ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកញើស​ដូច​គ្នា តែ​អ្នកជំនាញ​ថា ហាត់ប្រាណតាម​ចង្វាក់ភ្លេង ​និង​ក្នុង​ក្លិប​​លទ្ធផល​ខុស​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​បច្ចុប្បន្ន គេ​នៅ​តែ​កត់​សម្គាល់ថា សកម្មភាព​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង​នៅ​តាម​សួនច្បារ និង​ទី​សាធារណៈនានា​ក្នុង​ក្រុង​នៅ​តែ​មាន​សកម្មភាព​ខ្លាំង បើ​ទោះជា​

រាជធានី​ភ្នំពេញ ៖ មក​ទល់​បច្ចុប្បន្ន គេ​នៅ​តែ​កត់​សម្គាល់ថា សកម្មភាព​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង​នៅ​តាម​សួនច្បារ និង​ទី​សាធារណៈនានា​ក្នុង​ក្រុង​នៅ​តែ​មាន​សកម្មភាព​ខ្លាំង បើ​ទោះជា​សកម្មភាព​មួយ​នេះ​មិន​មាន​កម្រិត​គគ្រឹកគគ្រេង​ដូច​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​មុន​ក្ដី ដោយសារ​តែ​វត្តមាន​ក្លិប​ហាត់ប្រាណ​កាន់តែ​កើតឡើង​ច្រើន​នា​ពេល​ចុង​ក្រោយ ។ អ្នកជំនាញ និង​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​ជា​ច្រើន​រូប​សុទ្ធតែ​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​ជុំវិញ​ការ​ហាត់ប្រាណ​តាម​ក្លិប​ដែល​មាន​ឧបករណ៍ និង​ការ​ហាត់ប្រាណ​របៀប​​រាំ​តាម​ចង្វាក់ភ្លេង​នៅ​លើ​សួនច្បារ​ឬ​ទី​សាធារណៈ​ដែល​សុទ្ធតែ​ជា​សកម្មភាព​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាមបណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជាក់ស្ដែង បើ​គេ​ក្រឡេក​ទៅ​មើល​បរិវេណ​ស្ដា​ត​អូ​ឡាំ​ពិ​ក សួនច្បារ​មុខ​វត្ត​បទុម សួនច្បារ​មុខ​វាំង សួនច្បារ​ម្ដុំ​វត្ត​ភ្នំ សួនច្បារ​មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជាដើម គេ​នៅ​តែ​ឃើញ​មនុស្ស​ប្រុស​ស្រី​ទៅ​ផ្ដុំ​គ្នា​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង​ទាំងពេល​ព្រឹក និង​ពេល​ល្ងាច ដោយ​ម្នាក់​ៗ​ត្រូវ​ទៅ​បង្ហាញ​មុខជា​ប្រចាំ​សឹង​ក្លាយជា​ទម្លាប់​ទៅ​ហើយ រហូត​ពួក​គាត់​ស្គាល់គ្នា​ក្លាយជា​មិត្ត​ជិត​ស្និទ្ធ​នៅ​ពេល​បាន​ចូលរួម​រាំ​ហាត់ប្រាណ​ជុំ​គ្នា​បែប​នេះ​។ ភាគច្រើន​អ្នកមាន​ចំណូលចិត្ត​បែប​នោះ​ច្រើន​តែ​ជា​ចាស់​ៗ និង​អ្នក​មិនសូវ​ចូល​ចិត្ត​ហាត់​ប្រាណ​ក្នុង​ក្លិប​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ប្រើ​កម្លាំង​លើក​ដុំ​ដែក ឬ​ប្រើ​កម្លាំង​ជាមួយ​ឧបករណ៍​ផ្សេង​ៗ​ដែល​នាំ​ឱ្យ​ឈឺ​សរសៃសសូង ។ អ្នក​ហាត់ប្រាណ​ដោយ​មធ្យោបាយ​រាំរែក​តាម​សួន បាន​អះអាង​ថា ការ​ហាត់ប្រាណ​តាម​ក្លិប​មិនមែន​ជា​ចំណូលចិត្ត​របស់​ខ្លួន​នោះ​ទេ ដោយសារ​ទី​១​ក្លិប​ហាត់​ប្រាណ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ និង​ទី​២​ការ​ហាត់ប្រាណ​តាម​ក្លិប​មិន​ធ្វើ​ឱ្យ​មាន​បរិយាកាស​សប្បាយ​រីករាយ​ដូច​គ្នា​នឹង​ការ​ហាត់ប្រាណ​ដោយ​រាំ​ជុំ​គ្នា​ទេ ។

អ្នក​បង្ហាញខ្លួន​ក្នុង​វង់​រាំ​ហាត់ប្រាណ​បាន​អះអាង​ថា ក្នុង​មួយ​ថ្ងៃ​ដ្បិតថា​ចំណាយ​ឱ្យ​គ្រូបង្វឹក​ក្នុង​ម្នាក់​ពី​១០០០​រៀល ទៅ​១៥០០​រៀល​មិន​ខុស​គ្នា​ពី​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​បរិយាកាស​គឺ​មិន​ដូច​គ្នា​ទេ ។ ម្នាក់​ៗ​យល់​ថា ការ​ហាត់ប្រាណ​ដោយ​ការ​រាំ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​នៅ​ពេល​រាំ​ច្រើន​គឺ​បែកញើស​ខ្លាំង​មាន​សុខភាព​ល្អ​មិន​ខុស​គ្នា​នឹង​ការ​ហាត់​ក្នុង​ក្លិប​ប៉ុន្មាន​ទេ ។ ស្ត្រី​វ័យ​កណ្ដាល និង​វ័យ​ចំណាស់​បន្តិច​ភាគច្រើន​សុទ្ធតែ​អះអាង​ថា ការ​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង​នៅ​លើ​សួនច្បារ​បែប​នេះ ក្រៅពី​ធ្វើ​ឱ្យ​រាង​កាយ​បាន​បញ្ចេញ​ញើស​ដោយ​មិន​ពិបាក ថែម​ទាំង​ធ្វើ​ឱ្យ​ពួក​គាត់​បាន​ស្គាល់គ្នា និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ច្រើន​ឡើង​នៅ​ពេល​ហាត់​ក្នុង​រយៈពេល​យូរ ។ ក្នុង​នោះ​ក៏​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​ជា​លក្ខណៈ​មនុស្ស​ចាស់ និង​អ្នក​ស្គាល់​គ្នា​ជិត​ស្និទ្ធ ដោយ​មិន​ពិបាក​រៀប​ឫកពា​ដូច​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​ដែល​មាន​លក្ខណៈ​ដោយឡែក​ៗ​ពី​គ្នា​នោះ ។

នៅ​តាម​សួន​សំខាន់​ៗ​ដែល​មាន​សកម្មភាព​ហាត់ប្រាណ​តាម​របៀប​រាំរែក​បែប​នេះ កម្រ​ណាស់​ដែល​គេ​មិនឃើញ​អ្នកចូលរួម​មិន​សើច​សប្បាយ និង​ប្រឹង​រាំ​ពត់​ពែន​មិន​ខុស​ពី​រាំ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ដោយ​មិន​ខ្មាស​ក្រសែភ្នែក​អ្នក​ឈរ​ទស្សនា​នោះ​ផង ។ ជា​រៀង​រាល់​ព្រឹក និង​រាល់​ល្ងាច សកម្មភាព​បែប​នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​គ្រូបង្វឹក​ទទួល​បាន​ប្រាក់​ចំណូល និង​ជួយ​ឱ្យ​អ្នក​ហាត់​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ក្លាយជា​ចំណី​អារម្មណ៍​ប្លែក​ដែល​អាច​ទាក់ទាញ​អ្នកទេសចរ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។ ជាក់ស្ដែង នៅ​តាម​ទីតាំង​ដែល​មាន​អ្នក​ហាត់ប្រាណ​ជុំ​គ្នា​រាំរែក គឺ​កម្រ​មិន​មាន​អ្នក​អង្គុយ​មើល​ខ្លាំង​ណាស់ ដោយ​ភាព​ជាក់ស្ដែង​គឺ​អ្នក​អង្គុយ​មើល​ទាំងនោះ​ក៏​ចូល​រាំ​ដែរ​នៅ​ពេល​ឃើញ​សកម្មភាព​រាំរែក​មាន​ភាព​ស្រុះគ្នា ហើយ​រស់​រវើក ។

អ្នក​ចំណាយពេល​ហាត់ប្រាណ​ទម្រង់​នេះ ទទួល​បាន​ផល​ចំណេញ​មួយទៀត គឺ​ចេះ​ក្បាច់​រាំ​ប្លែក​ៗ ហើយ​រាំ​បាន​ស្រុះគ្នា​ល្អ​ផង ​ទើប​ធ្វើ​ឱ្យ​ការ​ហាត់ប្រាណ​តាម​សួន​នៅ​តែ​មាន​សកម្មភាព​ខ្លាំង​ដដែល បើ​ទោះជា​មាន​វត្តមាន​ក្លិប​ហាត់ប្រាណ​ក្បែរ​ផ្ទះ​ច្រើន​ឡើង​នា​ពេល​ចុង​ក្រោយ​ក្ដី ។ អ្នកមាន​ទម្លាប់​ហាត់ប្រាណ​របៀប​នេះ រមែង​ចាំ​ម៉ោង​ចាំ​ពេល ហើយ​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម​ធំ​ៗ​ដោយ​ការ​តាំងចិត្ត​នោះ​ផង ។ ជាក់ស្ដែង​ក្រុម​អ្នក​ហាត់ប្រាណ​នៅ​ត្រង់​បរិវេណ​ស្ដា​ត​អូ​ឡាំ​ពិ​ក ដែល​មាន​រហូត​ដល់​រាប់រយ​នាក់ មិនមែន​មាន​តែ​អ្នក​រស់នៅ​ជុំវិញ​ស្ដា​ត​ប៉ុណ្ណោះ​ទេ គឺ​អ្នក​ចម្ងាយ​ក៏​មាន​ដែរ ដោយ​អ្នក​ទាំងនោះ​បាន​អះអាង​ថា ហេតុផល​ដែល​បន្ត​ស្កាត់​មក​ហាត់​ដល់ទី​នោះ​គឺ​ដោយសារ​តែ​ស្គាល់គ្នា​ច្រើន​ហើយ និង​ចង់​ជួបជុំ​គ្នា​ផង ។ ម្នាក់​ៗ​សុទ្ធតែ​និយាយ​ថា​ការ​ហាត់ប្រាណ​ដោយ​រាំរែក​ធ្វើ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ មិន​ខុស​គ្នា​នឹង​ការ​ហាត់ប្រាណ​ក្នុង​ក្លិប ក្នុង​ពេល​ដែល​អ្នកជំនាញ​ទទួលស្គាល់​ថា​នោះ​ជា​ការ​ពិត ប៉ុន្តែ​សម្រាប់​លទ្ធផល​នៅ​តែ​ខុស​គ្នា​ដាច់​ឆ្ងាយ​ពី​ការ​ហាត់ប្រាណ​ក្នុង​ក្លិប ។

លោក រស់ សោ​ភ័​ណ្ឌ ជា​គ្រូបង្វឹក​ហាត់ប្រាណ​ក្នុង​សណ្ឋាគារ​ធំ​ៗ និង​ជា​តារា​សម្ដែង​ផង​បាន​អះអាង​ថា ការ​ហាត់ប្រាណ​ដោយ​រាំ​តាម​សួន និង​ហាត់ប្រាណ​ក្នុង​ក្លិប​មិន​ដូច​គ្នា​នោះ​ទេ ហើយ​វា​រឹតតែ​ខុស​គ្នា​ទៅ​ទៀត​បើ​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​មាន​គ្រូបង្វឹក​ច្បាស់លាស់ ។ លោក​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​នឹង​លេច​លទ្ធផល​តាម​ការ​ចង់បាន​របស់​អ្នក​ប្រឹងប្រែង​ដូច​ជា​ការ​ចង់​សម្រក​ក្បាលពោះ​ត្រូវ​ហាត់​ជាមួយ​ឧបករណ៍​ណា ចង់​សម្រក​ខ្លាញ់​កំភួនជើង​ត្រូវ​ហ្វឹកហាត់​ជាមួយ​ឧបករណ៍​ណា និង​ត្រូវ​ហ្វឹកហាត់​យ៉ាងម៉េច​ឱ្យ​ល្អជា​ដើម ។ លោក​ថា​អ្នក​ចង់​ហាត់ប្រាណ​គ្រាន់តែ​ឱ្យ​បែកញើស គឺ​ពិតជា​ឱ្យ​តម្លៃ​លើ​ការ​ហាត់ប្រាណ​តាម​សួន តែបើ​ចង់បាន​រាង​កាយ​ស្អាត និង​ចង់បាន​សាច់ដុំ ឬ​សម្រក​សាច់​ខ្លាញ់​ត្រង់​ចំណុច​ណាមួយ គឺ​មិន​មាន​អ្វី​ប្រសើរ​ជាង​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​នោះ​ទេ ។

លោក​ថា បើ​ទោះ​អ្នក​ហាត់ប្រាណ​តាម​សួន​នៅ​តែ​មាន​ចំនួន​ច្រើន ប៉ុន្តែ​អ្នក​ហាត់ប្រាណ​ក្នុង​ក្លិប​ក៏​មាន​ច្រើន​ដូច​គ្នា​ដែរ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​លោក​សឹង​មិន​មាន​ពេល​បង្វឹក​បច្ចេកទេស​ដល់​អ្នក​ចង់បាន​សាច់​ស្អាត និង​ចង់​មាន​សុខភាព​ល្អ​ផង​។ លោក​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​គេ​មាន​ទម្រង់ និង​បច្ចេកទេស​របស់​គេ​ច្បាស់លាស់ ហើយ​ក្រោយ​ការ​ព្យាយាម​គឺ​អ្នក​ហាត់​នឹង​ទទួល​បាន​លទ្ធផល​ច្បាស់លាស់ ដែល​ផ្ទុយ​ពី​ការ​ហាត់ប្រាណ​ដោយ​រាំ​តាម​សួន គឺ​បាន​ត្រឹមតែ​បែកញើស​តែ​មិន​ច្បាស់​ថា បាន​ផ្នែក​ណាមួយ​តាម​ការ​ពេញចិត្ត​នោះ​ទេ ។ លោក​ថា ការ​ហាត់ប្រាណ​តាម​ក្លិប​គឺ​អ្នក​ហាត់​នឹង​មាន​សាច់​ណែន រឹង​មាំ ហើយ​បើ​និយាយ​ពី​រាង​កាយ​គឺ​មានការ​ប្រែប្រួល ដោយ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ឡើង​នៅ​ពេល​អ្នក​ហាត់​កាន់តែ​បន្ត​ហាត់​ឱ្យ​បាន​ច្រើន ។ ក្នុង​នោះ បើ​និយាយ​ពី​សុវត្ថិភាព​ក៏​ខុស​គ្នា​ណាស់​ដែរ ដោយសារ​តែ​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​មិន​ភ័យ​រឿង​ចោរឆក់​ចោរប្លន់ ដោយសារ​តែ​កត់សម្គាល់​នោះ​ទេ ។

ទោះបី​យ៉ាងណា លោក​ទទួលស្គាល់​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​គឺ​ពិតជា​តម្រូវ​ឱ្យ​អ្នក​ចង់​ហាត់​ចំណាយពេល​ច្រើន និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ច្រើន​មែន ដែល​ផ្ទុយ​ពី​ការ​ហាត់ប្រាណ​ដោយ​រាំ​តាម​សួន គឺ​ឃើញ​កន្លែង​ណា​អាច​ចូល​ហាត់​កន្លែង​ហ្នឹង​បាន ។ លោក​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​បើ​ត្រូវ​ហាត់ប្រាណ​ក្នុង​ក្លិប​ល្អ​ៗ ហើយ​មាន​គ្រូបង្វឹក​ជំនាញ​ទៀត គឺ​រឹតតែ​ត្រូវ​ចំណាយ​ដល់​ខ្ទង់រយ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្នុង​ពេល​ដែល​ការ​ហ្វឹកហាត់​នោះ​ក៏​មាន​ពី​របៀប​តម​អាហារ និង​ថែ​សុខភាព​ច្បាស់លាស់​ផង​ដែរ ។

លោក ខេ​វិ​ន ជា​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​តាម​សួន​កាលពីមុន​បាន​អះអាង​ថា ក្រោយ​ការ​បង់លុយ​ហ្វឹកហាត់​ក្នុង​ក្លិប​លោក​យល់​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​ទទួល​បាន​អត្ថប្រយោជន៍ច្រើន​ជាង បើ​ទោះជា​បរិយាកាស​គឺ​មិន​សប្បាយ​ក្ដី ។ លោក​ថា ក្នុង​ពេល​ចំណាយពេល​ហាត់​រាំ​តាម​សួន​គឺ​បាន​ត្រឹមតែ​បែកញើស និង​មាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​លោក​ប្ដូរ​មក​ហាត់ប្រាណ​ក្នុង​ក្លិប​វិញ គឺ​មានការ​ប្រែប្រួល​ជាង​មុន ជា​ពិសេស​គឺ​ដឹង​ពី​របៀប​ហាត់​យក​រាង ហាត់​យក​សាច់​ស្មា ហាត់​យក​សាច់​ដុំដៃ ហាត់​យក​ក្បាលពោះ និង​ហាត់​យក​សាច់ដុំ​ផ្នែក​ផ្សេង​ៗ ដោយ​លោក​បញ្ជាក់​ថា ក្រោយ​ការ​ប្រឹងប្រែង​គឺ​ឃើញ​រាង​របស់​ខ្លួន​ចាប់ផ្ដើម​ស្រឡាញ់​ជាង​មុន ។ យ៉ាងណាមិញ លោក​ថា​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​គឺ​ត្រូវ​ប្រើ​ការ​អត់ធ្មត់ និង​ភាព​តស៊ូ ដោយសារ​តែ​ឧបករណ៍​ដែល​តម្រូវ​ឱ្យ​ហ្វឹកហាត់​ជាមួយ សុទ្ធតែ​បណ្ដាល​ឱ្យ​ឈឺខ្លួន​ខ្លាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង ជា​ពិសេស​សម្រាប់​អ្នក​មក​ហាត់​ឈប់​ៗ​មិន​ជាប់លាប់ គឺ​រឹតតែ​ពិបាក​។ ប៉ុន្តែ​បើ​ធៀប​នឹង​ការ​ហាត់ប្រាណ​តាម​សួន លោកថា​សប្បាយ​ជាង និង​ស្រស់ស្រាយ​ជាង
ដោយសារ​តែ​បរិយាកាស គឺ​មិន​តែឯង​ៗ​ដូច​ការ​ហាត់ប្រាណ​ក្នុង​ក្លិប ហើយ​បើ​និយាយ​ពី​ការ​ចំណាយ​ថវិកា​វិញ ក៏​តិច​ជាង​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​ដែរ ៕