ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ ៖ កម្មករ​-​កម្មការិនី​កាត់ដេរ​ភាគច្រើន​មាន​សុវត្ថិភាព​គ្រប់​ស្ថានភាព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បឋម​មួយ​បាន​រក​ឃើញ​ថា កម្មករ​-​កម្មការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ភាគច្រើន មាន​

រាជធានី​ភ្នំពេញ ៖ តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បឋម​មួយ​បាន​រក​ឃើញ​ថា កម្មករ​-​កម្មការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ភាគច្រើន មាន​សុវត្ថិភាព​គ្រប់​ស្ថានភាព ប៉ុន្ដែ​មានការ​ភ័យ​ខ្លាច​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ទៅ​មក​នៅ​លើ​ដងផ្លូវ ។

ការ​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់ ក្រោម​គម្រោង​សុខភាព​កម្មករ គាំទ្រ​ដោយ USAID ទៅ​លើ​កម្មករ​ចំនួន​១២.៦០០​នាក់​នៅ​ក្នុង​រោងចក្រ​ចំនួន​៥ ដែល​មា​នទី​តាំងនៅ​ទីក្រុង​ភ្នំពេញ ខេត្តកណ្ដាល និង​កំពង់ស្ពឺ និង​ត្រូវ​បាន​លើក​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២ សីហា កន្លង​មក នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ ដោយ​មានការ​ចូលរួម​ពី​ភាគី​បញ្ជា​ទិញ តំណាង​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង​តំណាង​សហជីព​កម្មករ។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា កម្មករនិយោជិត​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​ភាគច្រើន​យល់​ថា មាន​សុវត្ថិភាព​គ្រប់​ស្ថានភាព ទាំង​ការ​បំពេញការងារ​ក្នុង​រោងចក្រ​, ការ​ធ្វើ​ដំណើរ​ទៅ​មក​, ការ​ស្នាក់​នៅ និង​ក្នុង​បន្ទប់​ជួល​នៅ​ពេល​យប់ ។ ទោះបី​យ៉ាងណា ការ​ស្រាវជ្រាវ​ក៏​រក​ឃើញ​ពី​ការ​ព្រួយបារម្ភ​អំពី​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​មក ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​មក​រោងចក្រ ត្រូវ​បាន​គេ​រក​ឃើញ​ថា គិត​ជា​មធ្យម​ប្រើ​ថេរវេលា​២២​នាទី​។ ចំណែក​អ្នក​ដែល​រស់នៅ​ផ្ទះ​ផ្ទាល់ខ្លួន​ត្រូវ​ចំណាយពេល​ច្រើន​ជាង​នេះ​៣​ដង ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​ដូច​ជា ជិះ​ម៉ូតូ​មាន​៤៣%, ជិះ​រថយន្ដ​រួម​គ្នា​៤៣% និង​ដើរមក​ធ្វើការ​៨០%​សម្រាប់​អ្នក​រស់នៅ​បន្ទប់​ជួល ឬ​រោងចក្រ ។

ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​រក​ឃើញ​ថា កម្មករ​ទូទៅ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​៩៩,៨%, អ្នក​រស់នៅ​លំនៅ​ឋាន​៩៩,៤% និង​អ្នក​ជួល​ផ្ទះ​ឬ​រោងចក្រ​១០០% ខណៈ​ដែល​លទ្ធភាព​នៃ​ការ​ចំណាយ​លើ​អគ្គិសនី​វិញ កម្មករ​ទូទៅ​៩៤,២% អ្នក​រស់នៅ​លំនៅ​ឋាន​៩១,៦% និង​អ្នក​ជួល​ផ្ទះ​ឬ​រោងចក្រ​៩៥,៦% ដោយ​ក្នុង​១​ខែ គិត​ជា​មធ្យម ពួក​គេ​ចំណាយ​ជាង​៣​ម៉ឺន​រៀល​សម្រាប់​កម្មករ​ទូទៅ​, ជាង​៥​ម៉ឺន​រៀល​សម្រាប់​អ្នក​រស់នៅ​លំនៅ​ឋាន និង​អ្នក​ជួល​ផ្ទះ​ឬ​រោងចក្រ ប្រហែល​ជិត​២​ម៉ឺន​រៀល ។

អគ្គលេខាធិការ​នៃ​សហភាព​ចលនា​កម្មករ​កម្ពុជា ហៅ​កាត់​ថា CCW បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣ សីហា ថា ទាក់ទង​ជាមួយនឹង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ថ្វី​ដ្បិតតែ​វា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទាំងមូល​នៃ​ឧស្សាហកម្ម​កាត់ដេរ​ទូ​ទាំង​ប្រទេស ប៉ុន្ដែ​វា​ជា​តួលេខ​គោល​មួយ​សម្រាប់​ផ្ទៀងផ្ទាត់​ជាមួយ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឈាន​ទៅ​ចរចា​ប្រាក់ខែ​អប្បបរមា ឆ្នាំ​២០១៨ នា​ពេល​ខាង​មុខ ។

លោក ព្រាប មុន្នី​សុវណ្ណ អគ្គលេខាធិការ​រូប​នេះ​ថ្លែង​ថា ៖« ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឈ្វេងយល់​ពី​ស្ថានភាព​រស់នៅ​របស់​កម្មករ បញ្ហា​សុខភាព និង​ការ​ចំណាយ​ផ្សេង​ៗ​ដើម្បី​ឈាន​ទៅ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នា​ពេល​ខាង​មុខ » ។

លោក​បន្ដ​ថា ៖« យើង​បាន​ជជែក​ពិភាក្សា​គ្នា​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ផ្សេង​ៗ​គ្នា ដើម្បី​ធ្វើការ​ប្រៀបធៀប​ថា តើ​វា​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាងដូចម្តេច ដើម្បី​ឈាន​ទៅ​ធ្វើ​ការងារ​នេះ​ឲ្យ​រលូន និង​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​អាច​ទទួលយក​បាន​ពី​ស្ថាប័ន​ផ្សេង​ៗ ក៏​ដូច​ជា​ផ្លូវការ​ទាំងមូល​តែ​ម្ដង » ។

ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៧ បាន​កំណត់​ពី​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨ ត្រូវ​អនុវត្ត​តាម​ប្រតិទិន​ដូច​តទៅ ៖
-​កំណត់​យក​ខែសីហា និង​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ ទ្វេភាគី និង​ជា​លក្ខណៈ​ត្រីភាគី ។
-​កំណត់​យក​ដើមខែ​តុលា ឆ្នាំ​២០១៧ ជា​ការ​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដើម្បី សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨ ។

-​ក្រសួង​ការងារ​បាន​ស្នើ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​(​ស្ថានភាព​គ្រួសារ អា​ត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​(​ផលិតភាព​ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ពី​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏​ដូច​ជា​បន្ទាត់​ភាព​ក្រីក្រ សម្រាប់​ធ្វើការ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ។

-​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៨ ។

វិស័យ​ឧស្សាហកម្ម​កាត់ដេរ គឺ​ស្មើ​ជាង​៨០%​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស ដែល​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ចំនួន​៥​ពាន់​លាន​ដុល្លារ ។

វិស័យ​នេះ នៅ​តែ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ដោយ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង មាន​ចំនួន​៧៨%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​នៅ​ឆ្នាំ​២០១៦ ដោយ​បាន​ស្រូប​កម្លាំង​ពលកម្ម​ប្រមាណ​៧០​ម៉ឺន​នាក់ ក្នុង​នោះ​ស្ត្រី​ប្រហែល​៨៥% ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ និង​ទទួល​បាន​ប្រាក់ខែ​អប្បបរមា​១៥៣​ដុល្លារ​ក្នុង​១​ខែ មិន​បូក​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ៕