ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​សេវា​ធានា​រ៉ាប់រង​លើ​ជីវិត​មាន​អត្ថប្រយោជន៍​ចំពោះ​ពលរដ្ឋ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គល​គ្រប់​រូប​តែង​មាន​គោលដៅ និង​ផែនការ​បង្កើត​ក្រុម​គ្រួសារ​មួយ​ដ៏​កក់ក្តៅ​នា​ថ្ងៃ​អនាគត ។ ហេតុនេះ ទើប​អ្នក​រាល់គ្នា​តែង​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​គម្រោង​ជីវិត និង​

រាជធានី​ភ្នំពេញ ៖ បុគ្គល​គ្រប់​រូប​តែង​មាន​គោលដៅ និង​ផែនការ​បង្កើត​ក្រុម​គ្រួសារ​មួយ​ដ៏​កក់ក្តៅ​នា​ថ្ងៃ​អនាគត ។ ហេតុនេះ ទើប​អ្នក​រាល់គ្នា​តែង​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​គម្រោង​ជីវិត និង​មានការ​សន្សំ​សំចៃ​ប្រាក់​កាស​ដើម្បី​បំពេញ​នូវ​តម្រូវការ​ចាយវាយ និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន ប៉ុន្តែ​រឿង​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​មើល​រំលង​នោះ គឺ​ការ​ត្រៀមលក្ខណៈ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ពួក​គេ​នៅ​ពេល​គេ​មិន​នៅ ព្រោះ​គ្រោះថ្នាក់​អាច​កើត​មាន​គ្រប់​ពេលវេលា​ទាំងអស់ ដែល​យើង​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ ។ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ទៅ​លើ​គុណសម្បត្តិ​នៃ​សេវា​ធានា​រ៉ាប់រង​លើ​ជីវិត ។

ជាក់ស្តែង សេវា​ធានា​រ៉ាប់រង​លើ​ជីវិត គឺជា​កញ្ចប់​សេវាកម្ម​មួយ​ប្រភេទ តម្រូវ​ឲ្យ​អតិថិជន​បង់ប្រាក់​ទៅ​តាម​កញ្ចប់​សេវាកម្ម​របស់​ខ្លួន ។ ឧទាហរណ៍​ថា អតិថិជន​បាន​ជួប​គ្រោះ​ថ្នាក់​ជាយថាហេតុ​ណាមួយ និង​ត្រូវការ​ប្រាក់​កាស​ជា​បន្ទាន់​ក្នុង​ការ​ចាយវាយ​ទៅ​លើ​សេវា​ព្យាបាល​នោះ​អ្នក​ទាំងនោះ​នឹង​ទទួល​បាន​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​មក​វិញ ឬ​មាន​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត​ដែល​អតិថិជន​អាច​ទទួល​បាន​ទៅ​តាម​កិច្ចព្រមព្រៀង​លើ​កញ្ចប់​សេវាកម្ម​ដែល​អតិថិជន​បាន​ទិញ មាន​ដូច​ជា ធានា​រ៉ាប់រង​អាយុជីវិត ធានា​រ៉ាប់រង​សម្រាក​មន្ទីរពេទ្យ ឬ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​ជាដើម ។

លោក Tapas Kuila នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច BIMA ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​នា​រសៀល​ថ្ងៃ​ទី​៤ សីហា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុមហ៊ុន​មី​ល​វី​ក (​ខេ​ម​បូ​ឌា​) ម៉ា​យ​ក្រូ​អុ​ី​ន​សួ​រេ​ន​ភី​អិ​ល​ស៊ី (BIMA) ស្តី​អំពី​កម្មវិធី​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ធុរកិច្ច​នៅ​កម្ពុជា​ថា ៖« សេវា​ធានា​រ៉ាប់រង គឺជា​ផលិតផល​មួយ​ដែល​មនុស្ស​ចង់បាន ប៉ុន្តែ​មិន​ចង់​ប្រើ​វា ព្រោះ​ពួក​គេ​មិន​អាច​មើល​ដឹង​ទេ​ថា តើ​ថ្ងៃ​ណាមួយ ពួក​គេ​នឹង​ជួប​គ្រោះថ្នាក់ មាន​ជំងឺ​ឈឺ​ថ្កាត់ ឬ​ធ្លាក់ខ្លួន​ត្រូវការ​ជំនួយ​ជា​ប្រាក់​កាស​ជា​បន្ទាន់​នោះ​ឡើយ » ។

លោក​បាន​បន្ថែម​ថា ៖« សេវា​ធានា​រ៉ាប់រង គឺជា​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​លើ​ស្ថានការណ៍​ដែល​មិន​គួរ​នឹង​កើតឡើង តែ​អាច​កើតឡើង ។ វា​ដូច​ជា​ការ​ទិញ​ឆត្រ​យក​មក​ប្រើប្រាស់​អីចឹង​ដែរ ។ នៅ​ពេល​យើង​គ្មាន​ឆត្រ យើង​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ពេល​មាន​ភ្លៀង​ធ្លាក់ តែបើ​យើង​មាន​ឆត្រ​មក​ទុក​នឹង​ខ្លួន​ហើយ យើង​នឹង​គ្មាន​ការ​ព្រួយបារម្ភ​ថា តើ​ថ្ងៃស្អែក មេឃ​នឹង​ភ្លៀង ឬ​រាំង​នោះ​ទេ » ។

យ៉ាងណាមិញ លោក​គូសបញ្ជាក់​ថា មនុស្ស​គ្រប់​រូប​គួរ​ណាស់​តែ​មានការ​ធានា​រ៉ាប់រង​លើ​អាយុជីវិត ដោយ​មិន​គិត​ទៅ​លើ​កម្រិតជីវភាព​គ្រួសារ​ថា ធូរធារ ឬ​ក៏​ខ្វះខាត​ទេ ព្រោះ​បុគ្គល​គ្រប់​រូប​សុទ្ធតែ​ប្រឈម​នឹង​ឱកាស​ជួប​គ្រោះថ្នាក់​ទាំងអស់ មិន​ថា​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​ណា​ទេ  ប៉ុន្តែ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​នៅ​មានការ​សង្ស័យ​ច្រើន​ទៅ​លើ​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង ដោយ​គ្មាន​ការ​ទុកចិត្ត​ទៅ​លើ​ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​មិន​ស្គាល់​ច្បាស់​ថា អ្វី​ទៅ​ជា​ធានា​រ៉ាប់រង ។

នៅ​ក្នុង​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុមហ៊ុន​មី​ល​វី​ក (​ខេ​ម​បូ​ឌា​) ម៉ា​យ​ក្រូ​អុ​ី​ន​សួ​រេ​ន ភី​អិ​ល​ស៊ី (BIMA) នេះ​ទៀត​សោត គឺជា​ការ​បង្កើន​នូវ​ទំនុកចិត្ត​មួយ​ដល់​ភាព​ស្អាតស្អំ​របស់​ក្រុមហ៊ុន BIMA ទៅ​លើ​ការ​ធានា​ខុស​ត្រូវ​ចំពោះ​សេវាកម្ម​របស់​ខ្លួន ដ្បិតអី​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ ទិស​ដៅ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្តេជ្ញា​ឲ្យ​ស្ថាប័ន​មាន​ភាព​ស្អាតស្អំ កសាង​វប្បធម៌​តម្លាភាព គោរព​ច្បាប់​កម្ពុជា ប​ដិ​សេ​ដ​រាល់​អំពើ​ពុក​រលួយ អប់រំ​មិន​ឲ្យ​មានការ​សូកប៉ាន់ ពេល​ទំនាក់ទំនង​នឹង​មន្ត្រីរាជការ អ្នក​ផ្គត់ផ្គង់ អតិថិជន ឬ​ក៏​អង្គភាព និង​អ្នក​ដទៃ​ទៀត ព្រមទាំង​អាច​រាយការណ៍​បាន​ដោយ​សម្ងាត់​ពី​បញ្ហា​ប្រឈម​ដែល​ខ្លួន​មាន ឬ​ទទួល​បានការ​គាបសង្កត់​ក្រៅផ្លូវការ​ពី​ស្ថាប័ន​ដទៃ ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បើក​ការ​ស៊ើបអង្កេត និង​ចូលរួម​ដោះស្រាយ ។

លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ថ្លែង​ថា ៖ « ដោយសារ​តែ​វិស័យ​ឯកជន គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក
រលួយ ព្រោះ​ភាព​ស្អាតស្អំ​ចេញពី​បាតដៃ​របស់​ពួក​យើង​ទាំងអស់​គ្នា គឺ​មិន​អាច​ធ្លាក់​មក​ពីលើ​មេឃ​ដោយ​ទទេ​ៗ​ទេ ។ អីចឹង​ថ្ងៃនេះ គឺជា​ឆន្ទៈ​នៃ​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​មាន​សន្ទុះ​ក្លៀវក្លា » ។

ដូចនេះ ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ គឺជា​ការ​ប្តេជ្ញា​បន្ថែម​របស់​ក្រុមហ៊ុន BIMA ក្នុង​ការ​ជួយ​រក្សា​តម្លៃ​សុចរិត​ភាព​ជូន​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច និង​បង្កើន​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ​ជាង​៦០​ម៉ឺន​នាក់​ដែល​កំពុង​ប្រើប្រាស់​សេវា​នេះ​ក្នុង​ប្រទេស​កម្ពុជា ៕