ខេត្តកណ្តាល ៖ រថយន្តដឹកដីជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនចាក់លុបដីឡូត៍មួយកន្លែងនៅជាប់ដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយគ្មានពេលវេលាម៉ោងសម្រាកឡើយ សូម្បីតែមេឃកំពុងភ្លៀងរលឹមក៏នៅតែធ្វើការដឹកជញ្ជូនដាក់ហៀរៗទ្រុងគ្មានគ្របវេចខ្ចប់ឲ្យបានត្រឹមត្រូវតាមការណែរនាំរបស់អាជ្ញាធរ បណ្តាលឲ្យជ្រុះរប៉ាត់រប៉ាយពាសពេញលើដងផ្លូវសាធារណៈ និងចាក់ហៀរមកលើថ្នល់ជាតិបង្កការលំបាកដល់អ្នកធ្វើដំណើរអាចរអិល និងបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុព្រោះដីនេះគឺសុទ្ធតែជាដីឥដ្ឋ។ ប្រភពព័ត៌មាននិយាយថា ម្ចាស់ដីគឺនៅភ្នំពេញមិនស្គាល់ឈ្មោះទេ។
ចំណែកម្ចាស់អាជីវកម្មដឹកអាចម៍ដីលក់ឮថាឈ្មោះជាតិ បានធ្វើសកម្មភាពដឹកជញ្ជូនដាក់ហៀរៗទ្រុង គ្មានគ្របនេះរយៈពេលជិតមួយខែហើយ សូម្បីតែមេឃកំពុងរលឹមភ្លៀងក៏ពួកគេនៅតែបន្តដឹកបណ្តោលជ្រុះដីឥដ្ឋពាសពេញលើដងផ្លូវថ្នល់ជាតិបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសនៅរដូវវស្សានេះ អាចរអិលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ពាក់ព័ន្ធរថយន្តដឹកដីដាក់ហៀរទ្រុងមិនគ្របជ្រុះលើដងផ្លូវត្រង់ចំណុចមុខការដ្ឋានបង្កការលំបាកដល់អ្នកធ្វើដំណើរខាងលើនេះ លោក នេត វាសនា ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុកកៀនស្វាយឲ្យដឹងតាមទូរសព្ទ័នារសៀលថ្ងៃទី៣ ខែសីហាថា អាជីវកម្មដឹកដីរបស់ឈ្មោះ ជាតិ គ្មានច្បាប់អនុញ្ញាតទេ។
រីឯលោក ចាន់ វុទ្ធា ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូនស្រុកបានប្រាប់តាមទូរសព្ទ័យ៉ាងខ្លីថា ចាំលោកចុះទៅពិនិត្យមើល។ ចំណែកលោក សុខ ខ្នា អនុប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោងធំ ក៏បានឲ្យដឹងដែរថា រូបលោកបានហៅម្ចាស់ដីមកណែនាំម្តងពីរដងហើយថា កុំឲ្យចាក់អាចម៍ដីហៀរមកលើផ្លូវថ្នល់ប៉ះពាល់ដល់អ្នកធ្វើដំណើរតែគេនៅតែមិនស្តាប់៕
ចែករំលែកព័តមាននេះ