ខេត្តត្បូងឃ្មុំ ៖ ភូមិនេសាទដែលមានទីតាំងស្ថិតនៅតំបន់ស្ពានមាត់ឃ្មង់ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ក្នុងរដូវទឹកទន្លេមេគង្គឡើងបានទាក់ទាញភ្ញៀវ ក្លាយទៅជាកន្លែងទេសចរណ៍ ដោយមានប្រជាពលដ្ឋមកពីគ្រប់ទិសទីនាំគ្នាមកលេង។ ក្នុងនោះមានជិះកង់ទឹកកម្សាន្តលេង ស្ទូចត្រីជាដើម ហើយខ្លះទៀតបាននាំគ្នាស្រស់ស្រូបអាហារនៅតាមកន្លែងលក់ដូរ ដោយមើលទៅមានមនោរម្យ ហើយថ្ងៃដែលគេមកលេងច្រើនជាងគេគឺថ្ងៃសៅរ៍ និងអាទិត្យតែប៉ុណ្ណោះ។ អ្នកលក់ដូរម្នាក់ឈ្មោះ វ៉ាត សំបូរ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៧ សីហា ២០១៧ថា ប្តីរបស់គាត់ដែលពិការជើងម្ខាង បានចេញទៅរាយមងនៅតាមបឹងផ្នែកខាងលើត្រង់ស្ពានមាត់ឃ្មង់ ប្រសិនបើថ្ងៃណាត្រូវនោះបានរហូតដល់ទៅជិត១០គីឡូក្រាម ហើយបានយកមកឲ្យគាត់លក់ដូរ បាន១គីឡូតម្លៃជាង១ម៉ឺនរៀល ហើយតែងតែមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីបាននាំឈប់ម៉ូតូ និងរថយន្ត មកចូលទិញយកទៅធ្វើម្ហូបព្រោះជាត្រីធម្មជាតិ។
អ្នកលក់ដូររូបនេះប្រាប់បន្តថា រាល់ថ្ងៃនេះក្រៅពីលក់ត្រីគាត់បានជួយមើលការខុសត្រូវឲ្យប្អូនស្រីដែលបានចៀនកំពឹស ក្រួច លក់ ដោយក្នុង១សប្តាហ៍គាត់អាចរកចំណូលបាន ប្រមាណ៥០ម៉ឺនរៀល ដែលក្នុងរយៈពេល២ឆ្នាំមកហើយ ទឹកទន្លេមិនបានឡើងមកលិច ត្រង់ទីតាំងមាត់ឃ្មង់នោះ ហើយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ក៏មិនបាននាំគ្នាមកកម្សាន្តដែរ។ នៅថ្ងៃចុងសប្តាហ៍ដែលទើបតែមកដល់ឆ្នាំ២០១៧នេះទឹកទន្លេបានឡើងមកលិច ធ្វើឲ្យអ្នកនៅក្រុងកំពង់ចាម និងតាមបណ្តាស្រុកផ្សេងៗទៀតនាំគ្នាមកលេងជាហូរហែរ ដោយជិះកង់ទឹកលេង និងពិសារអាហារ នៅតាមតូបលក់ដូរ។ អ្នកស្រី មុត ចាន់ថន អាយុ៦០ឆ្នាំ រស់នៅភូមិទួលវិហារ ប្រាប់ឲ្យដឹងថា ចាប់តាំងពីពេលដែលស្ពានបេតុងមាត់ឃ្មង់ត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួចមក គាត់បានចាប់យកអាជីពអ្នកលក់ដូរនៅត្រង់ក្បាលស្ពានេះដោយមានលក់ផ្អកម៉ាំ១កំប៉ុងតូច បានតម្លៃ៤.០០០រៀល កំប៉ុងកណ្តាលតម្លៃ១ម៉ឺនរៀល និងកំប៉ុងធំបាន១៥.០០០រៀល។
ចាប់តាំងពីពេលដែលលក់មកបានជាង១០ឆ្នាំហើយ ដូច្នេះគាត់នូវតែបន្តរបរនេះតទៅមុខទៀត ព្រោះក្នុង១ថ្ងៃ អាចរកចំណេញបាន៣ម៉ឺនរៀលផងដែរ។ លោក អឿន រិទ្ធិ ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រាប់ឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០១៤ទីតាំងស្ពានមាត់ឃ្មង់នេះត្រូវបានបង្កើតជាកន្លែងទេសចរណ៍ថ្មីសម្រាប់រដូវវស្សា ដោយបានដាក់ឈ្មោះថា ជាភូមិនេសាទ។ ជាមួយនោះមន្ទីរបានចុះណែនាំដល់ក្រុមអាជីវករលក់ដូរ ត្រូវតែចេះសម្អាតអនាម័យ មិនត្រូវបោះសំរាមចោលនោះទេ គឺត្រូវប្រមូលដាក់ធុង ក្រុមអាជីវករលក់ដូរមួយចំនួនធំបានយល់ព្រមអនុវត្តន៍តាម។ ហើយសព្វថ្ងៃនេះក៏មានពលរដ្ឋនៅជិតស្ពានមាត់ឃ្មង់ គេបានចាក់ដីពង្រីក និងបានត្រៀមសង់កាឡូសកូសសម្រាប់ឲ្យភ្ញៀវជាតិថតទេសភាពព្រះអាទិត្យលិចនៅពេលល្ងាចផងដែរ៕
ចែករំលែកព័តមាននេះ