ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រាប់​លោក​ត្រាំ​ថា កុំ​លើក​ឡើង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ភ្ជាប់​បញ្ហា​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​មិន​គួរ​លើក​ឡើង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ការ​ចរចា​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ទេ បន្ទាប់​ពី​

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​មិន​គួរ​លើក​ឡើង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ការ​ចរចា​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ទេ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ចោទប្រកាន់​ចិន​ថា មិន​បាន​ចេញ​សកម្មភាព​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាងជើង បើ​ទោះជា​ចិន​កំពុង​តែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​អា​មេ​រិ​ក​ក៏​ដោយ ។

លោក Qian Keming អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា ៖ « ពួក​យើង​ជឿជាក់​ថា បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក គឺ​ស្ថិត​ក្នុង​ផ្នែក​ពីរ​ផ្សេង​គ្នា » ។ លោក​បន្ថែម​ថា បញ្ហា​ទាំងនេះ​មិន​ទាក់ទង ហើយ​ក៏​មិន​គួរ​យក​មក​និយាយ​ជាមួយ​គ្នា​ទេ ។

លោក​បន្ត​ថា ៖ « ជា​ធម្មតា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក រួម​មានការ​វិនិយោគ​ទៅ​វិញ​ទៅ​មក គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្នា​ផង​ដែរ ហើយ​ទាំង​ចិន និង​សហរដ្ឋអាមេរិក​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី » ។

លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ទាក់ទិន​នឹង​ការ​បង្ហោះ​នៅ​លើ Twitter របស់​លោក​ត្រាំ កាលពី​ថ្ងៃ​សៅរ៍ ដែល​បាន​គំរាម​ថា លោក​អាច​នឹង​លែង​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​មិន​ធ្វើ​អ្វី​សោះ​លើ​កូរ៉េ​ខាងជើង ។

លោក​ត្រាំ បាន​ជំរុញ​ចិន​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ចូលរួម​ដាក់​សម្ពាធ​ដល់​ប្រទេស​ជិតខាង​របស់​ខ្លួន ប៉ុន្តែ​ចិន​បន្ត​ជំទាស់​ថា ការ​សន្ទនា គឺជា​វិធី​ដ៏​ល្អ​បំផុត ។

លោក​ត្រាំ បាន​សរសេរ​ថា ៖ « ខ្ញុំ​ពិតជា​អស់សង្ឃឹម​នឹង​ប្រទេស​ចិន​ណាស់ ។ អ្នកដឹកនាំ​ដ៏​ល្ងង់ខ្លៅ​របស់​ពួក​យើង​ពី​មុន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​រក​ប្រាក់​បាន​រាប់​ប៊ី​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ព្រោះតែ​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​សម្រាប់​ពួក​យើង​ទាក់ទិន​នឹង​កូរ៉េ​ខាងជើង​ទេ មាន​តែ​និយាយ​ប៉ុណ្ណោះ » ។

លោក​សរសេរ​ទៀត​ថា ៖ « ពួក​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​វា​បន្ត​ទៀត​ទេ ។ ប្រទេស​ចិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយស្រួល » ៕