ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ដង្កោ​ចាប់​រថ​យន្ត​ធំៗ​​ត្រួត​ពិនិត្យ​គុណ​ភាព

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កំលាំង​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ដង្កោ​ដឹក​នាំ​ដោយ​លោក​គិត សុផា អភិ​បាល​ខណ្ឌ​បាន​ស្ទាក់​ចាប់​រថ​យន្ត​ធុន​ធំ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ និង​រថ​យន្ត​កុង​តឺ​ន័រ​​ត្រួត​ពិនិត្យ​មើល​គុណ​ភាព ជា​ពិសេស​រថ​យន្ត​ចាស់​ៗ និង​ប្រើ​ប្រាស់​សំបក​កង់​ចាស់ៗ​ និង​រថ​យន្ត​អត់​ស្លាក​​លេខ ឬ​គ្មាន​ឯក​សារ​គ្រប់​គ្រាន់​។

ប្រតិ​បត្តិ​ការ​នេះ​​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ មីនា​​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​៤​កែង​ផ្លូវ​អូដឹម​កប់​​ស្រូវ​ក្នុង​ភូមិ​​ព្រៃ​ស្វាយ​ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ ក្នុង​ពេល​នោះ កំលាំង​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ស្ទាក់​ចាប់​បាន​រថ​យន្ត​ធុន​ធំ​ដែល​មាន​លក្ខណៈ​មិន​គ្រប់​គ្រាន់​​ ចាស់ៗ ជា​ពិសេស​​កង់​ត្រងោល​ អស់​ក្រឡា​ដែល​ងាយនឹង​បែក​ក្រឡាប់ ឬ​បង្ក​គ្រោះ​ថ្នាក់​​ដល់​អ្នក​ដទៃ​។​ ក្រៅ​ពី​នេះ​មាន​រថ​យន្ត​ខ្លះ​កែ​ភ្លៅ​គ្មាន​ប្រព័ន្ធ​​ហ្វ្រាំង​ត្រឹម​ត្រូវ​ ហើយ​ត្រូវ​កំលាំង​ស្ទាក់​ចាប់​បាន​ចំនួន​២០​គ្រឿង​​ ​ក្នុង​នោះ​រថ​យន្ត​ចំនួន​១៣​គ្រឿង​ត្រូវ​ឃាត់​ទុក​ម្តុំ​រង់​ចាំ​គោល​ការណ៍​របស់​លោក​​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ និង​រថ​យន្ត​ចំនួន​៧​គ្រឿង​ទៀត​អប់រំ​ណែ​នាំ​រួច​ទើប​លែង​​ឱ្យ​ទៅ​វិញ​។

មន្ត្រី​មួយ​រូប​​និយាយ​ថា នៅ​ពេល​កំពុង​ធ្វើ​ការ​នោះ​មាន​រថ​យន្ត​ដឹក​ជ្រូក​១​គ្រឿង​ចេញ​ពី​មណ្ឌល​ផ្គត់​ផ្គង់​សត្វ​ត្រពាំង​ក្រសាំង​បើក​ទៅ​ដល់​ ហើយ​រថ​យន្ត​នោះ​ដឹក​ជ្រូក​ពេញ​កំពស់​ប្រមាណ​៤​ម៉ែត្រ​ និង​មាន​មនុស្ស​ជិះ​ពី​លើ​ទៀត​ផង។​ មិន​តែ​ប៉ុណ្ណោះ​​រថ​យន្ត​នោះ​អត់​ពាក់​ស្លាក​លេខ​ខាង​ក្រោយ​ទេ គឺ​មាន​តែ​ស្លាក​លេខ​មុខ​ប៉ុណ្ណោះ​។ ពេល​នោះ​កំលាំង​បាន​ចាប់​ ហើយ​មួយ​សន្ទុះ​ប៉ុណ្ណោះមាន​អន្តរា​គមន៍​​ពី​ឧក​ញ៉ា​​ដែល​ជា​ថៅ​កែ​​ដោយ​ខ្លាច​សមត្ថ​កិច្ច​ឃាត់​រថ​យន្ត​​នោះ​ទុក​យូរ​​។ តាម​ពិត​រថ​យន្ត​នោះ​មាន​ស្លាក​លេខ​ក្រោយ​ដែរ ប៉ុន្តែ​​ស្លាក​លេខ​នោះ​ធ្វើ​យូរ​ហើយ​មិន​ព្រម​ពាក់​ គឺ​ទុក​នៅក្នុង​កា​ប៊ីន​ សូម្បី​តែ​ចោះ​រន្ធ​ក៏​មិន​ចោះ​ផង​ ។ បន្ទាប់​ពី​កំលាំង​ជំនាញ​អប់រំ​រួច​ក៏​ឱ្យ​ត្រឡប់​ទៅ​វិញ​។

មន្ត្រី​ដដែល​បន្ត​ទៀត​ថា រថ​យន្ត​ខ្លះ​ចាស់ៗ​បើក​អត់​ចង់​ទៅ​មុខ​​ទេ រី​ឯ​កង់​វិញ​សឹក​អស់​ក្រឡា​ឡើង​ត្រងោល​ដូច​ជា​ក្បាល​ទំពែក​ចេញ​អំបោះ​ ចេញ​លួស រង់​ចាំ​តែ​ថ្ងៃ​ផ្ទុះ​ប៉ុណ្ណោះ​ ឯ​ប្រព័ន្ធ​ហ្វ្រាំង​ក៏​មិន​ល្អ​ដែរ​ ប៉ុន្តែ​ម្ចាស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មិន​ព្រម​ផ្លាស់​ប្តូរ​ ឬ​រៀប​ចំ​ឱ្យ​បាន​ស្រួល​បួលទេ ។ ពេល​​កង​កំលាំង​​ឃាត់​ត្រួត​ពិនិត្យ​គេ​ចេញ​មុខ​សុំ​អន្តរា​គមន៍​ដោះ​លែង​គួរ​ឱ្យ​ធុញ​ទ្រាន់​បំផុត​។ លោក​គិត សុផា អភិ​បាល​ខណ្ឌ​ដង្កោ​​ថ្លែង​ថា ការ​ចាប់​រថ​យន្ត​គឺ​ដើម្បី​ត្រួត​ពិនិត្យ​គុណ​ភាព​អនុវត្ត​តាម​អនុ​សាសន៍​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​កន្លង​មក​សម្តេច​តែង​មាន​ប្រសាសន៍​ដាស់​តឿន​ដល់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់​ឱ្យ​ត្រួត​ពិនិត្យ​ពី​គុណ​ភាព​រថ​យន្ត​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​​មាន​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ខ្លះ​ប្រើ​រថ​យន្ត​ចាស់ៗ​បង្ក​គ្រោះ​ថ្នាក់​ជា​ញឹក​ញាប់​។

លោក​អភិ​បាល​ខណ្ឌ​បន្ត​ទៀត​ថា ទោះ​បី​ជា​បែប​នេះ​ក្តី គឺ​នៅ​មាន​​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ខ្លះ​មិន​គោរព និង​អនុវត្ត​តាមឡើយ​នៅ​តែ​ប្រើ​រថ​យន្ត​ចាស់ៗ​ ជា​ពិសេស​សំបក​កង់​​ចាស់​ៗ​ដែល​ងាយ​នឹង​ផ្ទុះ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ ឬ​សម្បត្តិ​សាធារណៈ​គ្រប់​ពេល​វេលា​។ ​ដើម្បី​អនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​នោះ​គណៈ​បញ្ជា​ការ​ឯក​ភាព ខណ្ឌ​ដង្កោ​ឃាត់​រថ​យន្ត​បាន​ជា​ច្រើន​គ្រឿង​ ក្នុង​នោះ​១៣​គ្រឿង​ចាប់​ទុក​ម្តុំ​រង់​ចាំ​ការ​សំរេច​របស់​លោក​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ។ រថ​យន្ត​ទាំង​នោះ​ជា​រថ​យន្ត​ចាស់ៗ​ប្រើ​សំបក​កង់​ចាស់ៗ ​លើស​ម៉ែត្រ​ គ្មាន​ឯក​សារ​គ្រប់​គ្រាន់​ ។ ដោយ​ឡែក​រថ​យន្ត​៧​គ្រឿង​ទៀត​មាន​ល​ក្ខណៈ​គ្រប់​គ្រាន់ហើយ​ ប៉ុន្តែ​ផ្ទុក​ទំនិញ​ខ្ពស់ ហើយ​មាន​មនុស្ស​ជិះ​នៅ​លើ​នោះ​ទៀត​ត្រូវ​អប់រំ​រួច​ដោះ​លែង​វិញ​។ លោកអភិ​បាល​ខណ្ឌ​បញ្ជាក់​ថា ​ប្រតិ​បត្តិ​ការ​នេះ គឺ​ធ្វើ​តាម​របៀប​​ភ្លៀងរលឹម​ មិន​មែន​ធ្វើ​ម្តង​នេះ​ហើយ​ឈប់​នោះ​ឡើយ ៕