រាជធានីភ្នំពេញ ៖ បើនិយាយពីកីឡាអត្តពលកម្មនៅកម្ពុជាគេច្បាស់ជានឹកឃើញដល់លោក តូ រិទ្ធីយ៉ា ដែលជាអតីតអត្តពលិករត់ប្រណាំងដ៏ល្បីឈ្មោះមួយរូបនៅក្នុងទសវត្សឆ្នាំ១៩៨០-១៩៩០ដែលមកដល់ពេលនេះលោកមានអាយុ៥៦ឆ្នាំហើយ ។
ពេលជួបអ្នកសារព័ត៌មានកោះសន្តិភាពលោក តូ រិទ្ធីយ៉ា បានរៀបរាប់ពីប្រវត្តិការងាររបស់ខ្លួនជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាបក្រោយពីលោកបញ្ចប់អាជីពជាកីឡាករជាង២០ឆ្នាំមកហើយថា លោកបានចូលប្រឡូកក្នុងវិស័យកីឡាម៉ារ៉ាតុងនៅក្នុងឆ្នាំ១៩៧៩ ។ បន្ទាប់ពីបានហ្វឹកហាត់អស់រយៈពេល៤ឆ្នាំរួចមក លោកត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិតាំងពីឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៨៩លើវិញ្ញារត់ល្បឿនលឿនចម្ងាយ១០០ម៉ែត្រ និង២០០ម៉ែត្រ ពោលគឺតាំងពីសម័យរដ្ឋកម្ពុជាមកម្ល៉េះ ។ ទោះបីនៅចន្លោះឆ្នាំ១៩៩០-១៩៩២ ប្រទេសកម្ពុជាមានការកែទម្រង់ការដឹកនាំរបៀបទីផ្សារសេរីធ្វើឱ្យការប្រកួតកីឡាមួយនេះហាក់ស្ងប់ស្ងាត់បន្តិចក្ដី ក៏លោកនៅតែបន្តហ្វឹកហាត់ដដែល ។ លុះដល់ឆ្នាំ១៩៩៣ ពេលដែលអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិដែលហៅកាត់ថា«អ៊ុនតាក់»ចូលមកជួយរៀបចំបោះឆ្នោតនៅកម្ពុជា អ្វីៗបានដំណើរការឡើងវិញដូចមុន ។ កាលណោះអ៊ុនតាក់បានរៀបចំឱ្យមានការប្រកួតរត់ចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រជាលក្ខណៈពាក់កណ្ដាលម៉ារ៉ាតុង ។
ដោយឡែកក្រសួងអប់រំក៏បានរៀបចំការប្រកួតជាលក្ខណៈម៉ារ៉ាតុងតែម្ដងមានចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ នៅទឹកដីខេត្តកំពង់ស្ពឺនៅឆ្នាំ១៩៩៤ហើយលោកក៏បានចូលរួមដោយប្រើថិរវេលារហូតដល់ទៅ៣ម៉ោង៤៧នាទីឯណោះ ។ លោកបញ្ជាក់ថា តាមច្បាប់ ការរត់ម៉ារ៉ាតុងពេញលេញមិនមែន៤២គីឡូម៉ែត្រគត់នោះទេ គឺ៤២,១៩៥គីឡូម៉ែត្រហើយអ្នកដែលអាចមានឱកាសចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗបានដូចជាកីឡាអូឡាំពិកជាដើមទាល់តែរត់ក្រោមថិរវេលា៣ម៉ោងទើបគេអនុញ្ញាត ។ ប៉ុន្តែរំលងបានមួយអាទិត្យក្រោយពីចូលរួមរត់នៅខេត្តកំពង់ស្ពឺ លោកត្រូវបានគេជ្រើសរើសឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនៃបណ្ដាប្រទេសនិយាយភាសាបារាំង នៅប្រទេសបារាំង ដែលមានកីឡាករចូលរួមជាង៥០នាក់ ។ កាលណោះលោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងលទ្ធផលដែលលោកប្រើថិរវេលាត្រឹមតែ៣ម៉ោង០៩វិនាទីប៉ុណ្ណោះហើយទទួលបានចំណាត់ថ្នាក់លេខ១៣ ។ ក្រោយមកនៅឆ្នាំដដែលលោកបានទៅចូលរួមប្រកួតកីឡាអាស៊ានហ្គេមនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ដោយប្រើថិរវេលាត្រឹមតែ២ម៉ោង៤៩នាទីប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យរូបលោកកាន់តែរំភើប និងចងចាំមិនអាចបំភ្លេចបាននោះគឺពេលដែលលោកបានទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ក្នុងឆ្នាំ១៩៩៥ លោកបានប្រើថិរវេលាត្រឹមតែ២ម៉ោង ៣៤នាទី និង៤៣វិនាទីប៉ុណ្ណោះ ។ កាលណោះគណៈកម្មការរៀបចំការប្រកួតបានផ្ដល់ឱ្យអ្នកដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣នូវរថយន្តតូយ៉ូតាម្នាក់១គ្រឿង ។
ចំពោះអ្នកដែលជាប់ចំណាត់ថ្នាក់ពីលេខ៤ដល់លេខ៦ទទួលបានទឹកប្រាក់២០ម៉ឺនបាត ធ្វើឱ្យលោកសោកស្ដាយយ៉ាងខ្លាំងដោយសារតែលោកធ្លាក់មកនៅចំណាត់ថ្នាក់លេខ៧ ។ ក្រោយមកទៀត លោកបានទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់គ្រាន់តែថិរវេលារបស់លោកធ្វើមិនបានល្អដូចមុនទៀតនោះទេ ។ ដូចជាការទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៩៦ ថិរវេលាលោកឡើងដល់២ម៉ោង៤៧នាទី ដោយសារស្ថានភាពផ្លូវ និងអាកាសធាតុនៅទីនោះមិនអំណោយផល ពោលគឺក្ដៅក៏ក្ដៅ ហើយផ្លូវដែលត្រូវរត់មានឡើងទួលចុះទួល ច្រើនកន្លែង ។ ទោះបីយ៉ាងណា លោកក៏ទទួលបានការស្វាគមន៍និងអបអរយ៉ាងខ្លាំងពីប្រជាជននៅទីនោះដោយសារពួកគេមិននឹកស្មានថាកីឡាករកម្ពុជាយើងអាចរត់ដល់ទីក្នុងថិរវេលាបែបហ្នឹងទេ ។ លោកបានបន្តទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ១៩៩៧ និងកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ១៩៩៩ ។ ដោយសារលទ្ធផលដែលលោកទទួលបានកាន់តែមិនសូវល្អទើបលោកសម្រេចចិត្តលាឈប់ពីកីឡាករអត្តពលកម្មនៅក្នុងឆ្នាំ២០០០ បន្ទាប់ពីត្រឡប់មកពីប្រកួតកីឡាអូឡាំពិកនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីវិញ ។
អតីតកីឡាកររត់ប្រណាំងម៉ារ៉ាតុងដ៏ល្បីក្នុងទសវត្ស៨០-៩០រូបនេះនិយាយថា បន្ទាប់ពីលោកលាឈប់ពីកីឡាករមកចាប់អាជីពជាគ្រូបង្វឹកវិញ លោកចង់ឃើញអ្នកដែលអាចបំបែកឯតទគ្គកម្មរបស់លោកខ្លាំងណាស់ បើសិនជាមានមែនលោកនឹងធ្វើពិធីផ្ទេរ និងប្រគល់ប្រាក់រង្វាន់ព្រមទាំងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតផងដែរ ។
ទីបំផុត នៅក្នុងឆ្នាំ២០០៧ គេបានរកឃើញ កីឡាករ ហែម ប៊ុនទីង មកពីខេត្តស្ទឹងត្រែងដែលអាចបំបែកឯតទគ្គកម្មរបស់លោកបាន នៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឡាវ ដោយកីឡាកររូបនេះប្រើថិរវេលាត្រឹមតែ២ម៉ោង២៦នាទីប៉ុណ្ណោះ និងទទួលបានមេដាយប្រាក់១គ្រឿងទៀតផង ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញអារម្មណ៍រីករាយផងដែរបន្ទាប់ពីលោកត្រូវថ្នាក់ដឹកកីឡាជ្រើសរើសឱ្យកាន់ភ្លើងគប់រត់ក្នុងថ្ងៃបើកប្រកួតកីឡាជាតិជាលើកទី១ជាប្រវត្តិសាស្ត្រ នាយប់ថ្ងៃទី២៨ តុលា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
សូមបញ្ជាក់ថា បច្ចុប្បន្ន លោក តូ រិទ្ធីយ៉ា ជានាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូអប់រំកាយនិងកីឡា នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ។ លោកមានស្រុកកំណើតនៅរាជធានីភ្នំពេញ និងបានរៀបការជាមួយភរិយាឈ្មោះ សំ វួច នៅក្នុងឆ្នាំ១៩៨៩ ដោយមានកូន៣នាក់ប្រុសទាំងអស់ ៕
ចែករំលែកព័តមាននេះ