ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​សាង​សង់​​ទំនប់​​វារី​​អគ្គិ​សនី​​​នៅ​​ក្នុង​​តំបន់​​​មេគង្គ​​​ត្រូវ​​បាន​​ផ្តល់​​​សញ្ញា​​​​ថា ​មាន​​ផល​​ប៉ះ​​ពាល់​​​អវិជ្ជ​មាន​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ WWF ដែល​​កោះ​សន្តិ​ភាព​​ទទួល​បាន​ថ្ងៃ​ទី​២០ មេសា ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​អន្តរ​រដ្ឋា​ភិបាល​នៃ​គណៈ​កម្ម​ការ​​ទន្លេ​មេគង្គ​​បាន​ដាក់​សេច​ក្តី​សម្រេច​​ចិត្ត​លើ​ការ​សាង​សង់​​ទំនប់​​វារី​អគ្គិ​សនី​ សាយ៉ា​បូរី នៅ​ក្នុង​ប្រទេស​ឡាវ ជូន​ថ្នាក់​រដ្ឋ​មន្ត្រី បន្ទាប់​ពី​បាន​ស្តាប់​កិច្ច​ពិភាក្សា​​រវាង​កម្ពុជា ថៃ និង​វៀត​ណាម ដែល​​លើក​ឡើង​ពី​ក្តី​បារម្ភ​នានា ជា​ពិសេស​ហេតុ​ប៉ះ​ពាល់​អវិជ្ជ​មាន​ដែល​អាច​កើត​មាន​ឡើង

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ WWF ដែល​​កោះ​សន្តិ​ភាព​​ទទួល​បាន​ថ្ងៃ​ទី​២០ មេសា ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​អន្តរ​រដ្ឋា​ភិបាល​នៃ​គណៈ​កម្ម​ការ​​ទន្លេ​មេគង្គ​​បាន​ដាក់​សេច​ក្តី​សម្រេច​​ចិត្ត​លើ​ការ​សាង​សង់​​ទំនប់​​វារី​អគ្គិ​សនី​ សាយ៉ា​បូរី នៅ​ក្នុង​ប្រទេស​ឡាវ ជូន​ថ្នាក់​រដ្ឋ​មន្ត្រី បន្ទាប់​ពី​បាន​ស្តាប់​កិច្ច​ពិភាក្សា​​រវាង​កម្ពុជា ថៃ និង​វៀត​ណាម ដែល​​លើក​ឡើង​ពី​ក្តី​បារម្ភ​នានា ជា​ពិសេស​ហេតុ​ប៉ះ​ពាល់​អវិជ្ជ​មាន​ដែល​អាច​កើត​មាន​ឡើង ។ ​ការ​សម្រេច​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ផ្អែក​​លើ​ភស្តុ​តាង​ជា​ច្រើន​ដែល​​គេ​បាន​ដាក់​ជូន​គណៈ​​កម្ម​ការ ហើយ​ដែល​បង្ហាញ​ពី​ហា​និ​ភ័យ​នា​នា​ចំពោះ​ជីវ​ចម្រុះ​ ជល​ផល និង​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ជន​រាប់​លាន​នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​នៃ​អាង​ទន្លេ​មេគង្គ​​ ជា​ពិសេស​គឺ​ជល​ផល​ ព្រម​ទាំង​តំបន់​ដី​សណ្ត​​ទន្លេ​មេគង្គ​​​ដែល​ងាយ​ទទួល​រង​គ្រោះ​ថ្នាក់ ។ 

លទ្ធ​ផល​​ចេញ​ពី​ការ​ពិនិត្យ​មើល​សា​ឡើង​វិញ​ធ្វើ​ឡើង​ដោយ WWF ចំពោះ​គម្រោង​​សាង​សង់​ទំនប់​​វារី​អគ្គិ​សនី​សាយ៉ា​បូរី បាន​បង្ហាញ​ថា ការ​វាយ​តម្លៃ​​ហេតុ​ប៉ះ​ពាល់​​ផ្នែក​​បរិ​ស្ថាន​ ព្រម​ទាំង​ការ​​សិក្សា​ពី​លទ្ធ​ផល​សាង​សង់​ទំនប់​​ដែល​គេ​បាន​ស្នើ​ឡើង​នេះ គ្មាន​លក្ខណៈ​​គ្រប់​ជ្រុង​ជ្រោយ ហើយ​​មាន​កម្រិត​​ទាប​ជាង​បទ​ដ្ឋាន​ស្តង់​ដា​អន្តរ​ជាតិ​តម្រូវ​សម្រាប់​ការ​​សិក្សា​បែប​នេះ ។ បម្រែ​បម្រួល​របប​ទឹ​ក​ ដី​​ល្បាប់​​ ជីវៈ និង​សារ​ធាតុ​ចិញ្ចឹម​​​​ក្នុង​ទឹក​ ត្រូវ​ការ​ឱ្យ​មាន​ការ​សិក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត ។

លោក​បណ្ឌិត Jian-hua Meng ជា​អ្នក​ឯក​ទេស​ផ្នែក​និរន្តរ​ភាព​នៃ​វារី​អគ្គិ​សនី​និយាយ​ថា៖​«សេច​ក្តី​​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ នឹង​បង្ក​ផល​លំបាក​​ផ្សេងៗ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ» ។ ​លោក​បន្ត​ថា៖ «​វា​ច្បាស់​​ណាស់​ថា រដ្ឋា​ភិបាល​នៃ​ប្រទេស​កម្ពុជា ​ថៃ និង​វៀត​ណាម កំពុង​ទទួល​ស្គាល់​កង្វះ​ខាត​នៃ​​ព័ត៌​មាន​ និង​ចំណេះ​ដឹង​ពាក់​ព័ន្ធ​​នឹង​ហេតុ​ប៉ះ​ពាល់​ដែល​នឹង​កើត​មាន​ឡើង​ចេញ​ពី​ទំនប់​វារី​អគ្គិ​សនី​​នេះ» ។ កិច្ច​ប្រជុំ​​មួយ​នៅ​ទី​ក្រុង​វៀង​ចន្ទន៍ ក្នុង​ឆ្នាំ​២០០៨ ​រវាង​ក្រុម​អ្នក​ជំនាញ​​ដើម្បី​​ពិនិត្យ​មើល​សា​ឡើង​​វិញ នូវ​ហេតុ​ប៉ះ​ពាល់​ចេញពី​ទំនប់​​វារី​អគ្គិ​សនី​នានា​​នៅ​ក្នុង​ដង​ទន្លេ​ចំពោះ​​ការ​ធ្វើ​ចរា​ចរ​របស់​​ត្រី​បាន​សន្និ​ដ្ឋាន​ថា វិធី​សាស្ត្រ​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​ដែល​គេ​បាន​​ប្រើ​ចំពោះ​​ប្រភេទ​ត្រី Salmon នៅ​អឺរ៉ុប​ និង​អាមេរិក​​ខាងជើង​ មិន​អាច​អនុ​វត្ត​ចំពោះ​ទំហំ ព្រម​ទាំង​ការ​ធ្វើ​ចរា​ចរ​នៃ​ពពួក​​ប្រភេទ​ត្រី​​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ដង​ទន្លេ​មេ​គង្គ​បាន​ឡើយ។ អង្គការ WWF ជឿ​ថា ​គេ​មិន​ត្រូវ​យក​តំបន់​​មេ​គង្គ​ធ្វើ​ជា​ករណី​សិក្សា​សម្រាប់​អនុ​វត្ត​នូវ​បច្ចេក​វិជ្ជា​ដែល​កំណត់​​ចរា​ចរ​សម្រាប់​ត្រី​នោះ​ទេ ។

អង្គ​ការ WWF គាំទ្រ​ឱ្យ​មាន​ការ​ពន្យារ​​រយៈ​ពេល​​១០​ឆ្នាំ ដល់​រាល់​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​​ការ​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​នានា​នៅ​លើ​ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម ក្នុង​នោះ​មាន​គម្រោង​ទំនប់​សាយ៉ាបូរី​ផង​ដែរ ដើម្បី​​អាច​ធានា​ថា មាន​ការ​សិក្សា​ឱ្យ​​បាន​ល្អិត​ល្អន់​ និង​គ្រប់​​ជ្រុង​ជ្រោយ​​លើ​គ្រប់​ទិដ្ឋ​ភាព​នៃ​ហេតុ​ប៉ះ​ពាល់​ផ្នែក​បរិ​ស្ថាន​ និង​ផ្នែក​ផ្សេងៗ​ទៀត​ដែល​នឹង​កើត​ចេញពី​ការ​សាង​សង់​ និង​ប្រតិ​បត្តិ​ការ​ទំនប់ ។ សម្រាប់​​តម្រូវ​ការ​បន្ទាន់​​ចំពោះ​មុខ ​គេ​អាច​ឆ្លើយ​​តប​បាន​តាម​រយៈ​ការ​ងាក​ទៅ​រក​ដំណោះ​ស្រាយ​​​ដែល​ផ្តោត​​លើ​ការ​ទាញ​យក​ប្រយោជន៍​​ពី​ការ​សាង​សង់​ទំនប់​នៅ​លើ​ដៃ​នៃ​ទន្លេ​មេគង្គ ។

​លោក​បណ្ឌិត Jian-hua Meng និយាយ​ថា៖ «គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​បាន​បោះ​ជំហាន​មួយ​យ៉ាង​មាន​សារ​សំខាន់​​ឆ្ពោះ​ទៅ​កាន់​​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​​ការ​ទទួល​ខុស​ត្រូវ​ ហើយ​​កំពុង​​មើល​ឱ្យ​​បាន​ច្បាស់​លាស់​លើ​ហេតុ​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ចេញពី​ទំនប់​វារី​អគ្គិ​សនី​សា​យ៉ាបូរី ដែល​អាច​បង្ក​ផល​អវិជ្ជ​មាន​​ដល់​មនុស្ស​រាប់​លាន​នាក់​​ដែល​រស់​នៅ​​​ក្នុង​តំបន់​នៃ​អាង​ទន្លេ​មេគង្គ» ។ លោក​បន្តថា៖ «ប្រទេស​ឡាវ ត្រូវ​ផ្អែក​​​លើ​ព័ត៌​មាន​ និង​ចំណេះ​ដឹង​ដែល​គេ​ផ្តល់​ឱ្យ​ខ្លួន​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​វារី​អគ្គិសនី​ដែល​មាន​និរន្តរ​ភាព​សម្រាប់​​តំបន់​មេ​គង្គ​​ទាំង​មូល ព្រម​ទាំង​ត្រូវ​ដើរ​​តាម​គំរូ​មុនៗ​ដូច​ជា​ទំនប់​វារី​អគ្គិសនី​ឈ្មោះ​ណាំធឿន​២» ៕