ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​វៀតណាម ធ្វើ​ឱ្យតម្លៃ…

6 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រុម​អ្នកជំនាញ​បាន​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​គ្រប់គ្រង​រដ្ឋ​ចាត់វិធានការ​ចាំបាច់ ដើម្បី​ជំរុញ​លំហូរ​សាច់ប្រាក់​ដ៏​ខ្លាំងក្លា​នា​ពេល​បច្ចុប្បន្ន​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​​ចេញពី​ទីផ្សារ​នេះ ដោយសារ​តម្លៃ​

ប្រទេស​វៀតណាម ៖ ក្រុម​អ្នកជំនាញ​បាន​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​គ្រប់គ្រង​រដ្ឋ​ចាត់វិធានការ​ចាំបាច់ ដើម្បី​ជំរុញ​លំហូរ​សាច់ប្រាក់​ដ៏​ខ្លាំងក្លា​នា​ពេល​បច្ចុប្បន្ន​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​​ចេញពី​ទីផ្សារ​នេះ ដោយសារ​តម្លៃ​កំពុង​តែ​កើនឡើង​ខ្លាំង ធ្វើ​ឲ្យ​អ្នកមាន​ប្រាក់​ចំណូល​ទាប​គ្មាន​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក Dinh Tuan Minh អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ បាន​និយាយ​ថា នៅ​ប្រទេស​វៀតណាម ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​អន្តរកាល តម្លៃ​អចលនទ្រព្យ​កំពុង​តែ​កើន ឡើង ។

ប្រជាជន​មិន​ត្រឹមតែ​ទិញ​ផ្ទះ​នៅ​ក្នុង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ពួក​គេ​ថែម​ទាំង​វិនិយោគ​ថវិកា​ជា​ច្រើន​ទៅ​ក្នុង​អចលនទ្រព្យ​នៅ​ក្រៅប្រទេស រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ ។ តាម​របាយការណ៍​របស់​សមាគម​អ្នកលក់​អចលនទ្រព្យ​ជាតិ ហៅ​កាត់​ថា NAR បង្ហាញ​ថា នៅ​ឆ្នាំ​២០១៦ ជនជាតិ​វៀតណាម​បាន​ចំណាយ​ប្រាក់​ជាង​៣​ប៊ី​លាន​ដុល្លារ​ដើម្បី​ទិញ​ផ្ទះ​នៅ​ក្នុង​ប្រទេស​នេះ ។

លោក Tran Hung មក​ពី VFM ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ក៏​បាន​លើក​ឡើង​ដែរ​ថា អចលនទ្រព្យ​នៅ​តែ​ជា​បណ្តាញ​វិនិយោគ​ជាទី​ពេញចិត្ត​របស់​វៀតណាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ទីផ្សារ​អចលនទ្រព្យ​បាន​កើនឡើង​រាល់ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នេះ​ស្ទុះ​ងើបឡើង​វិញ ។

ទោះជា​យ៉ាងណា លោក​បាន​ចង្អុលបង្ហាញ​ថា ស្ថានភាព​បែប​នេះ​មិនល្អ​សម្រាប់​សេដ្ឋកិច្ចជាតិ​ទេ ដោយសារ​ធនធាន​ជា​ច្រើន​ត្រូវ​បាន​ប្រមូលផ្ដុំ​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ជំរុញ​ឱ្យ​តម្លៃ​កើនឡើង​ខ្ពស់ ។

លោក Bui Trinh សេដ្ឋវិទូ​គួរ​ឲ្យ​គោរព​ម្នាក់​ក៏​បាន​ព្រមាន​ដែរ​ថា លំហូរ​សាច់ប្រាក់​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ វា​អាច​នាំ​ឱ្យ​មាន​បំណុល​មិនល្អ និង​ហានិភ័យ​ផ្សេង​ទៀត ។

លោក​បន្ត​ថា ៖« ផល​លើស​នៅ​ក្នុង​ឧស្សា​- ហ​កម្ម​សំណង់​មាន​កម្រិត​ខ្ពស់ ដោយ​មាន​គម្លាត ដ៏​ធំ​រវាង​តម្លៃ​ចំណាយ និង​តម្លៃ​លក់ ។ អចលនទ្រព្យ​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​បង្កើត​ឡើងជា​ចម្បង​ពឹងផ្អែក​លើ​ទំនាក់ទំនង និង​ក្រុម​ដែល​ទទួល​បាន​ផលប្រយោជន៍​ដោយ​ខ្វះ​តម្លាភាព​។ លំហូរ​សាច់ប្រាក់​នៅ​ទី​នេះ មិន​បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​វៀតណាម​មាន​និរន្តរភាព​ទេ » ។

ការ​ពិត មាន​បណ្តាញ​វិនិយោគ​ជា​ច្រើន​នៅ​ប្រទេស​វៀតណាម ដោយ​មាន​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​មូល​ប​ត្រ​ចំនួន​៣០ ។ ទ្រព្យសកម្ម​សរុប​របស់​មូលនិធិ​បើក​ទូលាយ​ក្នុងស្រុក គិត​ត្រឹម​ថ្ងៃ​ទី​៣១ ឧសភា ២០១៧ បាន​ឈាន​ដល់​ចំនួន​៥​ទ្រី​លាន​ដុ​ង (២១៩​លាន​ដុល្លារ​) ហើយ​កំណើន​តម្លៃ​ទ្រព្យសកម្ម​សុទ្ធ​របស់​ពួក​គេ​ភាគច្រើន​មាន​ស្ថិរភាព ជាមួយ​អត្រាកំណើន​ខ្ពស់​ជាង​អត្រា​ការ​ប្រាក់​បញ្ញើ​ធនាគារ ។

លោក Hung បាន​និយាយ​ថា ៖« រដ្ឋាភិបាល​កំពុង​ផ្តោត​ទៅ​លើ​ការ​បង្កើន​ទំហំ​ទីផ្សារ​ហិរញ្ញវត្ថុ ។ ប្រសិនបើ​ទីផ្សារ​មាន​ទំហំ​ធំ​គ្រប់គ្រាន់ ហើយ​មាន​ទំនិញ​ល្អ វា​នឹង​អាច​ទាក់ទាញ​លំហូរ​សាច់ប្រាក់​ដោយ​ស្វ័យប្រវត្តិ » ។

របាយការណ៍​ពី​ធនាគារ​រដ្ឋ​របស់​វៀតណាម​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ ការ​ផ្តល់​ប្រាក់​កម្ចី​បាន​កើនឡើង​៩% ខណៈ​ប្រាក់​ការ​បង្វិល​ដើមទុន​កើនឡើង​ត្រឹមតែ​៥,៩%​ប៉ុណ្ណោះ មាន​ន័យ​ថា កម្ចី​មិន​ទាន់​សង​មាន​អត្រាកំណើន​ខ្ពស់ ។

តើ​ប្រាក់​ទាំងនេះ​បាត់​ទៅ​ណា ? យោង​តាម​លោក Hieu គឺ​ប្រាក់​ទាំងនេះ​ត្រូវ​បាន​វិនិយោគ​ទៅ​ក្នុង​ភាគហ៊ុន និង​អចលនទ្រព្យ ។ លោក​ព្រមាន​ថា ប្រសិនបើ​រឿង​នេះ​នៅ​តែ​បន្ត​កើតឡើង ធនាគារ​អាច​ជួប​បញ្ហា​ក្នុង​ការ​ទូទាត់​សាច់ប្រាក់ ។

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ចំនួន រួម​ទាំង​ធនាគារពិភពលោក និង​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ បាន​ចេញ​ការ​ព្រមាន​អំពី​អត្រាកំណើន​ឥណទាន​ខ្ពស់ ៕