ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ស្ពាន​អាកាស​ផ្លូវ​៦០​ម៉ែត្រ ក្បាលថ្នល់ ​ជួប​ការ​លំបាក​ផ្នែក​ខ្លះ ​ដោយសារ​ការ​តវ៉ា​ពី​ពលរដ្ឋ ក្នុង​ពេល​ដំណើរការ​ខួង​គ្រឹះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រធាន​មន្ទីរ សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​

រាជធានី​ភ្នំពេញ​ ៖ ប្រធាន​មន្ទីរ សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២៣​នេះ​ថា ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​៦០​ម៉ែត្រ​ក្បាលថ្នល់​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​តែ​ធ្វើការ​ខួង​គ្រឹះ​ស្ពាន​ដែល​ទាំងអស់​មាន​ចំនួន 219​ដើម ។ យើង​ទើបនឹង​បាន​បញ្ចប់​ការ​ខួង​និង​ចាក់​បេតុង​ប្រមាណ 25​ដើម​/ 219​ដើម ស្មើនឹង 11.41% ។ ក្នុង​នោះ​ផ្នែក​ខាងលើ​ផ្លូវ​៦០ ម៉ែត្រ នៅ​តំបន់ N-1 យើង​បាន​ខួង​គ្រឹះ​រួចរាល់​ចំនួន​22 ដើម នៅ​តំបន់ N-2 កំពុង​រៀបចំ​ការដ្ឋាន​ដើម្បី​ធ្វើការ​ខួង​គ្រឹះ​បន្ត តែ​តំបន់​នេះ​ក៏​ពិបាក​ក្នុង​ការ​រៀប​របាំង​ការដ្ឋាន​ផង​ដែរ ដោយសារ​ប្រជាពលរដ្ឋ​មានការ​តវ៉ា​។

លោក សាំ ពិសិដ្ឋ បាន​បន្ត​ថា ចំណែក​លើ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​តំបន់ N-3 យើង​បាន​ធ្វើការ​ខួង​គ្រឹះ​បាន​ចំនួន 3​ដើម និង​រង់ចាំ​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ដើម្បី​បន្តការងារ​ទៀត​ចំណែក​នៅ​លើ​ផ្លូវ​២៧១​ពុំ​ទាន់​បាន​ចូល​សាងសង់​នៅឡើយ​។

គួរ​រំលឹក​ថា ស្ពាន​អាកាស​៦០​ម៉ែត្រ​ក្បាលថ្នល់​នេះ ត្រូវ​ប​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២២​។ គម្រោង​សាងសង់​ស្ពាន​អាកាស​នេះ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដោយ​គ្រោង​ចំណាយ​ថវិកា​ចំនួន ៣៦.៧៧៥.០០០​ដុល្លា​អា​មេ​រិ​ក ប្រើប្រាស់​រយៈពេល​សាងសង់ ៣៦​ខែ​។

យោង​តាម​ឯកសារ​​បាន​បង្ហាញ​ថា លក្ខណៈ​បច្ចេកទេស​នៃ​ផ្លូវថ្នល់​ផ្ទាល់​ដី ស្ពាន​អាកាស​ជាន់​ទី​១ និង​ជាន់​ទី​២ ដោយ​ទី ១. ផ្លូវថ្នល់​ផ្ទាល់​ដី​៖ មាន​រង្វង់​មូល នៅ​ត្រង់​ចំណុចប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេង​គ្នា​។ រង្វង់​មូល​៖ (​មាន​បរិ​មាត្រ ១៧៨​ម៉ែត្រ x ទទឹង​១១.៨៥​ម៉ែត្រ​)​។ កាំ​រង្វង់​ក្នុង ២០.០០​ម៉ែត្រ និង​កាំ​រង្វង់​ក្រៅ ៣៣.០០​ម៉ែត្រ ដែល​មាន​តួនាទី​ជា​រង្វង់​មូល​ដើម្បី​បែងចែក​ទិស​ដៅ​ចរាចរណ៍ ។ គន្លង​ចរាចរណ៍​មាន​៣​គន្លង​ផ្លូវ (​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៩៥​ម៉ែត្រ​ក្នុង​មួយ​គន្លង​)​។ កម្ពស់​សុវត្ថិភាព ៥.០០​ម៉ែត្រ ផ្នែក​ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​ជាន់​ទី​១ ១.២ ផ្លូវថ្នល់​ផ្ទាល់​ដី​៖ តាម​បណ្តោយ​ស្ពាន និង​ក្រោម​ស្ពាន​ដែល​ត​ភ្ជាប់​ទៅ​នឹង​រង្វង់​មូល (​មាន​ទទឹង ៧​ម៉ែត្រ​)​។

ទិស​ដៅ​ចរាចរណ៍​៖ ផ្លូវ​ឯកទិស មាន​ទិស​ដៅ​ទៅ និង​មក​ពី​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះ​មុនី​វង្ស វិ​ថី​កង​យោធពលខេមរភូមិន្ទ ស្ពាន​ព្រះ​មុនី​វង្ស និង​ផ្លូវជាតិ​លេខ​២​។ គន្លង​ចរាចរណ៍​៖ ២​គន្លង​ផ្លូវ (១​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០​ម៉ែត្រ​)​។ ទី​២. ស្ពាន​អាកាស​ជាន់​ទី​១៖ ជា​ស្ពាន​រង្វង់​មូល នៅ​ត្រង់​ចំណុចប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេង​គ្នា នៃ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ស្ពាន​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​មុនី​វង្ស និង​វិ​ថី​កង​យោធពលខេមរភូមិន្ទ​។ ២.១ ស្ពាន​អាកាស​រង្វង់​មូល​៖ (​មាន​បរិ​មាត្រ ១៧៨​ម៉ែត្រ x ទទឹង​១២.៨៥​ម៉ែត្រ​) ។ កាំ​រង្វង់​ក្នុង ២០.០០​ម៉ែត្រ និង​កាំ​រង្វង់​ក្រៅ ៣៣.០០​ម៉ែត្រ ដែល​មាន​តួនាទី​ជា​រង្វង់​មូល​ដើម្បី​បែងចែក​ទិស​ដៅ​ចរាចរណ៍ ។

គន្លង​ចរាចរណ៍ មាន​៣​គន្លង​ផ្លូវ (​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៩៥​ម៉ែត្រ ក្នុង​មួយ​គន្លង​) ។ កម្ពស់​សុវត្ថិភាព : ៥.០០​ម៉ែត្រ ផ្នែក​ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​ជាន់​ទី​២​។ ២.២ ស្ពាន​អាកាស​ខ្នែង​A ៖ ឆ្ពោះទៅ​ស្ពាន​ព្រះ​មុនី​វង្ស (​មាន​ប្រវែង ២០០​ម៉ែត្រ x ទទឹង ១១.៥០​ម៉ែត្រ​) ទិស​ដៅ​ចរាចរណ៍ : ផ្លូវ​ទ្វេ​ទិស មាន​ទិស​ដៅ​ទៅ​មក​ពី​ស្ពាន​ព្រះ​មុនី​វង្ស គន្លង​ចរាចរណ៍ : ៤​គន្លង​ផ្លូវ​ទៅ​មក (២​គន្លង​ទៅ និង​២​គន្លង​មក ដែល​ម្ខាង​មាន ១​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០​ម៉ែត្រ + ១​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន​ទំហំ ១.៥០​ម៉ែត្រ​)​។ ២.៣ ស្ពាន​អាកាស​ខ្នែង​B៖ វិ​ថី​កង​យោធពលខេមរភូមិន្ទ (​មាន​ប្រវែង ២០០​ម៉ែត្រ x ទទឹង ៦.០០​ម៉ែត្រ​) ទិស​ដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិស​ដៅ​ឆ្ពោះទៅ​វិ​ថី​កង​យោធពលខេមរភូមិន្ទ ។​

គន្លង​ចរាចរណ៍ ២​គន្លង​ផ្លូវ (១​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០​ម៉ែត្រ + ១​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន​ទំហំ ១.៥០​ម៉ែត្រ​) ២.៤ ស្ពាន​អាកាស​ខ្នែង​C៖ មហាវិថី​ព្រះ​មុនី​វង្ស (​មាន​ប្រវែង ១៤៤​ម៉ែត្រ x ទទឹង ៦.០០​ម៉ែត្រ​) ។​ទិស​ដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិស​ដៅ​មក​ពី​មហាវិថី​ព្រះ​មុនី​វង្ស គន្លង​ចរាចរណ៍ ២​គន្លង​ផ្លូវ (១​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០​ម៉ែត្រ + ១​គន្លង​ផ្លូវ សម្រាប់ទោ​ចក្រយានយន្ត​មាន​ទំហំ ១.៥០​ម៉ែត្រ​) ២.៥ ស្ពាន​អាកាស​ខ្នែង​D៖ មហាវិថី​ព្រះ​មុនី​វង្ស (​មាន​ប្រវែង ១៦១​ម៉ែត្រ x ទទឹង ៦.០០​ម៉ែត្រ​) ទិស​ដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិស​ដៅ​ឆ្ពោះទៅ​មហាវិថី​ព្រះ​មុនី​វង្ស គន្លង​ចរាចរណ៍ : ២​គន្លង​ផ្លូវ (១​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០​ម៉ែត្រ + ១​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត​មាន​ទំហំ ១.៥០​ម៉ែត្រ​)​។

២.៦ ស្ពាន​អាកាស​ខ្នែង​E៖ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​មាន​ប្រវែង ១៥១​ម៉ែត្រ x ទទឹង ៦.០០​ម៉ែត្រ​) ទិស​ដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិស​ដៅ​មក​ពី​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន គន្លង​ចរាចរណ៍ :២​គន្លង​ផ្លូវ (១​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣. ៥០​ម៉ែត្រ + ១​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន​ទំហំ ១.៥០​ម៉ែត្រ​)​។ ២.៧ ស្ពាន​អាកាស​ខ្នែង​F៖ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​មាន​ប្រវែង ១៣១​ម៉ែត្រ x ទទឹង ៦.០០​ម៉ែត្រ​) ទិស​ដៅ​ចរាចរណ៍ : ផ្លូវ​ឯកទិស មាន​ទិស​ដៅ​ឆ្ពោះទៅ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន – គន្លង​ចរាចរណ៍ : ២​គន្លង​ផ្លូវ (១​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០​ម៉ែត្រ + ១​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត​មាន​ទំហំ ១.៥០​ម៉ែត្រ​)​។

៣. ស្ពាន​អាកាស​ជាន់​ទី​២៖ (​មាន​ប្រវែង ១,២០០​ម៉ែត្រ x ទទឹង​ពី ១៤.០០​ម៉ែត្រ ទៅ ១៥.៨០​ម៉ែត្រ​) ទិស​ដៅ​ចរាចរណ៍ ផ្លូវ​ទ្វេ​ទិស មាន​ទិស​ដៅ​ទៅ​មករ​វាង មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន គន្លង​ចរាចរណ៍ : ៤​គន្លង​ផ្លូវ (២​គន្លង​ទៅ និង​២​គន្លង​មក ដែល​ម្ខាង​មាន​២​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.២៥​ម៉ែត្រ ទៅ ៣.៧០​ម៉ែត្រ​) ធ្នឹម​ប្រអប់​ជា​បេតុង​អា​មេ ដែល​មាន​កម្ពស់ ១.៥០​ម៉ែត្រ សសរស្ពាន​នីមួយ​ៗ​ប្រើ​បេតុង ជាមួយនឹង​ជើង​តាង​កម្ពស់ ១.៥០​ម៉ែត្រ ។

ប្រភេទ​គ្រឹះ​ខួង (Bored pile) មាន​អង្កត់ផ្ចិត​ទំហំ ១.៥០​ម៉ែត្រ ទៅ ១.២០​ម៉ែត្រ និង​មាន​ជម្រៅ​ប្រមាណ​៥០​ម៉ែត្រ ជម្រាល​ទទឹង​ស្ពាន​: ២% ជម្រាល​បណ្តោយ​ស្ពាន​: ៥% បង្កាន់ដៃស្ពាន​មាន​កម្ពស់ ១.១០​ម៉ែត្រ ល្បឿន​សុវត្ថិភាព​: ២០​គ​. ម​/​ម៉ោង ទៅ​៤០​គ​.​ម​/​ម៉ោង ទម្ងន់​ផ្ទុក​អនុញ្ញាត ៣០​តោន កម្ពស់​អនុញ្ញាត​: ៥.០០​ម៉ែត្រ ។ អ៊ុត​កៅស៊ូ AC កម្រាស់ ០.១០​ម៉ែត្រ ដាក់​ស្លាក​សញ្ញា​ចរាចរ និង​អ៊ុត​គំនូសចរាចរ​ដោយ​ប្រើ​ថ្នាំ​ទែ​រ​ម៉ូ​ប្លា​ស្ទឹ​ក រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​និង​បណ្តាញ​លូ និង​កែសម្រួល​ចិ​ញ្ចើ​ផ្លូវ​អម​សងខាង បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​បំភ្លឺ​ស្ពាន រៀបចំ​សួនច្បារ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៧ កន្លែង នោះ​គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៧​មក​រា ស្ពាន​អាកាស​៥​មក​រា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ស្ពាន​អាកាស​ចោម​ចៅ ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ គីឡូម៉ែត្រ​លេខ​៦ ដែល​កំពុង​មមាញឹក​ក្នុង​ការ​សាងសង់ ហើយ​នៅ​ពេល​ស្ពាន​អាកាស​នេះ និង​ស្ពាន​អាកាស​ស៊ី​ន​ជូ​រី​ផ្លា​ហ្សា​រួចរាល់ រាជធានី​ភ្នំពេញ​នឹង​មាន​ស្ពាន​អាកាស​ចំនួន​០៩​ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរ​ជូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ