រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងសមត្ថភាព ធនធានមនុស្សក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើឱ្យភាគីកូរ៉េបញ្ជូនអ្នកជំនាញលើវិស័យនេះមកកម្ពុជាបន្ថែមពីរឆ្នាំទៀត សម្រាប់បណ្ដុះបណ្ដាល ស្របពេលដែលកូរ៉េបានផ្ដល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលមួយដល់កម្ពុជារួចហើយ ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា គម្រោងស្នើសុំអ្នកជំនាញអាកាសចរណ៍ពីកូរ៉េ បានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា ។
លោកនិយាយថា ៖« ការស្នើសុំបន្ថែម អ្នកជំនាញលើវិស័យនេះ ក្នុងគោលបំណងបង្កើនគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្ស និងសមត្ថភាពស្ថាប័នសម្រាប់គ្រប់គ្រងលើវិស័យអាកាសចរស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា » ។
គួររំលឹកថា កូរ៉េបានផ្ដល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលមួយដល់កម្ពុជាផងដែរ ដែលមានតម្លៃទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពលើវិស័យអាកាសចរស៊ីវិល ហើយក្នុងនោះកូរ៉េបានផ្ដល់អ្នកជំនាញមកបណ្ដុះបណ្ដាលដល់ធនធានមនុស្សកម្ពុជាផងដែរ ប៉ុន្តែការផ្ដល់អ្នកជំនាញនេះ មិនទាន់គ្រប់គ្រាន់សម្រាប់កម្ពុជា ដែលអាចបង្កើនសមត្ថភាពខ្លួន ទើបកម្ពុជាស្នើសុំអ្នកជំនាញ និងពេលវេលាបន្ថែមទៀតដើម្បីពង្រឹងគុណភាពរបស់ខ្លួន ។
លោក ម៉ៅ ហាវណ្ណាល់ បាននិយាយថា ៖« ការបង្កើតអគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កែលម្អសមត្ថភាពនិងធនធានមនុស្សនៅក្នុងវិស័យអាកាសចរស៊ីវិល និងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសដែលមានគុណភាពខ្ពស់ » ។
អគារមជ្ឈមណ្ឌលហ្វឹកហ្វឺននេះបានរួមចំណែកជាច្រើនដូចជា ការអភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍អាកាសចរស៊ីវិល, លើកកម្ពស់និងផ្លាស់ប្តូរធនធានបច្ចេកទេស និងជំនាញ, ការសម្រួលដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសកម្រិតតំបន់ អន្តរតំបន់ និងពិភពលោក, ការសម្រួលលើកកម្ពស់ ដល់ការបណ្ដុះបណ្ដាលមូលដ្ឋានជាន់ខ្ពស់ និងអនុវត្តការងារផ្ទាល់លើវិស័យអាកាសចរស៊ីវិល ។
គួរបញ្ជាក់ថា ដំបូងឡើយ កម្ពុជាបានស្នើសុំតែអគារសម្រាប់បណ្ដុះបណ្ដាលវិស័យអាកាសចរស៊ីវិលប៉ុណ្ណោះពីកូរ៉េ តែក្រោយពីអគារបានសាងសង់យ៉ាងស្អាតរួចមក កម្ពុជាក៏បានស្នើសុំអ្នកជំនាញដើម្បីជួយបណ្ដុះបណ្ដាលសមត្ថភាព ដល់បុគ្គលិកអាកាសចរណ៍ ហើយនៅពេលនេះដែរ ក៏បានសុំបន្ថែមអ្នកជំនាញ និងពេលវេលា បណ្ដុះបណ្ដាលបន្ថែម ក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពលើវិស័យដ៏សំខាន់មួយនេះ ៕
ចែករំលែកព័តមាននេះ