ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​អាជីវកម្ម​ទិញ​សិទ្ធិ​បន្តចាប់ផ្តើម​លូតលាស់​នៅ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​អាជីវកម្ម​ទិញ​សិទ្ធិ ឬ​ហៅ​ថា Franchise ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​អាជីវកម្ម​មួយ​ដែល​មានឈ្មោះ ឬ​ម៉ាក​យីហោ​រួច​ជា​ស្រេច ព្រមទាំង​មានឈ្មោះ​ល្បីល្បាញ និង​

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​អាជីវកម្ម​ទិញ​សិទ្ធិ ឬ​ហៅ​ថា Franchise ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​អាជីវកម្ម​មួយ​ដែល​មានឈ្មោះ ឬ​ម៉ាក​យីហោ​រួច​ជា​ស្រេច ព្រមទាំង​មានឈ្មោះ​ល្បីល្បាញ និង​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​។ នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា អាជីវកម្ម​មួយ​នេះ​បាន​និង​កំពុង​ចាប់ផ្តើម​រីក​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​មាន​ម៉ាក​យីហោ​ល្បី​ៗ​បរទេស​មួយ​ចំនួន​ត្រូវ​បាន​ទិញ​សិទ្ធិ​មក​ធ្វើ​អាជីវកម្ម ខណៈ​ដែល​អាជីវកម្ម​ក្នុងស្រុក​ខ្លះ ក៏​គ្រោង​លក់​សិទ្ធិ​បន្ដ​ទៅ​ឲ្យ​ដៃគូ​ដើម្បី​ធ្វើ​អាជីវកម្ម​ផង​ដែរ ។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន EFG លោក ទេ​ប វី​រៈ មាន​ប្រសាសន៍​ថា បើ​មើល​ទីផ្សារ​ទូទៅ​មានការ​កើន​ពី​១០​ទៅ​១៥%​ក្នុង​១​ឆ្នាំ នា​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រោះ​មាន​ម៉ាក​យីហោ​អាជីវកម្ម​តូច​-​ធំ​ច្រើន​បាន​ចូល​មក​កម្ពុជា ។

លោក​ថ្លែង​ថា ៖« ដូច​យើង​ឃើញ​នៅ​លើ​ទីផ្សារ​ទាំងអស់​គ្នា​ហើយ​ថា ខាង​ហាង​កាហ្វេ Amazon គាត់​លក់​សិទ្ធិ Franchise ដល់​អ្នក​ក្នុងស្រុក ឃើញ​មាន​ច្រើន ព្រោះ​ប្រជាជន​គិត​ថា ម៉ាក​ដែល​ល្បី​នេះ​អាច​ឱ្យ​អាជីវកម្ម​គាត់​រីក​ចម្រើន ហើយ​នៅ​ពេល​ខាង​មុខ ParkCafe គាត់​កំពុង​រៀបចំ​លក់ Franchise នៅ​ក្នុងស្រុក​ដែរ » ។

លោក​បន្ត​ថា ៖« ការ​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត ជា​ធម្មតា ការ​ធ្វើ​អាជីវកម្ម​បែប​ហ្នឹង​ងាយ​នឹង​ជោគជ័យ ព្រោះ​អ្នកលក់​សិទ្ធិ​ឱ្យ​យើង គាត់​នៅ​ជួយ​យើង​ពី​ខាងក្រោយ តែ​សម្រាប់​បុគ្គល ឬ​ក្រុមហ៊ុន​មួយ​ចង់​ធ្វើ​ឱ្យ​អាជីវកម្ម​ជោគជ័យ វា​ត្រូវការ​ពេលវេលា​យូរណាស់ អ្នកខ្លះ​ចាប់ផ្តើម​អាជីវកម្ម​មិន​បាន​ប៉ុន្មាន​ខែ​ផង​ដួល​រំលំ​ទៅ​វិញ​ក៏​មាន ដោយសារ​ការ​ធ្វើ​មិន​បាន​ល្អ » ។

ការ​ទិញ​សិទ្ធិ​ជំនួយ​បែប​នេះ មាន​អត្ថប្រយោជន៍​សំខាន់​ណាស់ ព្រោះ​អ្នក​រកស៊ី​មិន​ចាំបាច់​ខំប្រឹង​ប្រែង​បង្កើត​ផលិតផល​ថ្មី ហើយ​ផ្សព្វផ្សាយ​រក​ទីផ្សារ ដែល​ត្រូវការ​ពេលវេលា​យូរ ។ គេ​មានមុខ​ជំនួញ និង​ទីផ្សារ​រួច​ជា​ស្រេច អាច​ដំណើរការ​លក់ដូរ​ភ្លាម​បាន​តែ​ម្ដង ។ អ្វី​ដែល​សំខាន់ គឺ​ត្រូវធ្វើ​យ៉ាងណា ឲ្យ​ផលិតផល​នោះ​នៅ​មានគុណ​ភាព​ដូច​ផលិតផល​ដើម ។

ដូច្នេះ បើ​អ្នកមាន​លុយ​ច្រើន​ហើយ​ចង់​បើកមុខ​ជំនួញ​នោះ អាច​រក​ទិញ​សិទ្ធិ​ជំនួញ​ដើម្បី​បើកមុខ​របរ ។ ការ​ទិញ​សិទ្ធិ​នេះ ថ្វី​ដ្បិតតែ​ចំណាយ​ប្រាក់​ច្រើន​បន្ដិច ប៉ុន្ដែ​មិនសូវ​គ្រោះថ្នាក់​នៅ​ក្នុង​ការ​រកស៊ី​ទេ ដោយហេតុ​ថា ផលិតផល​នោះ​វា​ល្បី​ស្រាប់​ទៅ​ហើយ ហើយ​ក៏​មាន​ម្ចាស់​ដើម​ជា​អ្នក​ជួយ​ទំនុកបម្រុង​ផង​ដែរ ។

ទោះបី​យ៉ាងណា លោក ទេ​ប វី​រៈ ជំរុញ​ឱ្យ​អ្នក​ដែល​ចង់​ទិញ​សិទ្ធិ​ពី​ក្រុមហ៊ុន​នាំ​ចូល​ម៉ាក​យីហោ ឬ​អាជីវកម្ម​ក្នុងស្រុក​ណាមួយ គួរតែ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ជៀសវាង​កុំឱ្យ​ទឹកប្រាក់​ដែល​ចំណាយ​ទិញ​សិទ្ធិ​ហើយ បែរជា​អាជីវកម្ម​លក់​អត់​ដាច់ ហើយ​មិនដឹង​ពេល​ណា ទើប​ស្រង់​បាន​មក​វិញ ៕