ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​កើនឡើង ខណៈ​ពលរដ្ឋ​យល់​ដឹង​ជាង​មុន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​លំនៅ​ឋាន ភោជនីយដ្ឋាន និង​ទីកន្លែង​សាធារណៈ បាន​និង​កំពុង​កើនឡើង ដោយសារ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ជាង​មុន និង​

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​លំនៅ​ឋាន ភោជនីយដ្ឋាន និង​ទីកន្លែង​សាធារណៈ បាន​និង​កំពុង​កើនឡើង ដោយសារ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ជាង​មុន និង​ជីវភាព​ពួក​គាត់​ក៏​កាន់តែ​ធូរធារ ។

លោក ហេង សេង​លី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ភោជនីយដ្ឋាន​ផាក​កាហ្វេ បាន​និយាយ​នា​រសៀល​ថ្ងៃ​ទី​៩ សីហា ថា គ្រប់​ភោជនីយដ្ឋាន​របស់​លោក សុទ្ធតែ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​តាមដាន​ការងារ​របស់​បុគ្គលិក ក៏​ដូច​ជា​ធ្វើ​ឲ្យ​បរិស្ថាន​ការងារ​មាន​តម្លាភាព ជា​ពិសេស បង្ការ​ការ​បាត់បង់​សម្ភារ ឬ​លុយកាក់​របស់​ភ្ញៀវ​មក​ទទួលទាន​នៅ​ភោជនីយដ្ឋាន ។

លោក​បន្ត​ថា កន្លង​មក មាន​ករណី​ភ្ញៀវ​២​នាក់ ដែល​ម្នាក់​មក​ជាមួយ​មិត្តភក្ដិ ពេល​ចូល​បន្ទប់ទឹក​ចេញ​មក​វិញ ក៏​បាន​ស្រែ​កថា​បាត់​លុយ ប៉ុន្តែ​ពេល​ឆែក​កាមេរ៉ា​រក​ឃើញ​ថា មិត្តភក្តិ​មក​ជាមួយ​គាត់ ជា​អ្នក​លួច​លុយ​នោះ និង​ករណី​មួយទៀត ភ្ញៀវ​ម្នាក់​បាន​ស្រែក​បាត់​លុយ តែ​ពេល​ឆែក​កាមេរ៉ា មិន​បាន​រក​ឃើញ​កាបូប​លុយ​គាត់​កាន់​មក​ទេ ព្រោះ​គាត់​បាន​រក​ឃើញ​កាបូប​លុយ​គាត់ ធ្លាក់​ទៅ​ក្រោម​កៅអី​រថយន្ត​របស់​គាត់​ទៅ​វិញ ។

លោក​ថា ៖« អ្វី​ដែល​សំខាន់ យើង​អប់រំ​បុគ្គលិក​របស់​យើង​ឲ្យ​បាន​ល្អ ដោយ​ពួក​គេ​មិន​អាច​ប៉ះពាល់​របស់របរ​ភ្ញៀវ​បាន​ទេ ព្រោះ​យើង​ចង់​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​របស់​យើង » ។ លោក​បន្ត​ថា ៖« មិន​ត្រឹមតែ​នៅ​ភោជនីយដ្ឋាន​ទេ នៅផ្ទះ​របស់ខ្ញុំ ក៏​បាន​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ ដើម្បី​ចង់​ដឹង​ពី​អ្នក​ណាខ្លះ​ចេញចូល​មុខ​ផ្ទះ​របស់​យើង ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​វិធានការ ការពារ​ប្រសើរ​ជាង​ព្យាបាល » ។

លោក​បាន​កត់​សម្គាល់ថា បច្ចុប្បន្ន មិន​ត្រឹមតែ​តាម​លំនៅ​ឋាន ឬ​កន្លែងធ្វើការ​ទេ សូ​ម្បី​តែ​នៅ​តាម​បណ្តោយ​ផ្លូវ ឬ​ទី​សាធារណៈ​មួយ​ចំនួន ក៏​មានការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែរ ។

ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ប្រកាស​បង្កើត​មណ្ឌល​ប្រចាំ​បញ្ជា​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​មើល​បញ្ហា​ចរាចរណ៍ អគ្គិភ័យ និង​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង​ផង​ដែរ តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​ជាង​១​ពាន់​កន្លែង​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​របស់​ប្រជាពលរដ្ឋ ។

លោក ជីវ ខេ​ង​ម៉េ​ង អ្នក​ចែកចាយ​កាមេរ៉ា​សុវត្ថិភាព​បោះ​ដុំ តាម​រយៈ​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​និយាយ​ថា ការ​ប្រើប្រាស់​កាមេរ៉ា​កាន់តែ​កើន​ឡើង​នៅ​កម្ពុជា ដោយសារ​កា​រត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដល់ទី​ជនបទ​កាន់តែ​ទូលំទូលាយ ព្រោះ​បច្ចុប្បន្ន មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទេ សូ​ម្បី​តែ​នៅ​តាម​បណ្តា​ខេត្ត ក៏​បាន​ប្រើប្រាស់​ដែរ ។

លោក​បន្ត​ថា តម្លៃ​កាមេរ៉ា​សុវត្ថិភាព​បច្ចុប្បន្ន​កាន់តែ​ទាប ដោយសារ​មាន​ផលិតផល​ជា​ច្រើន​បាន​នាំ​ចូល ដែល​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​កើនឡើង ។ លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​លំនៅ​ឋាន​មួយ​មាន​តម្លៃ​ជាង​២៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​កាមេរ៉ា​៤​គ្រាប់ តែ​ជា​តម្លៃ​មិន​ទាន់​គិត​ពី​សេវាកម្ម​បំពាក់ » ។

លោក ជីវ ខេ​ង​ម៉េ​ង បាន​ពន្យល់​ថា ៖«​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព អាច​ជួយ​ឲ្យ​យើង​លែង​ព្រួយបារម្ភ​ពេល​ចេញ​ក្រៅ​ផ្ទះ ឬ​ទៅ​ក្រៅប្រទេស ព្រោះ​យើង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​បាន ដែល​អាច​ឲ្យ​យើង​ឆែក​មើល​សកម្មភាព​នានា​បាន​គ្រប់ពេលវេលា ឲ្យ​តែ​ទូរស័ព្ទ​មាន​ភ្ជាប់​អីុន​ធើ​រ​ណេ​ត » ៕