ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ជប៉ុន​-​កម្ពុជា JCA សន្យា​ទាក់ទាញ​អ្នក​វិនិយោគ​ខ្លួន ដើម្បី​ជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​ជប៉ុន​-​កម្ពុជា (JCA) បាន​សន្យា​ថា នឹង​ទាក់ទាញ​អ្នក​វិនិយោគទុន​របស់​ខ្លួន ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត សម្រាប់​ចូលរួម​ជួយ​អភិវឌ្ឍន៍​វិស័យ​ធនធានមនុស្ស​របស់​កម្ពុជា ឲ្យ​កាន់តែ​មាន​សមត្ថភាព ទាំង​ចំណេះ​ជំនាញ…

រាជធានី​ភ្នំពេញ ៖ សមាគម​ជប៉ុន​-​កម្ពុជា (JCA) បាន​សន្យា​ថា នឹង​ទាក់ទាញ​អ្នក​វិនិយោគទុន​របស់​ខ្លួន ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត សម្រាប់​ចូលរួម​ជួយ​អភិវឌ្ឍន៍​វិស័យ​ធនធានមនុស្ស​របស់​កម្ពុជា ឲ្យ​កាន់តែ​មាន​សមត្ថភាព ទាំង​ចំណេះ​ជំនាញ ដើម្បី​ដើរ​ឲ្យ​ទាន់​តម្រូវការ​សង្គម​-​សេដ្ឋកិច្ច ដែល​កំពុង​មានការ​រីក​ចម្រើន នា​ពេល​បច្ចុប្បន្ន​នេះ​។

ការ​សន្យា​ថា នឹង​ជួយ​កម្ពុជា លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​រវាង ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា​(JCA) និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ការងារ ។

នា​ឱកាស នៃ​ជំនួប​នោះ ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក Takahashi Fumiaki ដែល​ជា​មិត្ត​ដ៏​ល្អ​មួយ​រូប​របស់​កម្ពុជា និង​ជា​អ្នកការទូត​ដ៏​មាន​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ប្រកបដោយ​ផ្លែផ្កា​។ បើ​ទោះបីជា​លោក Fumiaki បាន​បញ្ចប់​បេស​កម្ម​ការទូត​នៅ​កម្ពុជា​ក្តី តែ​រូប​លោក​នៅ​តែ​បន្ត​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី លើក​ឡើង​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដល់​កម្រិត ដៃគូរ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ មួយវិញទៀត​លំហូរ ពាណិជ្ជករ​ជប៉ុន បាន​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន វិនិយោគ​លើ​គ្រប់​វិស័យ បាន​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​បាន​យ៉ាងច្រើន នេះ​ជា​ការ​បង្ហាញ​ពី​សក្តានុពល និង​ភាព​ទាក់ទង​របស់​កម្ពុជា​។ ការ​មើលឃើញ​ពី​វត្តមាន​របស់​អ្នក​វិនិយោគ​ជប៉ុន មក​កាន់​កម្ពុជា​ច្រើន ជា​ការ​ជំរុញ​ទាក់ទាញ​អ្នក​វិនិយោគ​ប្រទេស​ដទៃ​ផ្សេង​ទៀត មក​កាន់​កម្ពុជា​ក៏​កាន់តែ​ច្រើន​បន្ថែម​ទៀត ផង​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ត​ថា ការ​វិនិយោគ​របស់​ជប៉ុន ពិតជា​នាំ​នូវ​បច្ចេកវិទ្យា​ទំនើប​ថ្មី​ៗ និង​យន្តការ​គ្រប់គ្រង​ក្រុមហ៊ុន រោងចក្រ ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។ ឯកឧត្តម កត់សម្គាល់​ឃើញ​ថា ក្រុមហ៊ុន​របស់​ជប៉ុន ដែល​មាន​វត្ត​មាននៅ​កម្ពុជា កម្រ​មាន​វិវាទ​ការងារ​ណាស់ ក្រុមហ៊ុន​អនុវត្ត ទៅ​តាម​ច្បាប់​បាន​ល្អ រួម​នឹង​ទំនាក់ទំនង​រវាង​និយោជក​ជប៉ុន និង​កម្មករ​និ​យោ​ជិ​ក​កម្ពុជា មាន​ភាព​សុខដុមរមនា​នឹង​គ្នា ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ចង់​ឃើញ​កម្មសិក្សាការី​កម្ពុជា បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ឲ្យ​បាន​៥​ម៉ឺន​នាក់ ខណៈ​បច្ចុប្បន្ន កម្មសិក្សាការី​កម្ពុជា បាន​ចេញ​ទៅ​ធ្វើការ​នៅ​ជប៉ុន បាន​ត្រឹម​ប្រមាណ​២​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ដោយ​ឯកឧត្តម ស្នើ​ដល់​ខាង​ភាគី​ជប៉ុន​ធ្វើការ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​ចំនួន​៥​ម៉ឺន​នាក់ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី លោក Fumiaki រួម​នឹង​សមាជិក​របស់​សមាគម នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា ជួ​យមក​កម្ពុជា​លើ​ជំនាញ​ដ៏​ចាំបាច់ ដែល​កំពុង​មាន​តម្រូវការ​សម្រាប់​ទៅ​ធ្វើការ​នៅ​ជប៉ុន​។
ជាមួយនឹង​នេះ ដោយ​សង្កេត​ឃើញ​ថា រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន បាន​ចរាចរណ៍​នៅ​កម្ពុជា មាន​ចំនួន​កាន់តែ​ច្រើន ដែល​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ខាង​ជប៉ុន ផ្តល់​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ថែទាំ និង​ជួសជុល​រថយន្ត​នេះ ទៅ​ដល់​យុវជន​កម្ពុជា ឲ្យ​កាន់តែ​មាន​សមត្ថភាព រួម​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​កែស​ម្ជ​ស្ស ដែល​ជា​ជំនាញ​មួយ កំពុង​តែ​ពេញ​និយម ដែល​អាច​ផ្តល់​ចំណូល​បាន​ប្រសើរ បើ​យុវជន យុវតី​របស់​កម្ពុជា ចាប់​យក​អាជីព​ខាង​កែស​ម្ជ​ស្ស​នេះ បាន​ស្ទាត់ជំនាញ ។

ដើម្បី​ចូលរួម​អបអរសាទរ គម្រប់​ខួប​លើក​ទី​៧០ នៃ​ចំណងមិត្តភាព​រវាង​កម្ពុជា​-​ជប៉ុន ខាង​សមាគម​ជប៉ុន​-​កម្ពុជា (JCA) គ្រោង​នឹង​រៀបចំ​នូវ​កម្មវិធី​មួយ​ចំនួន ដើម្បី​ជា​ការ​រំលឹក នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ផង ក៏​ដូច​ជា​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​កម្ពុជា ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​គិតគូ យកចិត្តទុកដាក់​ដល់​កម្មសិក្សាការី​កម្ពុជា​ដែល​បាន​ទៅ​ធ្វើការ​នៅ​ជប៉ុន និង​ជួយ​កម្ពុជា​លើ​ជំនាញ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ ដែល​ស្របគ្នា​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ ក៏​ដូច​ជា​ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា​ឆ្នាំ​២០៣៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ