ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំណង់​នៅ​កម្ពុជា​រំពឹង​បន្ដ​មាន​កំណើន​ជាង​18%​ក្នុងឆ្នាំនេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ពីរ​ខ្ទង់ (១៨,៦%) បើ​ទោះបីជា​មាន​ល្បឿន​យឺត​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០១៦ (២០,៤%) ។ នេះ​បើ​តាម​របាយការណ៍

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ពីរ​ខ្ទង់ (១៨,៦%) បើ​ទោះបីជា​មាន​ល្បឿន​យឺត​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០១៦ (២០,៤%) ។ នេះ​បើ​តាម​របាយការណ៍​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ។ ក្នុង​នោះ របាយការណ៍​ក៏​បាន​កត់សម្គាល់​ពី​និន្នាការ​ថ្មី​មួយ​នៅ​ក្នុង​ទីផ្សារ​នេះ​ដែល​បាន​និង​កំពុង​លេចឡើង​ផង​ដែរ គឺ​ការ​វិនិយោគ​ដោយ​ផ្តោត​លើ​សំណង់​លំនៅ​ឋាន​តម្លៃ​មធ្យម និង​ទាប​ជាង​មុន ដែល​និន្នាការ​នេះ​នឹង​រួមចំណែក​គាំទ្រ​កំណើន​តម្រូវការ​អចលនទ្រព្យ ។

របាយការណ៍​ដដែល​បញ្ជាក់​ថា កំណើន​នេះ ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាជន​ពេញវ័យ ស្រប​ពេល​ដែល​មាន​កំណើន​ក្រុម​គ្រួសារ​ថ្នាក់​កណ្តាល និង​គោលនយោបាយ​អំណោយផល​ដល់​ការ​វិនិយោគ​បរទេស​លើ​វិស័យ​អចលនទ្រព្យ នឹង​បន្ត​ជំរុញ​កំណើន​លំហូរ​វិនិយោគ​បរទេស និង​ក្នុង​ស្រុកលើ​វិស័យ​នេះ។

អ្នក​នាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អចលនទ្រព្យ​ឈានមុខ​គេ​មួយ បាន​យល់​ស្រប​នឹង​ទស្សនវិស័យ​នៃ​របាយការណ៍​នេះ ដោយ​បាន​លើក​ឡើង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុង​មាន​សុខភាព​ល្អ ពិសេស​វិស័យ​សំណង់ ដោយ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​នានា ។

ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៤ សីហា ម្សិលមិញ នាយិកា​ក្រុមហ៊ុន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ៖«​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន គឺ​មានការ​រីក​ចម្រើន ហើយ​បាន​ជួយ​ឲ្យ​ប្រទេស​យើង​ប្រែ​មុខ​ប្រែ​មាត់ ពិសេស បាន​ប្រែក្លាយ​អគារ​ចាស់​ៗ​មក​អភិវឌ្ឍន៍​ជា​ខុន​ដូ អគារ​ពាណិជ្ជកម្ម និង​សំណង់​លំនៅ​ឋាន​ថ្មី​ៗ​ជា​ច្រើន » ។

ទោះបីជា​វិស័យ​សំណង់​មានការ​រីក​ចម្រើន តែបើ​មើល​ទីផ្សារ​ខុន​ដូ​នៅ​ឆ្នាំ​២០១៧​នេះ​វិញ ហាក់ដូចជា​នៅ​ទ្រឹង​បន្ដិច បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ភាព​នៅ​ទ្រឹង​នេះ អាច​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ គួប​ផ្សំ​នឹង​ប្រជាពលរដ្ឋ​ពុំ​ទាន់​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ពី​ការ​រស់នៅ​ឯក​កម្មសិទ្ធិ មក​រស់នៅ​សហកម្មសិទ្ធិ ជាដើម​។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយិកា​ក្រុមហ៊ុន CBRE Cambodia ។

អ្នក​នាង​ថ្លែង​ថា ៖« ប្រជាពលរដ្ឋ​មិន​ទាន់​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​នៅឡើយ ដោយ​ពួក​គាត់​ចង់​រស់នៅ​ផ្ទះ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​ផ្ទាល់​ដី ហើយ​គាត់​គិត​ថា ការ​រស់នៅ​ខុន​ដូ​ចំណាយ​ច្រើន ដែល​កត្តា​នេះ​ហើយ​ធ្វើ​ឲ្យ​វិស័យ​ខុន​ដូ​ពុំ​សូវ​មាន​សន្ទុះ​ខ្លាំង » ។

យ៉ាងណា​ក៏​ដោយ អ្នក​នាង​មាន​សុទិដ្ឋិនិយម​ថា ៖« នៅ​ថ្ងៃ​ខាង​មុខ ខ្ញុំ​គិត​ថា ទីផ្សារ​មួយ​នេះ​នឹង​រីក​ចម្រើន​ដូច​ប្រទេស​ជិតខាង ដោយសារ​តែ​ការ​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ កំណើន​ប្រជាសាស្ត្រ នាំ​ឲ្យ​មានការ​ពង្រីក​ទីក្រុង​កាន់តែ​ធំ និង​កាន់តែ​ឆ្ងាយ​ពី​ការងារ ហើយ​តម្លៃ​ដីធ្លី​ក៏​កើនឡើង ធ្វើ​ឲ្យ​ប្រជាជន​ងាក​មក​រស់នៅ​ខុន​ដូ​វិញ » ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប បាន​រក​ឃើញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ ចំនួន​ខុន​ដូ​បាន​កើន​តែ​៤​គម្រោង​ប៉ុណ្ណោះ មក​ស្មើនឹង​១២៥​គម្រោង មាន​ចំនួន​៤៧.៧០៤​យូ​នី​ត ខណៈ​ឆមាស​ទី​១​ឆ្នាំ​មុន មាន​ចំនួន​១២១​គម្រោង ស្មើនឹង​៤៣.៦០៤​យូ​នី​ត ។ ក្នុង​នោះ​៣​គម្រោង​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​១​គម្រោង​នៅ​រាជធានី​ភ្នំពេញ ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិ​ព្ធ​សីហា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧​នេះ នៅ​ទូ​ទាំង​ប្រទេស​បាន​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់​មាន​ចំនួន​១.៥២៣​គម្រោង ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​សរុប​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២៧,៤៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ ក្នុង​រយៈពេល​នេះ​ដែរ សំណង់​អគារ​ខ្ពស់​ចាប់ពី​៥​ជាន់ឡើង​ទៅ​មាន​ចំនួន​៤៣​អគារ ដែល​ភាគច្រើន​ជា​អគារ​ស្នាក់​នៅ​រួម អគារ​សហកម្មសិទ្ធិ អគារ​ការិយាល័យ និង​អគារ​មុខងារ​ឧបនិស្ស័យ​ខាង​ផ្នែក​ពាណិជ្ជកម្ម  ខណៈ​ដែល​លំនៅ​ឋាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន​១៤​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន​នៃ​គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ដោយ​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​មួយ​ផ្នែក​ទៀត ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​បរទេស ៕