ដែល​ដកស្រង់​របាយការណ៍​របស់​ឧត្តមសេនីយ៍ KIM RAK GYOM មេបញ្ជាការ​កងកម្លាំង​យុទ្ធសាស្ត្រ​របស់​ប្រទេស​រាយការណ៍​នា​ថ្ងៃ​ទី​៩ សីហា ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​អនុវត្ត​ផែនការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ​រយៈ​មធ្យម ឬ​រយៈ​ឆ្ងាយ HWASONG-12 ប្រឆាំង​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក ស្ថិត​នៅ​លើ​កោះ​ហ្គា​ម​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ចាប់ពី​ពាក់កណ្តាល​ខែសីហា​នេះ​ទៅ រួច​ផែនការ​នេះ​នឹង​ដាក់​ជូន​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​លោក​គី​ម ជុង​អ៊ុ​ន ។

ឧត្តមសេនីយ៍​រូប​នេះ​គូសបញ្ជាក់​ថា បណ្តា​មី​ស៊ី​ល HWASONG-12 ដែល​បាញ់​ចេញ ដោយ​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េ​ខាងជើង នឹង​ហោះហើរ​កាត់​ពីលើ​ទីក្រុង​ស៊ី​ម៉ា​ន ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ក្រុង​កូ​អីុ​ជី របស់​ជប៉ុន ។ មី​ស៊ី​ល​នឹង​ហោះ​ក្នុង​ចម្ងាយ​៣៣៥៦,៧​គីឡូម៉ែត្រ រយៈពេល​១.០៦៥​វិនាទី គឺ​ប្រមាណ​១៨​នាទី ហើយនឹង​ធ្លាក់​ក្នុង​មហាសមុទ្រ​ចម្ងាយ​​ត្រឹម​៣០ ឬ​៤០​គីឡូម៉ែត្រ​ប៉ុណ្ណោះ គឺ​កោះ​ហ្គា​ម ។

អាជ្ញាធរ​យោធា​កូរ៉េ​ខាងជើង​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១០ សីហា ថា ខ្លួន​កំពុង​ពិនិត្យ​សម្រាប់​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​៤​គ្រាប់ ទៅ​កាន់​ជុំវិញ​កោះ​ហ្គា​ម ។ មេបញ្ជាការ​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េ​ខាងជើង​និយាយ​ថា កងកម្លាំង​យុទ្ធសាស្ត្រ​គ្រោង​បាញ់​មី​ស៊ី​ល បាលី​ស្ទិ​ក​រយៈ​មធ្យម​៤​គ្រាប់​ដំណាល​ៗ​គ្នា​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​ប្រឆាំង​មូលដ្ឋាន​យោធា​សំខាន់​ៗ​របស់​អាមេ​រិ​ក​នៅ​កោះ​ហ្គា​ម ដើម្បី​បញ្ជូន​សារ​ព្រមាន​របស់​យើង​ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក ។

ការ​ប្រកាស​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​គំរាមកំហែង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​កូរ៉េ​ខាងជើង និង​សហរដ្ឋ​អា​មេ​រិ​ក ។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ សន្យា​កាលពី​ថ្ងៃ​ទី​៨ សីហា ថា «​ភ្លើង និង​កំហឹង​» នឹង​ជះ​លើ​កូរ៉េ​ខាងជើង ប្រសិនបើ​ខ្លួន​គំរាមកំហែង​ជា​ថ្មី​ដល់​ប្រទេស​លោក ។ នា​ថ្ងៃ​ដដែល​នេះ​ដែរ ទីភ្នាក់ងារ​ព័ត៌​មាន​កូរ៉េ​ខាងជើង KCNA បាន​ដកស្រង់​សេចក្តី​ប្រកាស​របស់​កងកម្លាំង​យុទ្ធសាស្ត្រ​របស់​ប្រទេស​ថា ក្រុង​ព្យុ​ង​យ៉ាង​សិក្សា​ពី​លទ្ធភាព​វាយប្រហារ​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​កោះ​ហ្គា​ម​ចម្ងាយ​៤.០០០​គីឡូម៉ែត្រ ពី​ក្រុង​ព្យុ​ង​យ៉ាង​តាម​រយៈ​មី​ស៊ី​ល​យុទ្ធសាស្ត្រ HWASONG-12 ។

ចំណែក​ទូរទស្សន៍​អា​មេ​រិ​ក NBC បាន​ដកស្រង់​ប្រភព​ព័ត៌មាន​យោធា​ដែល​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ក៏​បាន​រៀបចំ​ដែរ ផែនការ​វាយប្រហារ​ប្រឆាំង​បណ្តា​ទីតាំង​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង រួច​ផែនការ​នេះ​នឹង​អនុវត្ត​ប្រសិនបើ​ប្រធានាធិបតី​លោក​ត្រាំ ចុះហត្ថលេខា​លើ​ក្រិ​ត្យ​សម​ស្រប​មួយ ។ យោង​តាម NBC ថា ការ​វាយប្រហារ​ដោយ​បណ្តា​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-1B LANCER មាន​មូលដ្ឋាន​នៅ​កោះ​ហ្គា​ម​អាច​សំដៅលើ​ទីតាំង​បាញ់​មី​ស៊ី​ល និង​រក្សា​ទុក​មី​ស៊ី​ល​កូរ៉េ​ខាងជើង​២០​កន្លែង ។

នៅ​កោះ​ហ្គា​ម​មាន​មូលដ្ឋាន អាកាសចរណ៍​អា​មេ​រិ​ក ANDERSON ដែល​បណ្តា​យន្តហោះ​យុទ្ធសាស្ត្រ B-1B ចុះ​សំចត​ចាក់​ប្រេង​ពេល​ហោះហើរ​មក​កាន់​កូរ៉េ​ខាងត្បូង ព្រម​ទាំង​មូលដ្ឋាន​នាវាចរណ៍ APRA HARBOR ។

អា​មេ​រិ​ក​ព្រមាន​លោក​គី​ម ជុង​អ៊ុ​ន ពី លទ្ធភាព​បញ្ចប់​របប​លោក​សហរដ្ឋ​អា​មេ​រិ​កបាន​ព្រមាន​កូរ៉េ​ខាងជើង​ថា ការ​បន្ត​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ អាច​នាំ​ទៅ​ដល់​ការ​បញ្ចប់​នៃ​របប​លោក​គី​ម ជុង​អ៊ុ​ន ដែល​ការ​គំរាម​នេះ​ធ្វើ​ឡើង ខណៈ​លោក​ត្រាំ បន្ត​វោហា​សាស្ត្រ​ដោយ​លើក​ពី​កម្លាំង​នុយក្លេអ៊ែរ​ដ៏​លើសលុប​របស់​អា​មេ​រិ​ក ។

ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក JIM MATTIS អំពាវនាវ​ដល់​ក្រុង​ព្យុ​ង​យ៉ាង​បញ្ឈប់​ការ​រត់ប្រណាំង​អាវុធ​នុយក្លេអ៊ែរ ដោយ​ព្រមាន​ពី​ការ​សម្រេចចិត្ត​នានា​ដែល​នឹង​នាំ​ទៅ​ដល់​ការ​បញ្ចប់​របប​លោក​គី​ម ជុង​អ៊ុ​ន និង​ការ​កម្ទេច​ប្រជាជន​លោក ។

ដោយ​គូសបញ្ជាក់​ពី​ភាព​ឯកោ​កាន់តែ​ខ្លាំង​របស់​ក្រុង​ព្យុ​ង​យ៉ាង​អតីត​ឧត្តមនាវី​កង​ម៉ា​រី​នរូ​ប​នេះ​អះអាង​ថា បណ្តា​សកម្មភាព​របស់​របប​កូរ៉េ​ខាងជើង រាល់​លើក​លើស​ពី​សកម្ម​ភាព​នានា​របស់​យើង ហើយ​របប​នេះ​នឹង​បាត់បង់​រាល់​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ ឬ​ជម្លោះ​ដែល​ខ្លួន​បង្ក​ឡើង ។

លើ​ឆាក​អន្តរជាតិ ប្រទេស​ជា​ច្រើន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ប្រឈម​មុខ​នឹង​វោហា​សាស្ត្រ​សង្គ្រាម​ប្រកាន់​យក​ដោយ​ប្រមុខ​សេត​វិមាន ។ ប្រទេស​អា​ល្លឺ​ម៉​ង់​អំពាវនាវ​ដល់​បណ្តា​ភាគី​ឱ្យ​មានការ​អត់ធ្មត់ ។ ចំណែក​ចិន​ស្នើ​ឱ្យ​ចៀសវាង​បណ្តា​ពាក្យពេចន៍ និង​សកម្មភាព​ដែល​អាច​បង្កើន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ប្រធានាធិបតី​អា​មេ​រិ​កតាម TWITTER បាន​ព្រមាន​ថា អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក ធានា​ថា ខ្លាំង និង​មាន​អនុភាព​បំផុត​ជាង​ពេល​ណា​ៗ​ទាំងអស់ ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ថ្លែង​ពី​កោះ​ហ្គា​ម​អា​មេ​រិ​កថា ចំពោះ​ភ្នែក​របស់​លោក​ពុំ​មើលឃើញ​ការ​គំរាមកំហែង​បន្ទាន់​ណាមួយ​ឡើយ ។ ក្រោយ​ការ​គំរាម​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង លោក​ថា ពលរដ្ឋ​អា​មេ​រិ​ក​ដេក​លក់​ស្រួល ហើយ​គ្មាន​ការ​បារម្ភ​ចំពោះ​បណ្តា​វោហា​សាស្ត្រ ផ្លោង​ដាក់​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ឡើយ ។

កោះ​ហ្គា​ម​ជា​កោះធំ​ដាច់​ស្រយាល​មួយ​មាន​ទំហំ​ប្រមាណ​ជា​៥៥០​គីឡូម៉ែត្រ​ក្រឡាជា​ប៉ុស្តិ៍​ជួរ​មុខ​គន្លឹះ​របស់​កងទ័ព​អា​មេ​រិ​កតាម​ផ្លូវ​មក​កាន់​អាស៊ី ។

លើ​កោះ​នេះ​ដាក់​ពង្រាយ​ទាហាន​ប្រមាណ​ជា​៦.០០០​នាក់ រួច​លើ​កោះ​នេះ​មាន​មូលដ្ឋាន​អាកាសចរណ៍​ធំ​មួយ ដែល​អាច​ទទួល​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ធ្ងន់​អា​មេ​រិ​ក B-52, B-2 និង B=1៕