ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ត់ ចំរើន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោម​កណ្តាប់ដៃ NOCC…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​រិះគន់​ថា ប្រព័ន្ធ​ឃោសនា​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ហាក់​ខ្វះ​សមត្ថភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡា​នៅ​គ្រប់​សហព័ន្ធ​ក្រោម​ឱវាទ​របស់

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​រិះគន់​ថា ប្រព័ន្ធ​ឃោសនា​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ហាក់​ខ្វះ​សមត្ថភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡា​នៅ​គ្រប់​សហព័ន្ធ​ក្រោម​ឱវាទ​របស់​ខ្លួន​ក៏​មន្ត្រីជាន់ខ្ពស់​របស់​ស្ថាប័ន​មួយ​នេះ​បាន​អះអាង​ថា អង្គភាព​NOCC​មាន​ក្រុម​ផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡា​របស់​ខ្លួន​គ្រប់គ្រាន់ ។ ក្នុង​នោះ​មន្ត្រី​ដដែល​ក៏​បាន​ប្រកាស​ថា នឹង​ពង្រឹង​ក្រុមការងារ​ផ្សព្វផ្សាយ​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​ពឹង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ខាងក្រៅ​នាំ​តែ​លំបាក​នោះ​ផង ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា នៅ​ក្នុង​ស្ថាប័ន​របស់​លោក​គ្រប់គ្រង​រាល់ថ្ងៃ គឺ​មាន​អង្គភាព​ព័ត៌មាន​របស់​ខ្លួន​ច្បាស់​លាស់​​មិន​ចាញ់​ស្ថាប័ន​ព័ត៌មាន​អាជីព​នោះ​ទេ ដោយ​ក្រុមការងារ​ដែល​បាន​បង្កើត​ឡើង គឺ​មាន​ទាំង​ក្រុម​អ្នក​ថតរូប និង​ក្រុម​អ្នក​សរសេរ​ព័ត៌មាន​យ៉ាង​ល្អ​នោះ​ផង ។ ក្រុម​ទាំង​នោះ​មួយ​ចំនួន​ត្រូវ​បាន​ជ្រើស​ចេញពី​អ្នក​យក​ព័ត៌មាន​អាជីព​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ និង​មួយ​ចំនួន​ជ្រើស​ចេញពី​អ្នកមាន​ជំនាញ​ថ្មី ហើយ​យក​មក​បណ្ដុះបណ្ដាល​បន្ថែម ។ លោក​ថា NOCC មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ធំ​ៗ​ចំនួន​២ គឺ​មាន​ផេ​ក​របស់​NOCC និង​វេ​ប​សាយ​របស់​NOCC ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​២​មាន​តួនាទី​បង្ហោះ និង​សរសេរ​ពី​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក និង​សហព័ន្ធ​ទាំងឡាយ​ដែល​មាន​សកម្មភាព​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​សាធារណជន ។ ស្ថានភាព​សព្វថ្ងៃ​លោក​ថា​ក្រុម​ផលិត​ព័ត៌មាន​របស់​ខ្លួន​មាន​បរិមាណ​គ្រប់គ្រាន់ បើ​ទោះជា​មាន​អ្នកខ្លះ​យល់​ថា ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ផេ​ក និង​វេ​ប​សាយ​របស់ NOCC ដែល​លោក​បាន​បញ្ជាក់​មិន​ត្រូវ​បាន​គេ​ឃើញ ។ លោក​ថា បើ​ទោះជា​មិន​មានការ​ផ្សព្វផ្សាយ​ពី​សំណាក់​អ្នក​សារព័ត៌មាន​អាជីព​នៅ​តាម​បណ្ដា​ស្ថាប័ន​ផ្សេង​ៗ ក៏​ផេ​ក និង​វេ​ប​សាយ​ដែល​បាន​ដំណើរការ​នៅ​តែ​ផលិត​ព័ត៌មាន​ពី​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ទាំងមូល​បាន​គ្រប់គ្រាន់ ។

យ៉ាងណា​ក៏​ដោយ​លោក​ថា ពឹង​លើ​ព័ត៌មាន​របស់​លោក​តែ​មួយ​ផ្នែក គឺ​មិន​អាច​សុសសាយ​បាន​ទេ ទើប​NOCC​ត្រូវ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ស្ថាប័ន​ព័ត៌មាន​ធំ​ៗ​ផ្សេង​ទៀត​មិន​អាច​កាត់​ផ្ដាច់​គ្នា​បាន ។ លោក​បាន​ហៅ​ផេ​ក និង​វេ​ប​សាយ​របស់​NOCC​ថា​ជា​ប្រភព​ផ្ដល់​ទិន្នន័យ​ទាន់​ហេតុការណ៍ ដោយ​មាន​ទាំង​រូបថត​បង្ហាញ​ពី​សកម្មភាព​ផង ដើម្បី​ឱ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​នានា​ងាយស្រួល​ក្នុង​ការ​ស្រង់​ព័ត៌មាន​យក​ទៅ​សរសេរ​បន្ត ។ លោក​និយាយ​ថា​៖«​រាល់ថ្ងៃ​ផេ​ក និង​វេ​ប​សាយ​របស់​NOCC មាន​សកម្មភាព​ខ្លាំង តែ​យើង​ដឹង​ហើយ​បណ្ដាញ​ផ្សព្វផ្សាយ​យើង​តែ​មួយ​មិន​អាច​សុសសាយ​បាន តែ​វា​ស្រួល​ត្រង់​ថា ពី​មុន​នៅ​ពេល​អ្នក​ព័ត៌មាន​ចង់បាន​ព័ត៌មាន​គឺ​លុះត្រា​ចំណាយពេល​មក​សម្ភាសន៍ ឬ​ទាក់ទង​សម្ភាសន៍ តែ​ឥឡូវ​អត់​ទេ ពួក​គាត់​មើល​តែ​លើ​ផេ​ក និង​វេ​ប​សាយ​របស់​យើង គឺ​គាត់​ផ្សាយ​បាន​ហើយ សូ​ម្បី​តែ​រូប​ក៏​យើង​មាន​ក្រុមការងារ​យើង​បង្ហោះ​រហូត​ដែរ អ៊ីចឹង​វា​ស្រួល​ជាង​មុន​!» ។

លោក​ថា ប្រព័ន្ធ​ព័ត៌មាន​ដែល​អាច​ផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡា​បាន​លឿន និង​ទូលំទូលាយ​សព្វថ្ងៃ គឺ​ដោយសារ​តែ​ក្រុម​ផលិត​ព័ត៌មាន​របស់​លោក​បាន​រួមចំណែក​មួយ​ផ្នែក។ ជាក់ស្ដែង​ក្នុង​ចំណោម​ក្រុម​ថតរូប  ក្រុម​បង្ហោះ​ព័ត៌មាន និង​ក្រុម​ផលិត​ព័ត៌មាន លោក​ក៏​បាន​រៀបចំ​ក្រុម​ចែកចាយ​ដំណឹង​តាម​អុ​ី​ម៉េ​ល និង​តាម​ប្រព័ន្ធ​បញ្ជូន​ព័ត៌មាន​ផ្សេង​ទៀត​ដើម្បី​ចែកចាយ​ដំណឹង​ឱ្យ​គ្រប់​ស្ថាប័ន​ព័ត៌មាន​ផង​ដែរ ។ មក​ទល់​សព្វថ្ងៃ​លោក​ថា រាប់​ទាំង​ក្រុម​ព័ត៌មាន​ដែល​ជា​ក្រុម​ផ្ទាល់ខ្លួន​របស់​NOCC និង​ក្រុម​ព័ត៌មាន​ជា​ដៃគូ​គឺ​មាន​ចំនួន​ច្រើន ដោយ​លោក​បាន​ហៅ​ក្រុម​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្ថាប័ន​ទាំងមូល​ថា បាន​ក្ដោប​ក្ដាប់​ទូ​ទាំង​ប្រទេស​អត់​មាន​ចន្លោះ​នោះ​ផង​។

លោក​និយាយ​ថា​៖«​រាល់ថ្ងៃ​បើ​និយាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​NOCC ក្ដោប​អស់​មួយ​ស្រុក​ខ្មែរ​ហើយ ដោយសារ​តែ​អ្នក​សារព័ត៌មាន​ណា​ក៏​មក​យក​ព័ត៌មាន​ពី​យើង​ទៅ​ផ្សាយ។ មើល​មើល៍​រាល់ថ្ងៃ​មាន​ស្ថាប័ន​ធំ​ៗ​ណាមួយ​ដែល​មិន​មាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​NOCC» ។ លោក​មិន​អាច​បញ្ជាក់​ពី​ខ្ទង់ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​នៅ​រាល់​សកម្មភាព​ផលិត​ព័ត៌មាន និង​សហការ​ជាមួយ​បណ្ដាញសារព័ត៌មាន​ពាក់ព័ន្ធ​ឱ្យមក​យក​ព័ត៌មាន​ទៅ​ផ្សាយ​បន្ត​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា អ្វី​ៗ​គឺ​មានការ​ចំណាយ​តែ​លោក​មិន​អាច​បញ្ជាក់​ថា​ក្នុង​មួយ​ខែ​ចំណាយ​អស់​ប៉ុន្មាន ឬ​មួយ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​ចាត់ចែង​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កបាន​ទូលំទូលាយ​នោះ​ទេ ។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ប្រព័ន្ធ​ព័ត៌មាន​គឺ​មាន​សារសំខាន់​បំផុត ក្នុង​ការ​ចែកចាយ​នូវ​ដំណឹង និង​សកម្មភាព​ដែល​បាន​កើតឡើង​ទៅ​កាន់​មហាជន​ឱ្យ​មានការ​ដឹង​ឮ ។

លោក​បាន​ហៅ​អ្នក​មើល​ស្រាល​ការ​ផ្សព្វផ្សាយ​ថា​ជា​ជម្រើស​មិន​ស្គាល់​ពី​តម្លៃ​នៃ​ការ​ផ្សព្វផ្សាយ និង​មិន​ចង់​ចែករំលែក​សកម្មភាព​ដែល​បាន​ធ្វើ​ឱ្យ​មានការ​ដឹង​ឮ​នោះ​ផង ។

ជាក់ស្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ លោក​ថា បើ​ទោះជា​ខាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ក្រុម​ព័ត៌មាន​ជា​របស់​ផ្ទាល់ខ្លួន ក៏​នៅ​តែ​បញ្ជូន​អ្នក​សារព័ត៌មាន​អាជីព​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដើម្បី​ឱ្យទៅ​យក​ព័ត៌មាន​ដល់ទី​នោះ ដើម្បី​ចែកចាយ​ដំណឹង​ឱ្យ​បាន​ច្បាស់លាស់ ហើយ​រហ័ស ។

លោក​និយាយ​ថា​៖«​សម្រាប់​NOCC យកចិត្តទុកដាក់​រឿង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ណាស់ មើល​តែ​ស៊ី​ហ្គេ​ម​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ហ្នឹង គឺ​យើង​សុខចិត្ត​ចំណាយ​លុយ​ច្រើន​អញ្ជើញ​អ្នក​សារព័ត៌មាន​យើង​ឱ្យទៅ​យក​ដោយ​ផ្ទាល់​!» ។ លោក​ប្រកាស​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​សកម្មភាព​របស់​ស្ថាប័ន​ឱ្យ​កាន់តែ​ខ្លាំង​ដោយ​លោក​ប្រកាស​ថា​នឹង​ធ្វើ​ឱ្យ​ផេ​ក និង​វេ​ប​សាយ​របស់​ខ្លួន​ក្លាយជា​បណ្ដាញសារព័ត៌មាន​ឈានមុខ​មួយ​សម្រាប់​ផ្ដល់​ព័ត៌មាន​កីឡា​នោះ​ផង ដោយ​លោក​បញ្ជាក់​ថា បើ​រង់​ចាំតែ​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​ផ្សេង​ៗ​គឺ​អាច​នឹង​មិន​បាន​គ្រប់​ជ្រុង​។ លោក​ថា អ្នកបម្រើ​ការ​នៅ​ក្នុង​វេ​ប​សាយ​របស់​NOCC​មាន​ចំនួន​ប្រមាណ​១០​នាក់ ដោយ​ក្នុង​ចំណោម​នោះ​គឺ​មាន​អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា ផ្នែក​បង្ហោះ ផ្នែក​ផលិត​ព័ត៌មាន និង​ឆ្លើយ​តប​ការ​សាកសួរ ។ ដោយឡែក សម្រាប់​ផេ​ក​របស់​NOCC​ក៏​មាន​អ្នកបម្រើ​ការ​ចំនួន​ប្រមាណ​ជា​១០​នាក់​ដែរ ដោយ​រួម​មាន​អ្នក​ថតរូប អ្នក​បង្ហោះ​រូប និង​អ្នក​ផលិត​ព័ត៌មាន​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ​លោក​ថា នៅ​លើ​ផេ​ក និង​វេ​ប​សាយ​របស់ NOCC​មានការ​ផ្សព្វផ្សាយ​តែ​បណ្ដា​សហព័ន្ធ​ណា​ដែល​មាន​សកម្មភាព​ហើយ​ជា​សកម្មភាព​នៅ​ក្រោម​ការ​រៀបចំ​របស់​NOCC​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សហព័ន្ធ​នោះ​មិន​ធ្វើ​សកម្មភាព ឬ​មាន​សកម្មភាព​ដែរ​តែ​ជា​សកម្មភាព​មិនមែន​ជា​ការ​រៀបចំ​របស់​ថ្នាក់លើ​គឺ​មិន​មានការ​ផ្សព្វផ្សាយ​ទេ ទើប​អ្នក​តាមដាន​ព័ត៌មាន​ភាគច្រើន​យល់​ថា ដំណឹង​កីឡា​របស់​NOCC​មិន​បាន​ទូលំទូលាយ ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​ខ្លះ​បិះ​នឹង​ធ្វើ​ឱ្យ​មហាជន​ភ្លេចឈ្មោះ ។ លោក​រំពឹង​ថា ការ​ផ្សព្វ​ផ្សាយ​​ដែល​លោក​បាន​ដើរ​រាល់ថ្ងៃ នឹង​កាន់តែ​ធ្វើ​ឱ្យ​វិស័យ​កីឡា​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​ដំណឹង​ប្រកួតប្រជែង និង​ស្នាដៃ​របស់​កីឡាករ​-​កីឡាការិនី​ដែល​កាលពីមុន​គឺ​មិនសូវ​មានការ​ផុសផុល​ផ្សព្វផ្សាយ​នោះ ។ ក្នុង​នោះ​លោក​ក៏​បាន​រៀប​ចំការ​បង្រៀន​ពី​របៀប​សរសេរ និង​រាយការណ៍​ព័ត៌មាន​កីឡា​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ ដើម្បី​​ឱ្យដំណឹង​កីឡា​របស់​NOCC​កាន់តែ​មាន​ភាព​ច្បាស់លាស់ និង​ត្រូវ​ចំ​គោលដៅ មិន​មាន​ខ្លឹមសារ​បំភ្លៃ​ដល់​សាធារណជន​នោះ​ផង​ដែរ ។

លោក​នៅ​តែ​អះអាង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​NOCC​មាន​កម្លាំង​គ្រប់គ្រាន់ និង​បាន​បន្ទោស​ថា សម្រាប់​សហព័ន្ធ​ខ្លះ​ដែល​មិនសូវ​មាន​ដំណឹង​នៅ​លើ​ផេ​ក និង​លើ​វេ​ប​សាយ ​NOCC គឺ​មិនមែន​ដោយសារ​តែ​ក្រុម​ព័ត៌មាន​របស់​លោក​មិន​គ្រប់គ្រាន់​នោះ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​សហព័ន្ធ​ទាំងនោះ​មិន​ធ្វើ​សកម្មភាព​ណាមួយ​ដែល​អាច​ឱ្យ​ក្រុម​អ្នក​សារ​ព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​បាន ។ លោក​ទទូច​ឱ្យ​សហព័ន្ធ​គ្រប់​ផ្នែក​បង្កើន​ការ​សហការ​ជាមួយ​អ្នក​សារព័ត៌មាន និង​ព្យាយាម​ផ្សព្វផ្សាយ​ពី​ខ្លួនឯង​ឱ្យ​បាន​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្វឹក ដល់​កីឡាករ កីឡាការិនី​ឱ្យ​កាន់តែ​មាន​គេ​ស្គាល់ និង​ដើម្បី​ឱ្យ​សាធារណជន​មានឱកាស​បានដឹង​ពី​ដំណឹង​ថ្មី​នៅ​ពេល​សហព័ន្ធ​ទាំងមូល​បាន​ធ្វើ​សកម្មភាព​ឬ​គ្រោង​ធ្វើ​សកម្មភាព ។

លោក​អះអាង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​អ្នក​នាំសារ ហើយ​បើ​ធ្វើ​សកម្មភាព​តែ​មិន​មានការ​សហការ​ជាមួយ​បណ្ដាញសារព័ត៌មាន​ក៏​មិន​មាន​អ្នកដឹង​នោះ​ដែរ បូក​រួម​ទាំង​អ្នក​សារព័ត៌មាន​របស់​NOCC​ផង ៕