ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​ដូន​ចាស់​បាន​ហូប​ឆ្ងាញ់​ដូច​បំណង​ហើយ​ថែម​ទាំង​ចែកទាន​បន្ត​ទៀត

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​វេ​ប​សាយ កោះសន្តិភាព បាន​ផ្សាយ​នូវ​ជីវិត​តោក​យា​ក​របស់​ដូន​ចាស់​ទីទ័ល​ក្រ​មួយ​រូប​ដែល​រស់នៅ​អាស្រ័យ​ដោយ​ការ​ដាក់​ទាន​ពី​សំណាក់​អ្នក​ចិត្តសប្បុរស

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​វេ​ប​សាយ កោះសន្តិភាព បាន​ផ្សាយ​នូវ​ជីវិត​តោក​យា​ក​របស់​ដូន​ចាស់​ទីទ័ល​ក្រ​មួយ​រូប​ដែល​រស់នៅ​អាស្រ័យ​ដោយ​ការ​ដាក់​ទាន​ពី​សំណាក់​អ្នក​ចិត្តសប្បុរស​រួច​មក​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជា​ខ្លាំង​រហូត​ធ្វើ​ឱ្យ​មាន​អ្នក​បរិច្ចាគ​ធន​ធាន​ផ្ទាល់ខ្លួន​តិចតួច​ជូន​ដល់​លោកយាយ​បាន​ហូប​ឆ្ងាញ់​ម្តង​នៅ​ជីវិត​ចុង​ក្រោយ​មួយ​នេះ ។ តាម​រយៈ កោះសន្តិភាព អំណោយ​មាន​ដូច​ជា​ថវិការ ព្រមទាំង​គ្រឿង​បរិក្ខា​សំរាប់​បរិភោគ​ជា​ច្រើន​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ដល់​ដៃ​លោកយាយ​ផ្ទាល់​តែ​ម្តង នៅ​ភូមិ​ចំបក់​ក្អែរ ឃុំ​ទឹក​ល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​មេឃុំ មេ​ភូមិ មេ​ប៉ុស្តិ៍​ផង​ដែរ ។ 

អំណោយទាន​ទាំងអស់​បាន​មក​ពី​សប្បុរសជន​ដូច​ជា​ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុ​ន​ធឿ​ន ប្រធាន​នាយកដ្ឋាន​ឧត្តម​សិក្សា​នៃ​ក្រសួង​ធម្មការ និង​សាសនា ជា​ចៅអធិការ​វត្ត​ន​ន្ទ​មុនី បាន​ឧបត្ថម្ភ​អង្ក​១​បាវ មី​២​កេស ទឹកដោះគោ​ខាប់​១០​កំប៉ុង និង​ស្ករស​៥​គីឡូ​, ចៅអធិការ​វត្ត​រលាំង​កំពូល​មី​១​កេស និង​ថវិការ​៣០.០០០​រៀល​, លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ឧបត្ថម្ភ​អង្ក​១​បាវ កន្ទេល​១ មុង​១ ភួយ​១ និង​ថវិការ​២០០.០០០​រៀល​, លោក ទ្រី វ​ណ្ឌី ប្រធាន​រតនាគារ​ថវិការ​៥០.០០០​រៀល​, លោក លុយ ឡុំ ប្រធាន​មន្ទីរ​សង្គមកិច្ច​ថវិការ​៧០.០០០​រៀល​, លោក វិ​ន ឡេ​ង​ហួង មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​សំរោង​ទង​អង្ក​២៥​គីឡូ និង​ទឹកស៊ីអ៊ីវ​២​យួរ​, លោក ជា មល មន្ត្រី​យោធា​ភូមិភាគ​៣ ទឹក​ផ្លែ​២​កេស​, អង្ក​២៥​គីឡូ និង​ទឹកដោះគោឆៅ​២​យួរ​, លោក Him Sokchreat ភ្នំពេញ​ថវិការ​២០​ដុល្លារ​, ម្ចាស់​ហាង​ដាយ​មិន​ក្រចេះ​២០​ដុល្លារ​, កញ្ញា ធា ភ្នំពេញ ៥០.០០០​រៀល​, ម្ចាស់​លក់​សំបក​កង់​រថយន្ត ហេង ស៊ិ​ង​ហុង ថវិកា​២០​ដុល្លារ​, លោកយាយ អ៊ី ស្រុង ថវិការ​៤០.០០០​រៀល​, កញ្ញា កុយ រតនា ហៅ​នួន ខេត្តកំពត ថវិការ​៨០.០០០​រៀល​, យុវតី ត្រា សុ​ខេ​ធីតា សិស្សសាលា​សុវណ្ណ​ភូមិ ត្រីខ​២​យួរ​, ទឹកដោះគោឆៅ​២​យួរ សៀង​ផ្អែម​៣​គីឡូ ខ្ទឹមស​១​គីឡូ អំបិល ប៊ី​ចេ​ង ឆៃប៉ូវ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ​អ្នក​យក​ព័ត៌មាន កោះសន្តិភាព ក៏​បាន​នាំ​យក​អំណោយ​របស់​ព្រះ​តេជគុណ​ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុ​ន​ធឿ​ន ព្រះ​ចៅអធិការ​វត្ត​ន​ន្ទ​មុនី និង​ជា​ប្រធាន​នាយកដ្ឋាន​ឧត្តម​សិក្សា​នៃ​ក្រសួង​ធម្មការ និង​សាសនា ជូន​ដល់​ប្អូនប្រុស អ៊​ង សំ​អាន ដែល​ជា​ជន​​​ពិការ​ស្វិត​ត្រគាក​មួយ​កំណាត់​ក្រោម នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។ អំណោយ​រួម​មាន អង្ករ​នាងខុន​១​បាវ​៥០​គីឡូក្រាម មី​ថៃ​១​កេស ទឹកដោះគោ​ខាប់​២​កំប៉ុង ស្ករស​៣​គីឡូក្រាម និង​ថវិកា​៤០.០០០​រ​រៀល របស់​លោកស្រី កុយ រតនា ហៅ នួន ។

ដោយ​ក្តី​រំភើប​រីករាយ​លោកយាយ ម៉ក់ ឱ​ក ក៏​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ជា​អនេកប្បការ​ដែល​បាន​បរិច្ចាគ​ធនធាន​របស់​ខ្លួន​រំលែក​មក​ឱ្យ​លោកយាយ​នៅ​ពេល​នេះ ។ លោកយាយ​មិនដឹង​ជា​រក​ពាក្យ​អី​មក​និយាយ​ឱ្យ​សម​នឹង​បំណង​ម្ចាស់​ទាន​នោះ​ទេ​គឺ​មាន​តែ​ម្រាមដៃ​ដប់​លើក​ឡើង​បួងសួង​ដល់​ទេវតា​និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​សូម​តាម​ជួយ​ថែរក្សា​ដល់​អស់លោក​ដែល​ជា​ម្ចាស់​ទាន​ទាំងអស់​កុំឱ្យ​មាន​សត្រូវ​មក​បៀតបៀន​បាន​ឡើយ ។ ក្រោយ​ទទួល​បាន​នូវ​ថវិការ និង​គ្រឿង​ឧបភោគបរិភោគ​ពី​សំណាក់​សប្បុរសជន​រួច​មក​លោកយាយ ម៉ក់ ឱ​ក ក៏​បាន​ចែករំលែក​ដល់​ក្មេង​កំព្រា​ឳ​ពុក​ម្តាយ​៣​នាក់​បងប្អូន​នូវ​ថវិការ​៦០.០០០​រៀល​ព្រមទាំង​ចែករំលែក​គ្រឿង​ឧបភោគបរិភោគ​ដែល​ទទួល​បាន​ពី​សប្បុរសជន​មួយ​ចំនួន​ដល់​ក្មេង​កំព្រា​ទាំង​៣​ផង​ដែរ​ក្នុង​នោះ​លោកយាយ​ក៏​បាន​ជូន​ជា​ថវិការ​ដល់​លោក​យាយ​​ម្នាក់​ទៀត​ឈ្មោះ ឱ អាយុ​៨៨​ឆ្នាំ នូវ​ថវិការ​៦០.០០០​រៀល​ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ លោកយាយ​ថា ជីវិត​ចុង​ក្រោយ​គ្មាន​ចង់បាន​អ្វី​នោះ​ទេ​បាន​ប៉ុណ្ណឹង​ហូប ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​ហើយ ជា​ពិសេស​គឺ​លោកយាយ​ដឹង​ពី​ទុក្ខ​លំបាក​របស់​​មនុស្ស​ចាស់​ដូច​គ្នា​ទើប​សុខចិត្ត​រំលែក​ចែក​គ្នា​ដូច្នេះ ៕