ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​បង់​រំលស់​ទូរស័ព្ទ​កំពុង​ប្រកួតប្រជែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ក៏​បាន​ចាប់ផ្ដើម​ពង្រីក​សេវា​របស់​ខ្លួន ដោយ​សហការ​ជាមួយ​ហាង​លក់​ទូរស័ព្ទ ដើម្បី​

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ក៏​បាន​ចាប់ផ្ដើម​ពង្រីក​សេវា​របស់​ខ្លួន ដោយ​សហការ​ជាមួយ​ហាង​លក់​ទូរស័ព្ទ ដើម្បី​ផ្ដល់​សេវា​បង់​រំលស់​ដល់​អតិថិជន​ដែល​មាន​តម្រូវការ ហើយ​សេវាកម្ម​នេះ​ក៏​បាន​ជំរុញ​ការ​លក់​ទូរស័ព្ទ​ឲ្យ​មាន​កំណើន​ផង​ដែរ ។

បើ​តាម​ស្ដ្រី​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ទំនើប​យីហោ លី​ឃាង បានឱ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​មុន អតិថិជន​ដែល​ជ្រើសរើស​សេវា​ទិញ​ទូរស័ព្ទ​បង់​រំលស់​មាន​ច្រើន ដោយ​ក្នុង​១​ថ្ងៃ មាន​អ្នកទិញ​មិន​ក្រោម​១០​នាក់​នោះ​ទេ ប៉ុន្ដែ​បច្ចុប្បន្ន កំណើន​អ្នកលក់​កើនឡើង ហើយ​សេវា​មួយ​នេះ​ក៏​ប្រកួតប្រជែង​ខ្លាំង ធ្វើ​ឲ្យ​អ្នកស្រី​បាត់​ចំណែក​ទីផ្សារ​មួយ​ចំនួន ។

អ្នកស្រី​ថា ៖« បច្ចុប្បន្ន មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​នេះ​ដែរ ខណៈ​កាលពីមុន​មាន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ប៉ុណ្ណោះ ហើយ​អតិថិជន​ដែល​មក​ទិញ​ទូរស័ព្ទ​នៅ​ហាង​ខ្ញុំ ដែល​ជ្រើសរើស​យក​សេវា​បង់​រំលស់ ភាគច្រើន​ជា​អ្នកមាន​ការងារ​ធ្វើ » ។

បើ​តាម​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ការ​ដែល​កញ្ញា​ជ្រើសរើស​សេវា​បង់​រំលស់​លើ​ទូរស័ព្ទ​ដៃ វា​ជា​ការ​ផ្តល់​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​មិនសូវ​មាន​លទ្ធភាព ហើយ​ចង់បាន​ទូរស័ព្ទ​ប្រើប្រាស់ ។ ម្យ៉ាងទៀត ការ​ប្រើ​សេវា​បង់​រំលស់ វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​សម្រាប់​គ្រួសារ​ទេ ដោយសារ​គេ​មាន​ជម្រើស​ច្រើន​ឱ្យ​អតិថិជន​ជ្រើសរើស​ទៅ​តាម​លទ្ធភាព ។

លោក រិ​ទ្ធី វ័យ​៣៧​ឆ្នាំ ដែល​មានបទពិសោធន៍​ខ្ចីប្រាក់​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និយាយ​ថា ការ​ទទួល​បាន​ប្រាក់​កម្ចី (Credit) ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើប មិនមែន​ជា​ការ​លំបាក​ទេ តែ​វា​ទាមទារ​ឲ្យ​អ្នក​ទៅ​ខ្ចី​គេ ដឹង​ច្បាស់​ថា មាន​លទ្ធភាព​សង​វិញ​បាន ។

លោក រិ​ទ្ធី និយាយ​ថា ៖« ពេល​ខ្ញុំ​សម្រេចចិត្ត​ខ្ចី​លុយ​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ហ្នឹង គឺ​តម្លៃ​៥០០​ដុល្លារ តែ​ខ្ញុំ​ត្រូវ​បង់​សង​ដល់​ទៅ​៦០០ ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ ។ អីចឹង បើ​ធៀប​នឹង​ការ​ចំណាយ​លុយ​គ្រប់​ចំនួន វា​ល្អ​ជាង​ចងការ​គេ​ខ្ចី​ទិញ​អីវ៉ាន់ និង​វត្ថុ​ទំនើប » ។

លោក​បន្ត​ទៀត​ថា ៖« ដូច្នេះ តាម​យោបល់​ខ្ញុំ គឺថា​ចាំ​មានការ​ងារ​ធ្វើ ចំណូល​សម​ល្មម​សិន សឹម​ពិចារណា​ទិញ​គ្រឿង​បច្ចេកវិទ្យា ឬ​ទូរស័ព្ទ​ទំនើប​តាម​រយៈ​ការ​បង់​រំលស់ ។ ខ្ញុំ​មិន​លើកទឹកចិត្ត​ឲ្យ​យុវវ័យ​ដែល​ទទួល​បាន​បៀវត្ស​តិចតួច ទៅ​ជាប់បំណុលគេ​មិន​ដាច់​នោះ​ទេ » ។

លោក រុន សា​រ័​ត្ន មន្ត្រី​ឥណទាន​នៃ​ធនាគារ​ឯកទេស​អីុអន បានឱ្យ​ដឹង​ដែរ​ថា ការ​បង់​រំលស់​លើ​ទូរស័ព្ទ​នៅ​តាម​ហាង​នៅ​តែ​មាន​ច្រើន ដោយ​ក្នុង​១​ថ្ងៃ គិត​ជា​មធ្យម លោក​បំពេញ​ឯកសារ​ជូន​អតិថិជន​ពី​៣ ទៅ​៥​នាក់ ។

មន្ត្រី​ឥណទាន​រូប​នេះ​បន្ដ​ថា ៖« សព្វ​ថ្ងៃនេះ ដោយសារ​តែ​ក្រុមហ៊ុន​ផ្តល់​សេវា​បង់​រំលស់​មាន​ច្រើន ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​របស់​ស្ថាប័ន​លោក​ធ្លាក់​ចុះ​តិចតួច តាម​រយៈ​ការ​ប្រកួតប្រជែង​ខុស​ពី​ពេល​មុន​ៗ » ៕