ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​រត់ប្រណាំង​បន្សល់​ទុក​អនុស្សាវរីយ៍​ជូរ​ជត់​ចុង​ក្រោយ​មុន​ចូល​និវត្តន៍

6 ឆ្នាំ មុន

កំពូល​កីឡាករ​រត់ប្រណាំង​ល្បឿន​លឿន​លំដាប់​ពិភពលោក Usain Bolt

កំពូល​កីឡាករ​រត់ប្រណាំង​ល្បឿន​លឿន​លំដាប់​ពិភពលោក Usain Bolt បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជូរ​ជត់ ជាមួយ​លទ្ធផល​បរាជ័យ​ក្នុង​ការ​ប្រកួត​រត់​ចម្ងាយ​១០០​ម៉ែត្រ World Championship នៅ​ទីក្រុង​ឡុ​ង កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ក្រោម​ក្រសែភ្នែក​ទស្ស​និក​ជន​ប្រមាណ​៥៥.៩០០​នាក់ ។

អ្នកគាំទ្រ​ជា​ច្រើន​របស់​អត្ត​ព​លិ​ក​សញ្ជាតិ​ហ្សា​ម៉ា​អុី​ក Usain Bolt បាន​រំពឹង​ថា នា​រាត្រី​ថ្ងៃ​សៅរ៍​នោះ គឺជា​ថ្ងៃ​ដែល​ពួក​គេ​នឹង​អបអរសាទរ​ចុង​ក្រោយ​មុន​ពេល Usain Bolt ចូល​និវត្តន៍ ប៉ុន្តែ​ជាក់ស្តែង​វា​បែរ​ក្លាយជា​រាត្រី​ដ៏​ជូរ​ជត់​ទៅ​វិញ បន្ទាប់​ពី​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​ត្រឹម​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ជាមួយនឹង​មេដាយ​សំរឹទ្ធិ​ប៉ុណ្ណោះ ដោយ​បាន​ចំណាយពេល ៩.៩៥​វិនាទី ។ ចំណែក​តំណែង​លេខ​១ និង​លេខ​២ បាន​ទៅ​លើ​កីឡាករ​មក​ពី​អា​មេ​រិ​ក ដែល​ម្ចាស់​មេដាយមាស​កីឡាករ​Justin Gatlin ចំណាយពេល​តែ​៩.៩២​វិនាទី ខណៈ​ម្ចាស់​មេដាយ​ប្រាក់​កីឡាករ​Christian Coleman ប្រើ​ពេល​៩.៩៤​វិនាទី ។  

ទោះបី​យ៉ាងណា Usain Bolt នៅ​តែ​ញញឹម​ដាក់​អ្នកគាំទ្រ​របស់​ខ្លួន បើ​ទោះជា​រូបគេ​មិន​អាច​ដណ្តើម​បាន​មេដាយមាស​ក្តី ។ ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​ចប់​ការ​ប្រកួត​គេ​សង្កេត​ឃើញ​ថា កីឡាករ Justin Gatlin បាន​លត់​ជង្គង់​ចំពោះ​មុខ​កីឡាករ Usain Bolt ហាក់​បង្ហាញ​ពី​ការ​គោរព​រាមច្បង​ជា​ចុង​ក្រោយ មុន​ពេល​ចូល​និវត្តន៍ ។   

គួរ​រំលឹក​ថា ម្ចាស់​មេដាយមាស World Championship នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រត់​ចម្ងាយ​១០០​ម៉ែត្រ​ផ្នែក​បុរស កីឡាករ Justin Gatlin ធ្លាប់​ត្រូវ​ពិន័យ ២​ដង​មក​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន​អំឡុង​ពេល​ប្រកួត​នា​ពេល​កន្លង​មក ៕