ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មក​ដល់​នៃ​បច្ចេកវិទ្យា​ធ្វើ​ឱ្យ​វិស័យ​ខុន​ដូ និង​អា​ផាត​មិន កាន់តែ​រីក​ចម្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជីវិត​មិន​នៅ​មួយ​កន្លែង​ទេ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា នឹង​ចូលរួម​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​រស់នៅ ដែល​ធ្វើ​ឲ្យ​អគារ​សហកម្មសិទ្ធិ​នានា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​នេះ ។

រាជធានី​ភ្នំពេញ ៖ ជីវិត​មិន​នៅ​មួយ​កន្លែង​ទេ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា នឹង​ចូលរួម​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​រស់នៅ ដែល​ធ្វើ​ឲ្យ​អគារ​សហកម្មសិទ្ធិ​នានា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​នេះ ។

លោក​ឧកញ៉ា នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​Khmer Foundation Appraisal បាន​មើលឃើញ​និន្នាការ​នៃ​ការ​រស់នៅ​តាម​អគារ​សហកម្មសិទ្ធិ​កើនឡើង ហើយ​លោក​បាន​វិនិយោគ​អា​ផាត​មិន KFA បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៤ សីហា​ថា ការ​ស្នាក់​នៅ​តាម​ខុន​ដូ និង​អា​ផាត​មិន គឺជា​ការ​សន្សំ​សំចៃ​ពេលវេលា និង​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ ព្រោះ​នៅ​ពេល​ទីក្រុង​កាន់តែ​ធំ មនុស្ស​រស់នៅ​កាន់តែ​ច្រើន ចរាចរណ៍​កាន់តែ​ចង្អៀត កកស្ទះ មនុស្ស​នឹង​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​ពួក​គេ ជាមួយ​ភាព​កាន់តែ​មមាញឹក​ក្នុង​ជីវិត បច្ចេកវិទ្យា​នឹង​ជួយ​សម្រួល​ដល់​ការ​រស់នៅ ។

លោក​បន្ត​ថា ៖« ខុន​ដូ ឬ​អា​ផាត​មិន មា​នទី​តាំងនៅ​ជិត​សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ជា​សេវាកម្ម​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​រស់នៅ » ។ លោក​បន្ត​ថា ៖« បដិវត្តន៍​បច្ចេកវិទ្យា ក៏​ជួយ​មនុស្ស​ច្រើន​ផង​ដែរ ដោយ​ពួក​គេ​អាច​កុម្ម​ង់​អាហារ ទំនិញ និង​សេវាកម្ម​ដទៃ​ទៀត​តាម​រយៈ​ទូរស័ព្ទ​ដៃ » ។

វា​ជា​អ្វី​ដែល​គេ​ហៅ​ថា Express Service និង​រីក​ចម្រើន​នៅ​ប្រទេស​ជឿនលឿន​ដូច​ជា កូរ៉េ សិង្ហ​បុរី និង​ប្រទេស​រីក​ចម្រើន​ដទៃ​ទៀត ហើយ​កម្ពុជា​បាន​និង​កំពុង​ដើរ​តាម​លំ​អាន​នេះ​សម្រាប់​ការ​រស់នៅ​ដោយ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា ដែល​ផ្តល់​ឲ្យ​នូវ​គុណភាព​ជីវិត​កាន់តែ​ប្រសើរ​ឡើង ។ នេះ​បើ​តាម​លោក​ឧកញ៉ា នួន រិ​ទ្ធី ។

លោក សុវណ្ណ ដា​រា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន GO–X បាន​ថ្លែង​ថា កាលពី​៥​ឬ​១០​ឆ្នាំ​មុន បច្ចេកវិទ្យា​មិន​ទាន់​រីក​ចម្រើន​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ពេល​នេះ អ្វី​ៗ​ទាំងនោះ​កំពុង​ដំណើរការ និង​ចូល​មក​ក្នុង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស យុវជន​វ័យក្មេង​ដែល​ចូល​ចិត្ត​ជីវិត​បែប​ស៊ី​វិ​ល័យ ។ លោក​បន្ត​ថា បច្ចេកវិទ្យា​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយស្រួល​ទទួល​បាន​ជីវិត​កាន់​ប្រសើរ​ឡើង និង​បង្កើត​ការងារ​ផង​ដែរ ។

លោក​បន្ត​ថា ៖« ឥឡូវនេះ ប្រជាជន​អាច​ហៅ​ម៉ូតូឌុប តុ​ក​ៗ និង​តាក់ស៊ី​តាម​ទូរស័ព្ទ​ដៃ គ្រាន់តែ​ចូល​កម្មវិធី​ណាមួយ​ប៉ុណ្ណោះ » ។ លោក​បន្ត​ថា ៖« បច្ចេកវិទ្យា​មិន​ត្រឹមតែ​ជួយ​ធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រសើរ​ឡើង​នោះ​ទេ តែ​ក៏​ចូលរួម​បង្កើត​ការងារ​ផង​ដែរ » ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Urban Living Solution បាន​រក​ឃើញ​ថា ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ នឹង​កើន​ដល់​ជាង​៤​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ដែល​ពេល​នោះ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ការ​កកស្ទះ​ចរាចរណ៍​កាន់តែ​ខ្លាំង មនុស្ស​នឹង​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​ពួក​គេ ជា​ពិសេស យុវជន​សម័យ​ថ្មី​នឹង​សម្រេចចិត្ត​រស់នៅ​ខុន​ដូ​ច្រើន ។

លោក ងួ​ន ឆាយ​លាង អគ្គនាយក​ក្រុមហ៊ុន​Ratanaka Realty បាន​ថ្លែង​ថា បច្ចេកវិទ្យា​ថ្មី​ៗ​កាន់តែ​រីក​ចម្រើន​នៅ​កម្ពុជា វា​នឹង​ផ្តល់​ឲ្យ​មនុស្ស​រស់នៅ​កាន់តែ​ប្រសើរ​តាម​រយៈ​ការ​ប្រើប្រាស់​សេវាកម្ម​នានា ដោយ​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា ជា​ជាង​ប្រើប្រាស់​សេវាកម្ម​តាម​បែប​ប្រពៃណី ។ លោក​បន្ត​ថា នៅ​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន មនុស្ស​នឹង​ប្រមូលផ្តុំ​រស់នៅ​ក្នុង​ទីក្រុង ដែល​មាន​សេវាកម្ម​គ្រប់​បែប​យ៉ាង ជា​ជាង​ចេញ​ទៅ​រស់នៅ​ជាយក្រុង ដែល​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រីក​ចម្រើន ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន ជម្រើស​យុវជន​វ័យក្មេង គឺ​ខុន​ដូ បន្ទាប់​ពី​រៀប​ការ​ពួក​គេ​ទិញ​ខុន​ដូ​រស់នៅ​ក្នុង​គ្រួសារ​តូច​របស់​ពួក​គេ ជា​ជាង​រស់នៅ​ជាមួយ​ឪពុក​ម្តាយ ហើយ​វា​មា​នទី​តាំងនៅ​ជិត​កន្លែង​ការងារ » ។

វិនិយោគិន​ខុន​ដូ L Resident លោក ទុ​យ ប៊ុ​ន ថ្លែង​ថា ខុន​ដូរ​បស់​លោក​បាន​ផ្តោត​លើ​អ្នកមាន​ជីវភាព​មធ្យម និង​គ្រួសារ​ថ្មីថ្មោង ។ ជា​លទ្ធផល អ្នកទិញ​ខុន​ដូ​ក្នុង​គម្រោង​លំនៅ​ឋាន​អុ​ិ​ល​កម្ពុជា ភ្នំពេញ ភាគច្រើន​មាន​អាយុ​ពី​៣៥​ឆ្នាំ​ឡើង ពួក​គេ​ជា​គូ​ភរិយា​ថ្មីថ្មោង​ផង​ដែរ ។

មហាសេដ្ឋី ជេ​ក ម៉ា អគ្គនាយក​ក្រុមហ៊ុន​Alibaba បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អា​មេ​រិ​ក CNBC កាលពី​ពេល​ថ្មី​ៗ​ថា វិស័យ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន នឹង​ធ្វើ​ឲ្យ​មនុស្ស​ធ្វើការ​តែ​៤​ម៉ោង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ និង​ធ្វើការ​៤​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​១​ស​ប្តា​ហ៍ ។

លោក​បន្ត​ថា ៖« បច្ចេកវិទ្យា​រីក​ចម្រើន វា​នឹង​ធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រសើរ​ឡើង ប៉ុន្តែ​វា​ក៏​បំផ្លាញ​ការងារ​ផង​ដែរ ។ ហេតុនេះ រដ្ឋាភិបាល​ប្រទេស​នីមួយ​ៗ​ក៏​ត្រូវ​រៀបចំ​គោលនយោបាយ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​នេះ » ៕