ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​​ចេញ​ច្បាប់​3​ប្រភេទ​ដើម្បីពង្រឹង​យន្តការ​ប្រទេសកាន់​របប​ទីផ្សារសេរី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​យន្តការ​ប្រទេស​កាន់​របប​ទីផ្សារសេរី កម្ពុជា​បាន​និង​កំពុង​ធ្វើ​សេចក្ដីព្រាងច្បាប់​ចំនួន​៣ គឺ​ច្បាប់​ស្តី​ពី​ម្ហូបអាហារ ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ និង​ច្បាប់​ប្រកួតប្រជែង​គ្នា​ដោយ​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​យន្តការ​ប្រទេស​កាន់​របប​ទីផ្សារសេរី កម្ពុជា​បាន​និង​កំពុង​ធ្វើ​សេចក្ដីព្រាងច្បាប់​ចំនួន​៣ គឺ​ច្បាប់​ស្តី​ពី​ម្ហូបអាហារ ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ និង​ច្បាប់​ប្រកួតប្រជែង​គ្នា​ដោយ​ស្មើភាព ខណៈ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​ពាក់ព័ន្ធ​កំពុង​ជជែក​គ្នា​ទៅ​លើ​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន ។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​ក្រុមការងារ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ត្រូវ​បង្កើន​ទំនាក់ទំនង​ឲ្យ​បាន​ល្អជា​មួយ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ជំរុញ​កិច្ច​កសាង​ច្បាប់​ឲ្យ​បាន​ឆាប់រហ័ស ។ ច្បាប់​ទាំង​៣​នោះ កាំកុងត្រូល​ជា​អ្នក​ទទួលខុសត្រូវ​ចាត់ចែង​រៀបចំ គឺ​ច្បាប់​ស្តី​ពី​ម្ហូបអាហារ​, ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ និង​ច្បាប់​ការ​ប្រកួតប្រជែង ។

ទាក់ទង​នឹង​ច្បាប់​ទាំង​៣​ផ្នែក​នេះ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា ស៊ឹង សុ​ផា​រី បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១ សីហា ម្សិលមិញ​ថា ៖« ច្បាប់​ទាំងនេះ​បង្កើត​ឡើង​ដើម្បី​ពង្រឹង​យន្តការ​របប​សេដ្ឋកិច្ច​ទីផ្សារសេរី ព្រោះ​សេដ្ឋកិច្ច​ទីផ្សារសេរី យើង​ផ្តល់​លទ្ធភាព​ឱ្យ​វិស័យ​ឯកជន ។ អីចឹង​ហើយ អ្នកទិញ​-​លក់​ដឹង​ថា ត្រូវ​ផលិត​-​លក់​ប៉ុន្មាន​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​របស់​ពួក​គាត់ » ។

កញ្ញា​បន្ត​ថា ៖« ដើម្បី​សម្រួល​ដល់​យន្តការ​នេះ យើង​ចេញ​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ អ្នក​ផលិត និង​ជំរុញ​ឱ្យ​មានការ​ប្រកួតប្រជែង​ប្រកបដោយ​សមធម៌ និង​យុត្តិធម៌ » ។

អ្នកនាំពាក្យ​ស្ត្រី​ដំបូង​ក្នុង​ជួរ​រាជរដ្ឋាភិបាល​រូប​នេះ បាន​លើក​ឡើង​ថា បន្ទាប់​ពី​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣​រួច​មក កម្ពុជា​បាន​ប្រកាស​ផ្លាស់​ប្តូរ​កំណែទម្រង់សេដ្ឋកិច្ច ដោយ​ប្រកាន់​​យក​របប​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្ដែ​មិន​ទាន់​មានច្បាប់​គ្រប់គ្រាន់ ។ កញ្ញា​ថា ៖« ដើម្បី​ឱ្យ​ដំណើរការ​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រទេស​កាន់​របប​ទីផ្សារសេរី យើង​ត្រូវ​មានច្បាប់​ទាំង​អស់នេះ​ឱ្យ​ស្រប​ទៅ​ប្រទេស​ប្រកាន់​របប​ទីផ្សារសេរី គេ​មាន​ប្រព័ន្ធ​ច្បាប់​ច្រើន » ។

ច្បាប់​ទាំង​៣​ប្រភេទ​ដែល​ខាង​អគ្គនាយក​កាំកុងត្រូល​ទទួលខុសត្រូវ​រៀបចំ​នេះ នៅ​មិន​ទាន់​ប្រាកដ​ថា នឹង​ដាក់​ឱ្យ​អនុវត្ត​ច្បាស់លាស់​នៅ​ពេល​ណា​នោះ​ទេ ។ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ថា ច្បាប់​នេះ​បាន​រៀបចំ​យូរ​មក​ហើយ ហើយ​ក្រសួង​ចង់ឱ្យ​ចប់​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ជាក់ស្តែង ត្រូវការ​ជជែក​គ្នា​ច្រើន​ជាមួយ​អន្តរក្រសួង ព្រោះ​រឿង​ទាំងនោះ​សុទ្ធតែ​ស្មុគស្មាញ ៕