ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​ជប៉ុន​ជួយ​កែ​ច្នៃ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន​សិក្សា​ជាមួយ​អ្នកជំនាញ​កម្ពុជា អំពី​ការ​កែ​ច្នៃ​សំរាម​នៅ​រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន​សិក្សា​ជាមួយ​អ្នកជំនាញ​កម្ពុជា អំពី​ការ​កែ​ច្នៃ​សំរាម​នៅ​រាជធានី​ភ្នំពេញ ។

ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ សីហា ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​កែ​ច្នៃ​សំរាម SHIN-KOTO INCINERATION PLANT ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​សម្អាត​ទីក្រុង​តូ​ក្យូ ហើយ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ប្រធាន​អាជ្ញាធរ លោក តៃ​ជី​រ៉ូ នី​ហ្សី​កា​វ៉ា ។

សម្តេច​បាន​ថ្លែង​បញ្ជាក់​ថា ៖« ច្បាស់​ណាស់ សំរាម​គឺជា​បញ្ហា​ចម្បង​ធំ​ទី​២ បន្ទាប់​ពី​បញ្ហា​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ អគារ​រោងចក្រ​កែ​ច្នៃ​សំរាម​នេះ​មាន​កម្ពស់​៦​ជាន់ បំពាក់​ដោយ​ម៉ាស៊ីន​កិនកំទេច​សំរាម ហើយ​បែងចែក​ទៅ​តាម​ប្រភេទ​សំរាម​នីមួយ​ៗ ដែល​ផលិត​ចេញ​ជា​វត្ថុ​សម្រាប់​ប្រើប្រាស់​បាន​ឡើង​វិញ ។ កាក​សំណល់​មួយ​ចំនួន​គឺ​យក​ទៅ​ធ្វើ​ជី និង​ប​ម្លែ​ង​ទៅ​ជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ផង​ដែរ ។ កម្ពុជា​ត្រូវការ​រោងចក្រ​បែប​នេះ ដើម្បី​កែ​ច្នៃ​សំរាម​ដែល​ដឹក​ចេញ​ទៅ​គរ​នៅ​ជាយក្រុង​សព្វថ្ងៃ»។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៨ សីហា ថា នៅ​ទីក្រុង​ភ្នំពេញ សំរាម​ជា​មធ្យម​មាន​ប្រមាណ​ជាង​២.៣០០​តោន​ក្នុង​១​ថ្ងៃ ហើយ​ចំនួន​សំរាម​បាន​កើន​ឡើងជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

លោក មាស​ភក្ដី បាន​បញ្ជាក់​ថា ៖«​កំណើន​នៃ​ការ​ផលិត​សំរាម ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ និង​បង្ហាញ​ពី​ជីវភាព​រស់នៅ​ល្អ​ប្រសើរ មានការ​ហូប​ចុក​បាន​ហូរហៀរ​ផង​ដែរ » ។

គំនរ​សំរាម​ត្រូវ​គេ​មើលឃើញ​ថា មាន​គរ​នៅ​តាម​ផ្លូវ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​រាត្រី ដោយសារ​មាន​តែ​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​ប៉ុណ្ណោះ ។ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​កើនឡើង​នៃ​គំនរ​សំរាម កន្លង​មក សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ដំណើរការ​អនុវត្ត គម្រោង​កែ​ច្នៃ​សំរាម​ឱ្យទៅ​ជា​ជីសរីរាង្គ ដោយ​បាន​នាំ​ចូល​ម៉ាស៊ីន​កែ​ច្នៃ​សំរាម​ក្នុង​ទឹកប្រាក់​ប្រមាណ​៥០​ម៉ឺន​ដុល្លារ និង​មាន​សមត្ថភាព​កែ​ច្នៃ​សំរាម​បាន​១០០​ទៅ​១៥០​តោន​ក្នុង​១​ថ្ងៃ ហើយ​គ្រោង​នឹង​ដំណើរការ​នៅ​ខែសីហា​នេះ ។

ម៉ាស៊ីន​កែ​ច្នៃ​នេះ ជា​បច្ចេកវិទ្យា​ទំនើប ដែល​អាច​ញែក​សំរាម​ដោយ​ខ្លួន ហើយ​កិនបំបែក​សំរាម​ផ្ទះបាយ ឬ​កម្ទេចកំទី​បន្លែ​ចេញពី​គ្នា​ដើម្បី​ផលិត​ជា​ជី​កំ​ប៉ុ​ស្ត ឬ​ជីសរីរាង្គ​ធម្មជាតិ​ថែម​ទៀត​ផង ។

មិនតែប៉ុណ្ណោះ វា​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​គំនរ​សំរាម​នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម តាម​រយៈ​ការ​ប្រើប្រាស់​ជីសរីរាង្គ​ធម្មជាតិ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​កសិករ និង​សុវត្ថិភាព​អ្នក​បរិភោគ​ផង​ដែរ ។

ជាង​នេះ​ទៀត សាលា​រាជធានី​ភ្នំពេញ ក៏​គ្រោង​នឹង​បញ្ជា​ទិញ​ម៉ាស៊ីន​កែ​ច្នៃ​សំរាម​ចំនួន​២​គ្រឿង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​បរិមាណ​សំរាម​នៅ​ទីលាន​ឱ្យ​បាន​កាន់តែ​ច្រើន ប្រសិនបើ​គម្រោង​នៃ​ការ​សាកល្បង​ម៉ាស៊ីន​កែ​ច្នៃ​ដំបូង​នេះ​ទទួល​បាន​ជោគជ័យ ។ សាលា​រាជធានី​ភ្នំពេញ ក៏​នៅ​តែ​ត្រូវការ​ដៃគូ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​ការ​កែ​ច្នៃ​សំរាម​ឱ្យទៅ​ជា​ថាមពល​អគ្គិសនី ខណៈ​ដែល​រណ្តៅ​សំរាម​នៅ​ក្នុង​ខណ្ឌដង្កោ តំបន់ A និង B ចាប់ផ្តើម​ពេញ​ណែន​លើស​ចំណុះ ៕