ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សាច់​រអិល​ពេក ចាប់​ចេះ​តែ​របូត​…​អ្នក​ចាប់ចង់​ភ័យ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​ទូក​បូម​ខ្សាច់​ធំ​ៗ​ជា​ច្រើន​គ្រឿង​បាន​ចេញ​បូម​ខ្សាច់​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ដង​ទន្លេមេគង្គ

ខេត្តព្រៃវែង ៖ ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​ទូក​បូម​ខ្សាច់​ធំ​ៗ​ជា​ច្រើន​គ្រឿង​បាន​ចេញ​បូម​ខ្សាច់​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ដង​ទន្លេមេគង្គ ក្នុងស្រុក​ពាមរ​ក៌ និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង តែ​ក្នុង​ចំណោម​ទូក​បូម​ខ្សាច់​ទាំងនោះ មាន​ទូក​ខ្លះ​បាន​ធ្វើ​សកម្មភាព​បូម​ល្មើស និង​ច្បាប់​ស្តី​ពី​រ៉ែ និង​ថាមពល ដោយ​លួច​បូម​នៅ​ពេល​យប់ និង​បូម​ពេល​ថ្ងៃ​ដោយ​មិន​បោះ​ពោង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​គេ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន ។

ដោយ​មើលឃើញ​ថា ក្រុម​ឈ្មួញ​បូម​ខ្សាច់​ដោយ​មិន​គោរព​ទៅ​តាម​ច្បាប់​នោះ​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ពាមរ​ក៌​បាន​បញ្ជា​ឱ្យ​កំលាំង​សមត្ថកិច្ច​ស្រុក ចេញ​ទប់ស្កាត់ និង​បង្ក្រាប​ចំនួន​២​លើក​បន្តបន្ទាប់​គ្នា ប៉ុន្តែ​សកម្មភាព​នោះ​មិន​ទទួល​បាន​លទ្ធផល​ដោយសារ​តែ​មាន​អ្នក​ជួយ​អន្តរា​គម​ពី​ខាងលើ ។

ប្រភព​ពី​មន្ត្រី​សាលាស្រុក​ពាមរ​ក៌​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​អភិបាលស្រុក​ចាប់​ទូក​ទាំង​២​គ្រឿង​នោះ​បាន​តែ​មួយ​យប់​ប៉ុណ្ណោះ​ក៏​មាន​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ ឡេ​ង ហួ ចេញ​មុខ​អន្តរា​គម​ដោយ​បាន​ទៅ​ជួប​លោក ជា សុ​មេធី អភិបាលខេត្ត​តែ​មួយសន្ទុះ​ប៉ុណ្ណោះ លោក​អភិបាលខេត្ត​ក៏​បញ្ជា​ឱ្យ​លោក​អភិបាលស្រុក​ដោះ​លែង​ទូក​ទាំង​២​នោះ​វិញ ហើយ​លោក​ឧកញ៉ា​ម្នាក់​នោះ​ក៏​បាន​បោះ​សំដី​ថា សុខចិត្ត​ចំណាយ​លុយ​១០​ម៉ឺន​ដុល្លារ​ដើម្បី​ដក​លោក​អភិបាលស្រុក​ពាមរ​ក៌​ចេញពី​ដំណែង​ទៀត​ផង ដែល​សំដី​អាក្រក់​នេះ​ដូច​ជា​មិន​គួរ​ឱ្យ​ជឿ​ទេ ។

អ្វី​ដែល​គួរ​ឱ្យ​កត់សំគាល់​នោះ គឺ​មក​ដល់​ពេល​នេះ​ទូក​បូម​ខ្សាច់​របស់​ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ពី​ក្នុង​ទន្លេ ដោយ​មិន​បាន​បោះ​ពោង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ហើយ​ការ​បូម​នោះ​ម្តង​គេ​ទៅ​បូម​កន្លែង​នេះ ម្តង​គេ​ទៅ​បូម​កន្លែង​នោះ​តាមតែ​ទំនើងចិត្ត​របស់​គេ ដល់​ពេល​សមត្ថកិច្ច​ចុះ​ទៅ​សួរ​គេ​ថា គេ​បូម​ក្នុង​ឡូ​ខ្សាច់​របស់​លោក​ឧកញ៉ា ដែល​មាន​អាជ្ញា​ប​ណ្ណ័​ស្របច្បាប់​ពី​ក្រសួង ។ ចំណែក​មូលហេតុ​ដែល​គេ​មិន​បោះ​ពោង គឺ​ដោយសារ​តែ​ក្រុម​អ្នកនេសាទ​ត្រី ចេះ​តែ​ទៅ​កាត់​ផ្តាច់​ពោង​របស់​គេ​ចោល​ព្រោះ​ទាក់​កាត់​ផ្លូវ​ទូក​របស់​ពួក​គាត់ ធ្វើ​ឱ្យ​ក្រុមហ៊ុន​បោះ​ពោង​មិន​ឈ្នះ ក៏​លែង​បោះ​ពោង​ទៅ ។ ប៉ុន្តែ​ច្បាប់​ស្តី​ពី​រ៉ែ និង​ថាមពល​បាន​កំណត់​ច្បាស់​ណាស់ គ្រប់​ឡូ​ខ្សាច់​ទាំងអស់​នៅ​ក្នុង​ទន្លេ ត្រូវ​តែ​បោះ​ពោង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ ជៀសវាង​ការ​ចេញ​បូម​ខុស​ទីតាំង​ស្រេច​តែ​អំពើ​ចិត្ត ។

ជុំវិញ​បញ្ហា​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង​បាន​នោះ​ទេ ដោយសារ​ទូរ​សព្ទ័​របស់​លោក​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល ។ គេ​នៅ​ចាំ​បាន​ថា កន្លង​មក​លោក ជា កក្កដា ធ្លាប់​បាន​និយាយ​ដោយ​ផ្ទាល់មាត់​ថា លោក​លែង​ហ៊ាន​លើក​ទូរ​សព្ទ័​អ្នកកាសែត​ហើយ ព្រោះ​លើក​ពេល​ណា​ក៏​មាន​តែ​រឿង​ធ្វើ​ឱ្យ​ឈឺក្បាល មិន​ដែល​មានរឿង​ល្អ​នោះ​ទេ ៕