ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​មាន​កាន់តែ​ច្រើន ខណៈ​ផ្សារ​ក្នុងស្រុក​កំពុង​ប្រឈម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​កម្រិតជីវភាព​ប្រសើរ​ឡើង​ជាង​មុន វិនិយោគិន​ក្នុងស្រុក​មួយ​ចំនួន​បាន​សហការ​ជាមួយ​វិនិយោគិន​បរទេស នាំ​យក​នូវ​ស្តង់ដា​ផ្សារ​ទំនើប​ល្បី​ៗ​មក​កាន់​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​កម្រិតជីវភាព​ប្រសើរ​ឡើង​ជាង​មុន វិនិយោគិន​ក្នុងស្រុក​មួយ​ចំនួន​បាន​សហការ​ជាមួយ​វិនិយោគិន​បរទេស នាំ​យក​នូវ​ស្តង់ដា​ផ្សារ​ទំនើប​ល្បី​ៗ​មក​កាន់​កម្ពុជា ។ ការ​នាំ​យក​ស្តង់ដា​ពី​ប្រទេស​ក្រៅ​នេះ ក៏​បាន​ធ្វើ​ឱ្យ​ផ្សារ​ទំនើប​របស់​កម្ពុជា ដែល​កាលពីមុន​មាន​ភាព​ពេញ​និយម កំពុង​ស្ងប់ស្ងាត់ ហើយ​ប្រឈម​នឹង​ការ​បាត់​ចំណែក​ទីផ្សារ​ផង​ដែរ ដោយសារ​យុវវ័យ និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​ងាក​ទៅ​រក​ផ្សារ​ទំនើប​បរទេស​វិញ ក្នុង​នោះ​ក៏​មាន​អាជីវករ​មួយ​ចំនួន​ផង​ដែរ ។

កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ បាន​សហការ​ជាមួយ​វិនិយោគិន​ថៃ នាំ​យក​ផ្សារ​ទំនើប​បោះ​ដុំ​ដ៏​ធំ​របស់​ថៃ​មក​កាន់​ប្រទេស​កម្ពុជា គឺ​ផ្សារ​ទំនើប​ម៉ា​ក្រូ ដែល​មាន​លក់ទំនិញ​ថៃ​គ្រប់​ប្រភេទ ។ ការ​នាំ​យក​ផ្សារ​ទំនើប​នេះ​មក​កាន់​កម្ពុជា នឹង​ធ្វើ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​កន្លង​មក​ធ្លាប់​ទៅ​ប្រទេស​ថៃ ដើម្បី​យក​ទំនិញ​មក​ចែកចាយ​ក្នុងស្រុក អាច​នឹង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ដោយ​គ្រាន់តែ​មក​រាជធានី​ភ្នំពេញ និង​យក​ទំនិញ​ទៅ​ចែកចាយ​បន្ត​តាម​ខេត្ត​ប្រតិបត្តិ​របស់​ខ្លួន ។

ដោយឡែក កាលពី​ចុងខែ​កក្កដា​នេះ​ដែរ អ្នកឧកញ៉ា គិត ម៉េ​ង ក៏​បាន​ចុះ​កិច្ចព្រមព្រៀង លើ​ការ​បង្កើត​ផ្សារ​ទំនើប​មួយ​មក​ពី​ប្រទេស​កូរ៉េ នៅ​កម្ពុជា​ផង​ដែរ ។ ដូចនេះ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ដែរ កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​មួយទៀត​នៅ​ពេល​ខាង​មុខ​ឆាប់​នេះ  ស្រប​ពេល​ផ្សារ​ទំនើប​របស់​ម៉ា​ឡេ​ស៊ី (​ផាក​សុ​ន​) និង​ផ្សារ​ទំនើប​អុ​ី​អន​២ នឹង​បើក​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោកស្រី ជា សុខ​ហៀ​ក នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sorya Center Point ដែល​គ្រប់គ្រង​ផ្សារ​ទំនើប​សុ​វ​ណ្ណា និង​ផ្សារ​ទំនើប​សូ​រិ​យា បានឱ្យ​ដឹង​ថា ជា​ការ​ពិត នៅ​ពេល​ដែល​មាន​ផ្សារ​ទំនើប​បរទេស​ចូល​មក​ក្នុងស្រុក ចំនួន​អតិថិជន​គាំទ្រ​ផ្សារ​ទំនើប​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​បន្តិច​មែន តែ​វា​មិនជា​ការ​បារម្ភ​ទេ ។ ដោយសារ​តែ​កត្តា​ទាំង​អស់នេះ​ហើយ ទើប​ផ្សារ​ទំនើប​សូ​រិ​យា និង​សុ​វ​ណ្ណា បាន​កែ​លម្អ​សោភ័ណ​ភាព​ផ្នែក​ខាងក្នុង​មួយ​ចំនួន​ដើម្បី​ទាក់ទាញ​អតិថិជន​ត្រឡប់​មក​វិញ ។

លោកស្រី​បន្ត​ថា ៖« ការ​ប្រកួតប្រជែង​វា​ពិតជា​មាន នៅ​ពេល​វត្តមាន​ផ្សារ​ទំនើប​ពី​បរទេស​ចូល​មក​ក្នុងស្រុក​យើង ក៏​ប៉ុន្តែ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សកល យើង​មិន​អាច​ហាម​គេ (​ផ្សារ​បរទេស​) មិន​ឱ្យមក​វិនិយោគ​នៅ​ក្នុងស្រុក​យើង​បាន​ទេ ។ គេ​មកនេះ គឺ​មាន​ន័យ​ថា ស្រុក​យើង​រីក​ចម្រើន​ជាង​មុន កម្រិតជីវភាព​ពលរដ្ឋ​ល្អ​ជាង​មុន ។ ម្យ៉ាងទៀត ការ​មក​ដល់​នៃ​ផ្សារទំនើប​ធំ​ៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​វា​បង្ហាញ​ពី​កំណើន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​ផង​ដែរ » ។

លោកស្រី​បញ្ជាក់​ថា ចំពោះ​ផ្សារ​ទំនើប​សូ​រិ​យា និង​សុ​វ​ណ្ណា ដែល​កំពុង​ជួសជុល​កែ​លម្អ នៅ​ពេល​រួចរាល់​ហើយ​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​វិញ បើ​ទោះបីជា​ចំនួន​ភ្ញៀវ​ចូល​ផ្សារ​មិន​ច្រើន​ដូច​កាលពី​១០​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​យ៉ាងណា ក៏​នឹង​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ។ អ្វី​ដែល​ផ្សារ​ក្នុងស្រុក​ត្រូវ​រៀបចំ​ការ​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ទំនើប​បរទេស គឺ​ត្រូវ​ពង្រឹង​សេវាកម្ម និង​សោភ័ណ​ភាព​ឱ្យ​ល្អ នៅ​ពេល​នោះ នឹង​មាន​អ្នក​ចាប់អារម្មណ៍​ត្រឡប់​មក​វិញ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Emerging Markets Consulting បានឱ្យ​ដឹង​ថា សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ការ​យក​ផ្សារ​ទំនើប​បរទេស​មក​កាន់​កម្ពុជា គឺជា​រឿង​ល្អ ព្រោះ​វា​នឹង​ផ្ដល់​បទ​ពិសោធន៍​ល្អ​ៗ​លើ​វិស័យ​ផ្សារ​ទំនើប ពី​របៀប​គ្រប់គ្រង និង​ប្រតិបត្តិការ​ផ្សារ​ទំនើប​ទាំងនោះ ។ លោក​និយាយ​ថា ៖« ការ​យក​ផ្សារ​ទំនើប​ពី​ខាងក្រៅ​មក​ក្នុង​ប្រទេស​យើង នឹង​ជួយ​បង្រៀន​ធនធានមនុស្ស​របស់​កម្ពុជា​ពី​ការ​គ្រប់គ្រង និង​ដំណើរការ​ផ្សារ​ទំនើប​ដើម្បី​ឱ្យ​បាន​បទ​ពិសោធន៍​សម្រាប់​ពេល​អនាគត » ។

លោក​បន្ត​ថា ការ​មក​ដល់​របស់​ផ្សារ​ទំនើប​ធំ​ៗ​ទាំងនោះ គឺ​ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ពេញ​និយម​លើ​សម្ភារ និង​ផលិតផល​មាន​ម៉ាក​យីហោ​ល្បី​ៗ ឬ​គេ​ហៅ​ថា ខ្មែរ​ចូល​ចិត្ត​ស៊ី​ប្រែ​ន ។ បើ​តាម​យោបល់​លោក​ផ្ទាល់ ការ​បង្កើត​ផ្សារ​ក្នុងស្រុក និង​យក​ពី​ក្រៅ លោក​ថា គួរ​យក​ពី​ខាងក្រៅ​សិន ដើម្បី​បាន​បទ​ពិសោធន៍​ហើយ​ចាំ​បើក​ខ្លួនឯង ក៏​មិន​ទាន់​ហួសពេល​ដែរ ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក​ផល សម្បត្តិ បានឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ផ្សារ​ទំនើប​បច្ចុប្បន្ន កំពុង​បង្ហាញ​ពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ ជា​ពិសេស​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ហើយ​ក៏​ឆ្លុះ​បញ្ចាំង​ពី​សន្ដិភាព និង​ស្ថិរភាព​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​ថា ៖« វា​ជា​រឿង​មួយ​ល្អ​ដែល​កម្ពុជា​មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ច្រើន ហើយ​ពលរដ្ឋ​ដែល​ផ្សារ​ទំនើប​ភាគច្រើន​គឺ​ដើម្បី​លំហែកាយ និង​កម្សាន្ត​អារម្មណ៍ ដូច​ជា មើល​កុន ពិសា​អាហារ​បែប​ទំនើប​ៗ និង​ទិញ​ទំនិញ​ម៉ាក​ល្បី​ៗ​ជាដើម ។ ចំណែក​ផ្សារ​ទំនើប​ក្នុងស្រុក ប្រសិនបើ​មិន​រៀបចំ​កែ​លម្អ និង​មាន​អ្វី​ប្លែក​ទេ ថ្ងៃក្រោយ​អាច​បាត់​ចំណែក​ទីផ្សារ​ច្រើន ព្រោះ​សម័យ​ឥឡូវ​គេ​ត្រូវការ​ទំនើប​កម្ម » ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ នេះ​រក​ឃើញ​ថា តម្រូវការ​ប្រើប្រាស់​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ បាន​កើនឡើង​ពី​៧៩​ដល់​៨២%​នៅ​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕