ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CCW និង GMAC ស្វាគមន៍​ផែនការ​ចុះ​ជួប​កម្មករតាម​បណ្តា​រោងចក្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សម្រេច​ចុះ​ជួប និង​ពិនិត្យ​មើល​ពី​ស្ថានភាព​ការងារ និង​ការ​រស់នៅ​របស់​បងប្អូន​កម្មករ​-​កម្មការិនី ដើម្បី​ឈ្វេងយល់​ពី​សុខទុក្ខ និង​តម្រូវការ​នានា​ពី​សំណាក់​ប្រមុខ​

រាជធានី​ភ្នំពេញ ៖ ការ​សម្រេច​ចុះ​ជួប និង​ពិនិត្យ​មើល​ពី​ស្ថានភាព​ការងារ និង​ការ​រស់នៅ​របស់​បងប្អូន​កម្មករ​-​កម្មការិនី ដើម្បី​ឈ្វេងយល់​ពី​សុខទុក្ខ និង​តម្រូវការ​នានា​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គ្រោង​យក​ថ្ងៃអាទិត្យ​រៀង​រាល់​ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៧ តទៅ ត្រូវ​បាន​ស្វាគមន៍​ពី​សហភាព​ចលនា​កម្មករ​កម្ពុជា ហៅ​កាត់​ថា (CCW) និង​សមាគម​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC)  ។

អគ្គលេខាធិការ​នៃ​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៦ សីហា ថា វា​ជា​ឱកាសល្អ និង​ជា​កិត្តិយស​ណាស់​សម្រាប់​បងប្អូន​កម្មករ​-​កម្មការិនី ដែល​ថ្នាក់ដឹកនាំ​កំពូល​បាន​ចំណាយពេល​ដ៏​មមាញឹក​ចុះ​មក​ដល់ទី​តាំង និង​កន្លែងធ្វើការ​ដើម្បី​ដឹង​ពី​ស្ថានភាព​ផ្ទាល់​បែប​នេះ ។

លោក ព្រាប មុន្នី​សុវណ្ណ អគ្គលេខាធិការ​រូប​នេះ​បាន​ថ្លែង​ថា ៖« ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​មែនទែន​ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ​ពី​បញ្ហា​សុខទុក្ខ​ដល់​កម្មករ ពិសេស គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​លោក​ជា​នាយក​រដ្ឋមន្ត្រី បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​ចុះ​មក​ពិនិត្យ​ផ្ទាល់​ទៀត ខណៈ​ដែល​សម្តេច​កំពុង​តែ​មមាញឹក​ខ្លាំង​ទៅ​លើ​កិច្ចការ​ប្រទេស​ជាតិ​។ និយាយ​រួម​ទៅ កម្រ​មាន​ណាស់ នៅ​ក្នុងស្រុក​ខ្មែរ​យើង អត់​ធ្លាប់​មាន​ទេ​ដែល​ថ្នាក់ដឹកនាំ​កំពូល​ចុះ​ជួប​កម្មករ​-​កម្មការិនី​តាម​រោងចក្រ​បែប​នេះ » ។
លោក​បន្ដ​ថា ៖« ខ្ញុំ​គ្រាន់តែ​ឃើញ​ព័ត៌មាន​នេះ​ភ្លាម ខ្ញុំ​មាន​ក្ដី​រំភើប​ជួស​តំណាង​បងប្អូន​កម្មករនិយោជិត​ទៅ​ហើយ ដោយសារ​តែ​នេះ​ជា​ដំណឹង​មួយ​ល្អ​សម្រាប់​បងប្អូន​ដែល​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​កាត់ដេរ » ។

លោក​មុន្នី​សុវណ្ណ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ផែនការ​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករនិយោជិត​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ដោយ​ឆន្ទៈ​របស់​ប្រមុខ​ថា្ន​ក់​ដឹកនាំ​កំពូល ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នោះ​ទេ ។

លោក​ថ្លែង​ថា ៖« ខ្ញុំ​គិត​ថា ការ​ចុះ​នេះ​វា​មិន​មាន​អ្វី​ចម្លែក​ទេ ដោយសារ​តែ​សម្ដេច​តែងតែ​ចុះ​ជួប​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជួប​ការ​លំបាក​ជា​រឿយ​ៗ ហើយ​នេះ​គឺជា​បេសកកម្ម​របស់​សម្ដេច ដែល​តែង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ទាំងមូល ។ អីចឹង ខ្ញុំ​គិត​ថា វា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​បោះ​ឆ្នោត​អី​ទេ » ។

ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៨​វិញ អគ្គលេខាធិការ​សហភាព​ចលនា​កម្មករ​កម្ពុជា​រូប​នេះ​បាន​បង្ហើប​ថា នឹង​មានការ​ដំឡើង​ក្នុង​កម្រិត​ណាមួយ ក្រោយ​ពី​បញ្ចប់​ការ​ចរចា​នា​ពេល​ខាង​មុខ ។ 

លោក​បញ្ជាក់​ថា ៖« ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​វិញ ថ្វី​ដ្បិតតែ​វា​មិន​ខ្ពស់​ជាង​ប្រទេស​ដទៃ ប៉ុន្ដែ​គឺ​បាន​ដំ​ឡើងជា​បន្ដបន្ទាប់ ហើយ​ខ្ញុំ​ជឿជាក់​ថា អាច​នឹង​ឡើង​បន្ថែម​ទៀត ប៉ុន្ដែ​ត្រង់​ថា​ដំឡើង​បាន​កម្រិត​ណា យើង​មិន​ទាន់​អាច​កំណត់​បាន​ទេ ព្រោះតែ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ចរចា ហើយ​យើង​ក៏​មិន​ទាមទារ​អ្វី​ឲ្យ​លើស​ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ខាង​និយោជក​ដែរ ដោយហេតុ​ថា យើង​តែងតែ​សិក្សា​អំពី​គម្លាត​រវាង​និយោជក និង​សហជីព​កម្មករ ដែល​មាន​រាជរដ្ឋាភិបាល​ជា​អ្នកសម្របសម្រួល ព្រោះ​អី​យើង​ក៏​គិតគូរ​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​វិនិយោគិន​ដែល​មក​វិនិយោគ​នៅ​ខ្មែរ​យើង​។ អីចឹង​យើង​មិន​ចង់​ឲ្យ​មានការ​បាត់បង់ ឬ​ចន្លោះ​ប្រហោង​ណាមួយ​ទេ ហើយ​បច្ចុប្បន្ន​នេះ យើង​អត់​មាន​យក​បាតុកម្ម កូដកម្ម មក​ប្រើ​ជា​គោលដៅ​ក្នុង​ការ​គំរាមកំហែង​រាជរដ្ឋាភិបាល ឬ​ក៏​គំរាមកំហែង​ខាង​ភាគី​និយោជក​នោះ​ទេ ។ យើង​មាន​តែ​យន្ដការ​មួយ​គត់ គឺ​ការ​ចរចា ដែល​ហៅ​ថា ជា​កិច្ច​សន្ទនា​សង្គម » ។

ស្រប​ជាមួយ​ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​នៃ​សហភាព​ចលនា​កម្មករ​កម្ពុជា សមាគម​កាត់ដេរ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា (GMAC) បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ផែនការ​នេះ​ផង​ដែរ ។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំ​ង ម៉ូ​នី​កា បាន​អបអរសាទរ​ចំពោះ​ផែនការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នា​ពេល​នេះ ដោយ​លោក​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៥ សីហា ថា ផែនការ​ធ្វើ​ទស្សនកិច្ច​នេះ គឺជា​ការ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់ ការ​យកចិត្តទុកដាក់ និង​ការ​គិតគូរ​ពី​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​បងប្អូន​កម្មករ​-​ក​ម្ម​ការិនី ។

លោក​ម៉ូ​នី​កា មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​យល់​ឃើញ​ថា ផែនការ​របស់​សម្តេច​ក្នុង​ការ​ជួប​សំណេះសំណាល និង​ចុះ​ដោយ​ផ្ទាល់​នេះ គឺជា​រឿង​ល្អ​មួយ ។កាយវិការ​នេះ នឹង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​បន្ថែម​ពី​ថ្នាក់ដឹកនាំ​ចំពោះ​បងប្អូន​កម្មករ​-​កម្មការិនី ហើយ​វា​ពិតជា​មាន​សារសំខាន់​ណាស់ ដែល​សម្តេច​នឹង​បាន​យល់​ច្បាស់​អំពី​ស្ថានភាព​របស់​បងប្អូន​កម្មករ​-​កម្មការិនី​របស់​យើង ទាំង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​កម្ម​ករ-កម្ម​ការិនី និង​អំពី​ស្ថានភាព​របស់​រោងចក្រ​នានា ដើម្បី​ផ្តល់​ជា​អនុសាសន៍​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត » ។

លោក​បន្ថែម​ថា សមាគម​ក៏​សង្ឃឹម​ផង​ដែរ​ថា ក្នុង​ឱកាស​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ជាមួយ​កម្មករ​-​កម្មការិនី​នេះ នឹង​អាច​មាន​កិច្ចប្រជុំ​ដោយ​ផ្ទាល់​ជាមួយ​ថៅកែ និង​ម្ចាស់​រោងចក្រ ។

លោក ម៉ូ​នី​កា លើក​ឡើង​ថា ៖« ខ្ញុំ​គិត​ថា វា​ពិតជា​មាន​សារសំខាន់ ប្រសិនបើ​សម្តេច​តេ​ជោ​មាន​គម្រោង​ជួប​ជាមួយនឹង​ក្រុម​ម្ចាស់​រោងចក្រ ឬ​វិនិយោគិន ។ វា​មាន​សារ​សំខាន់​ផង​ដែរ ប្រសិនបើ​សម្តេច​ជួប​ជជែក​ដោយ​ផ្ទាល់​ទៅ​កាន់​វិនិយោគិន​ដែល​បាន​រួមចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​សម្តេច​ក៏​នឹង​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​បញ្ហា​ប្រឈម​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​នេះ ដូច​ជា លើ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ពិភពលោក និង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​បណ្តា​ប្រទេស​នានា ដែល​នេះ​គឺជា​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ដ៏​មាន​សារសំខាន់​មួយ ដើម្បី​ទ្រទ្រង់ និង​ជា​ការ​លើកទឹកចិត្ត​ឲ្យ​រក្សា​បាន​នូវ​ភាព​រីក​ចម្រើន និង​និរន្តរភាព​នៃ​វិស័យ​នេះ » ។

យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​តំណាង​ឲ្យ​៧៨​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា បាន​កើនឡើង​៧,២​ភាគរយ ស្មើនឹង​៧,៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ កើនឡើង​ពី​៦,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។

យោង​តាម​ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បច្ចុប្បន្ន សមាគម​នេះ​មាន​សមាជិក​ចំនួន​៥១២ ដោយ​ក្នុង​ចំណោម​៥៩​ក្នុង​វិស័យ​ស្បែកជើង ហើយ​វិស័យ​នេះ​បាន​ស្រូប​យក​ការងារ​ជាង​៧០​ម៉ឺន​នាក់ ៕