ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ​៖ បងប្អូន​ប្រជាពលរដ្ឋ ជន​វ័យចាស់ និង​អ្នកមាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជា​ចាំបាច់​ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​

1 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី​ ៖ ថ្លែង​នៅ​ចំពោះ​មុខ បងប្អូន ពូ​មីង លោកយាយ​លោកតា ដែល​ជា​ជនជាតិភាគតិច​ជា​ច្រើន​រូប ​នៅ​សាលា​បឋម​សិក្សា​សាមគ្គី​ចុង​រាំង កត្តា​ដែល​មនុស្ស​វ័យចាស់ និង​បុគ្គល​ដែល​មាន​ជំងឺ​ប្រចាំ​កាយ…

ខេត្ត​មណ្ឌលគិរី​ ៖ ថ្លែង​នៅ​ចំពោះ​មុខ បងប្អូន ពូ​មីង លោកយាយ​លោកតា ដែល​ជា​ជនជាតិភាគតិច​ជា​ច្រើន​រូប ​នៅ​សាលា​បឋម​សិក្សា​សាមគ្គី​ចុង​រាំង កត្តា​ដែល​មនុស្ស​វ័យចាស់ និង​បុគ្គល​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ​ត្រូវ​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​នោះ គឺ​ដើម្បី​រក្សា​ប្រព័ន្ធ​ការពារ​រាង​កាយ​ឱ្យ​នៅ​ក្នុង​ខ្លួន ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មួយ​នេះ​។ ម្យ៉ាងវិញទៀត ​ជន​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ហាក់បី​មាន​ប្រព័ន្ធ​ការពារ​ថមថយ ពោល​គឺ​សុខភាព​របស់​ពួក​គាត់​ខ្សោយ​ជាង​អ្នក​ ដែល​គ្មាន​ជំងឺ​ប្រចាំ​កាយ ដូច្នេះ​វ៉ាក់សាំង​ពិតជា​សំខាន់​ណាស់​សម្រាប់​ពួក​គេ ​ដើម្បី​ទប់ទល់​ពី​ការ​វាយលុក ​នៃ​វីរុស​នេះ​ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ខេត្ត​មណ្ឌល​គី​រី ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក ១៩) បាន​ចុះ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​តាម​ទីតាំង​មួយ​ចំនួន ដូច​ជា​៖ សហគមន៍​ជនជាតិភាគតិច​នៅ​ក្នុងភូមិ​ចុង​រាំង ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សាលា​បឋម​សិក្សា​ដាក់​ដាំ និង​ផ្សារ​សែន​មនោ​រម្យ នា​ថ្ងៃ​ទី​០២ និង​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ ២០២៣​ ។

លោក​ជំទាវ​ប្រធាន គ​.​វ​.​គ​-១៩ បាន​សំណេះសំណាល និង​លើក​ឡើង​នា​ពេល​ចុះ​ដល់ទី​តាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ថា ចំពោះ​បងប្អូន​ដែល​ជា​មន្ត្រី​នគរបាល​ទាំងអស់ ពិត​ណាស់​ត្រូវ​តែ​ចង​ចាំ​នូវ​ពេលវេលា​ដែល​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ចុង​ក្រោយ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​បន្តបន្ទាប់​ទៀត កុំឱ្យ​ហួសពេល ព្រោះថា​ក្នុង​ករណី​ថេរវេលា​នៃ​ការ​ចាក់​ដូ​ស​ចុង​ក្រោយ មាន​គម្លាត​យូរ​ពេក​លើស​ពី​៦​ទៅ​៨​ខែ ឬ​រហូត​ដល់​១​ឆ្នាំ​ជាង ធ្វើ​ឲ្យ​កងការពារ​នៅ​ក្នុង​ខ្លួន​យើង ធ្លាក់​ចុះ​ស្ទើរតែ​ទាំងស្រុង អាច​ធ្លាក់​ដល់​ចំណុចសូន្យ​។ ម្យ៉ាងវិញទៀត​ចំពោះ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វី​ដ​-១៩ អាច​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​៣-៤​ខែ​បន្ទាប់​ពី​ជា​សះស្បើយ​។

លោក​ជំទាវ​វេជ្ជបណ្ឌិត ដែល​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បន្ត​មាន​ប្រសាសន៍​ទៅ​កាន់​កងកម្លាំង​នគរបាល​ថា ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ គឺ​មាន​ន័យ​ថា ជំរុញ​កងការពារ​នៅ​ក្នុង​រាង​កាយ​របស់​យើង​ឲ្យ​ឡើង​ខ្ពស់ ដើម្បី​ទប់ទល់​នឹង​ការ​វាយលុក​នៃ​វីរុស​មួយ​នេះ​។ ពិត​ណាស់ កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ​គ្រប់គ្រង​ការ​រា​ត្បា​ត​វីរុស​កូ​វី​ដ​-១៩ បាន​យ៉ាង​ល្អ​ប្រ​សើរ ​ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិ​ន​ប្រសព្វ និង​ឈ្លៀសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែ​សម្តេច​តេ​ជោ​នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួលយក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​បន្តបន្ទាប់ ព្រោះ​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​តែ​ជា​ឧបករណ៍​ដ៏​សំខាន់​បំផុត​សម្រាប់​កម្ពុជា ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស ហើយ​ព្រោះថា​ មេរោគ​មួយ​នេះ ក៏​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​ខ្លួន​យើង​នៅឡើយ​ដែរ​។ ម្យ៉ាងវិញទៀត ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​បាន​ត្រឹមត្រូវ​តាម​កាលកំណត់ និង​ប្រើ​វ៉ាក់សាំង​ខ្វែងគ្នា នឹង​ផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់​ជាង​ដែល​យើង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​នូវ​ប្រភេទ​តែ​មួយ​។

លោក​ជំទាវ​ប្រធាន គ​.​វ​.​ក ១៩ បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​មាន​ចក្ខុវិស័យ មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុង​ការ​ស្រោចស្រព​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​គ្រប់​រាជធានី​-​ខេត្ត បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន អាច​គ្រប់គ្រង និង​បើក​ដំណើ​រការ​ប្រទេស​បាន ព្រមទាំង​ជំរុញ​កំ​ណើ​ន​សេដ្ឋកិច្ច​-​សង្គម​បាន​ឡើង​វិញ​។ ទន្ទឹម​នឹង​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា ថ្វី​ត្បិត​ប្រទេស​កម្ពុជា​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងនេះ​ក្តី យើង​ទាំងអស់​គ្នា​ត្រូវ​តែ​បន្ត​គោរព​វិធានការ ៣​ការពារ និង​៣​កុំ ទាំងអស់​គ្នា និង​ទៅ​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​តាម​ពេលវេលា​កំណត់​របស់​ក្រសួងសុខាភិបាល នៅ​គ្រប់​ទីតាំង​ពេទ្យ​រដ្ឋ​ដែល​នៅ​ក្បែរ​ខ្លួន​រស់នៅ​។

បន្ថែម​លើស​ពី​នេះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វា​តម្លៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន និង​នាយក​សាលា​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ជំរុញ​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំង​ចាស់ លោកគ្រូ​-​អ្នកគ្រូ សិក្សា​នុ​សិស្ស​ទាំងអស់​ឲ្យ​មក​ទទួល​ប​វ៉ាក់សាំង​កូ​វី​ដ​-១៩ គ្រប់​គ្នា និង​បាន​ចូលរួម​យ៉ាង​ក្លៀ​វ​ខ្លា​ជាមួយ​ក្រសួងសុខាភិបាល ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា នូវ​ការ​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ អប់រំ ការពារ បង្ការ និង​ទប់ស្កាត់​ការ​ផ្ទុះ​រីក​រាលដាល​ឡើង​វិញ​នៃ​វីរុស​កូ​វី​ដ​-១៩​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា បើ​យោង​តាម​ប្រសាសន៍​របស់ លោក​វេជ្ជបណ្ឌិត ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ខេត្តមណ្ឌលគិរី គឺ​មាន​គ្រប់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូ​ទាំង​ខេត្ត​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​អាច​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-១៩ គ្រប់​ទីកន្លែង​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ