ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច ថា​ មិន​ខ្លាច​កីឡាករ​ថៃ​ទេ ​ក្រោយ​ទាត់​ឱ្យ​ខូច​ជើង​កណ្តាល​ទី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ប៉ះ​គ្នា​លើក​ទី​១ កីឡាករ​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយបំបាក់​កីឡាករ​ថៃ​ដែល​ក្មេង​ពេញកម្លាំង និង​មាន​បច្ចេកទេស​ខ្ពស់​ឱ្យ​បោះបង់​

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ប៉ះ​គ្នា​លើក​ទី​១ កីឡាករ​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយបំបាក់​កីឡាករ​ថៃ​ដែល​ក្មេង​ពេញកម្លាំង និង​មាន​បច្ចេកទេស​ខ្ពស់​ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​២ ។ ទោះបី​យ៉ាងណា កីឡាករ​ថៃ​បាន​បង្ហាញ​អារម្មណ៍​មិន​អស់ចិត្ត​ឡើយ ដោយ​បាន​ប្រកាស​ថា​នឹង​ត្រឡប់​មក​សងសឹក​ឱ្យ​បាន​ដាច់ខាត ខណៈ​កីឡាករ​កម្ពុជា​ឆ្លើយ​តប​វិញ​ថា​រង់ចាំ​ស្វាគមន៍​ដោយ​រីករាយ​។

មឿ​ន សុខ​ហ៊ុ​ច និយាយ​ថា ជ័យជម្នះ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ​ទី​៣០ កក្កដា លើ​កីឡាករ​ថៃ​ឈ្មោះ Khun Korngthap បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​យល់​ថា​គឺជា​រឿង​ភ្លាត់ស្នៀត​របស់​កីឡាករ​ថៃ តែ​លោក​នៅ​តែ​ចាត់​ទុក​ថា នោះ​គឺជា​ជ័យជម្នះ​ដែល​លោក​ធ្វើ​បាន​តាម​រយៈ​ការ​ប្រើ​បច្ចេកទេស និង​ការ​បញ្ចេញ​អស់​សមត្ថភាព ក្នុង​ពេល​កីឡាករ​ថៃ​ក៏​មាន​សមត្ថភាព​មិនធម្មតា​នៅ​លើ​រេញ ។ ក្នុង​ទឹក​ទី​១​លោក​ថា វាយ​កីឡាករ​មិន​ចុះ​នោះ​ទេ ដោយសារ​តែ​គេ​ល្អ​កែង និង​ម៉ាត់ ហើយ​បើ​និយាយ​ពី​កម្លាំង​ក៏​ខ្លាំង​ណាស់​ដែរ ដោយ​ឱ្យ​តែ​លោក​ចូល​កៀក​គឺ​ត្រូវ​ដួល​ភីង​ព្រោះតែ​ត្រូវ​កីឡាករ​ថៃ​ចាប់​បោក​ផ្ដួល​នោះ​ផង ។ លោក​បង្ហាញ​អារម្មណ៍​ទ័លច្រក​ម្ដង​ៗ ជា​ពិសេស​ពេល​លោក​ប្រើ​ពេល​ពេញ​៣​នាទី​ក្នុង​ទឹក​ទី​១​ទៅ​ហើយ​នៅ​តែ​រក​ចំណុច​វាយ​ចូល​គូប្រកួត​មិន​បាន​ទៀត ។ គាប់​ចួន លោក​ចង់បាន​ប្រាក់សុទ្ធ​១​លាន​រៀល​ប្រសិនបើ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់ ឬ​ឱ្យ​បោះបង់​ការ​ប្រកួត​មុន​ទឹក​ទី​៣​នោះ ទើប​លោក​តែងតែ​ប្រឹង​រុលទៅមុខ ។ យ៉ាងណាមិញ អ្នក​ទស្សនា​សុទ្ធតែ​ឃើញ​គ្រប់​គ្នា​ថា លោក​រុលចូល​ច្រើន​ប៉ុនណា គឺ​ត្រូវ​កីឡាករ​ថៃ​វាយ​កែង និង​ម៉ាត់​ចូល​ច្រើន​ប៉ុន​ហ្នឹង ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់​សង្ឃឹមថា​លោក​នឹង​អាច​ទទួល​បាន​ទឹកប្រាក់​១​លាន​រៀល ។ កីឡាករ មឿ​ន សុខ​ហ៊ុ​ច និយាយ​ថា ក្នុង​ពេល​ដាក់​កែង​ក៏​មិន​ចូល ដាក់​ម៉ាត់​ក៏​មិន​ចូល លោក​ក៏​ប្រើ​បច្ចេកទេស​ចុង​ក្រោយ គឺ​ទាត់​ជើង​ក្រោម​ដោយ​ក្នុង​ពេល​នោះ​មិន​បានដឹង​ថា​កីឡាករ​ថៃ​អន់​ចន្ទល់​នោះ​ឡើយ ។ លោក​សារភាព​ថា កីឡាករ​ថៃ​ឱ្យ​តែ​ហ៊ាន​ចូល​កៀក​គឺ​លោក​ចាញ់​ប្រៀប​គេ​ទាំង​កែង ម៉ាត់ និង​កម្លាំង​វាយ​ផ្ដួល ជាក់ស្ដែង​ក្នុង​ទឹក​ទី​១​ពេល​លោក​សម្រុកចូល​ត្រូវ​កីឡាករ​ថៃ​វាយ​ត្រូវ​ខ្ចប់​ៗ​ចង់​ដាច់​ផ្ញា​រ និង​ដួល​ច្រងាប់ច្រងិល​ម្ដង​ហើយ​ម្ដងទៀត ។ លោក​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត​ដែល​ការ​សាកល្បង​ទាត់​ការពារ​ខ្លួន​កុំឱ្យ​កីឡាករ​ថៃ​មានឱកាស​វាយ​កែង និង​ចូល​កៀក​បែរជា​ហុច​ផ្លែផ្កា​បង្ហាញ​ថា​នោះ​ជា​ចំណុចខ្សោយ​ដែល​លោក​មិន​បានដឹង​សម្រាប់​ជើង​ខ្លាំង​វ័យក្មេង​រូប​នេះ ។ លោក​បាន​បន្ត​ប្រើ​ជើង​ទាត់​តម្រង់​កន្លែង​ដដែល បន្ទាប់​ពី​ឃើញ​កីឡាករ​ថៃ​ស្រាប់តែ​មាន​អាការ​រា​ថយ ព្រោះតែ​ខ្លាច​សកម្មភាព​ទាត់​របស់​លោក ទើប​លោក​បន្ត​ទាត់​ចូល​ហើយ​ទាត់​កាន់តែ​ខ្លាំង​បណ្ដាល​ឱ្យ​ចន្ទល់​ក្រោម​របស់​កីឡាករ​ថៃ​បាក់​កណ្ដាល​ទី​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន ។ 

កីឡាករ​ថៃ Khun Krongthap បាន​បង្ហាញ​អារម្មណ៍​មិន​អស់ចិត្ត​បន្ទាប់​ត្រូវ​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច ទាត់​ត្រូវ​ចំណុចខ្សោយ​បណ្ដាល​ឱ្យ​បាក់​ជំហរ​ក្រោម​ទាំង​មិន​នឹក​ស្មាន ។ កីឡាករ​រូប​នេះ​ក៏​បាន​ប្រកាស​សុំ​ខ្លួន​ប្រកួត​ជា​ថ្មី​ដោយ​អះអាង​ថា​នឹង​ការពារ​ជំហរ​ក្រោម​ឱ្យ​បាន​ល្អ​និង​យកឈ្នះ​ឱ្យ​បាន​ដាច់ខាត​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ ។ លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​អះអាង​ថា កីឡាករ​របស់​លោក​អត់​អស់ចិត្ត​ទេ​ក្នុង​ពេល​ដែល​គេ​មាន​ថ្វីដៃ​ល្អ​ហើយ​មិន​នឹក​ស្មានថា​កីឡាករ​កម្ពុជា​ឆ្លាត​រក​ឃើញ​ចំណុចខ្សោយ​ក្នុង​ពេល​ប្រកួត​គ្នា​បែប​នោះ ។

លោក​ថា កូនសិស្ស​របស់​លោក​នឹង​សុំ​សងសឹក តែ​លោក​មិន​ទាន់​ច្បាស់​ថា​នឹង​ដាក់​ថ្ងៃ​ណា​នោះ​ទេ​ក្នុង​ពេល​ដែល​កីឡាករ​របស់​លោក​ក៏​សុំ​ពេល​ហ្វឹកហាត់​មួយ​រយៈ​ទៀត​សិន​មុន​នឹង​ទទួលយក​ការ​ផ្គូផ្គង ។ លោក​ថា កូនសិស្ស​របស់​លោក​ដែល​បាន​ចាញ់​ទាំង​មិន​អស់ចិត្ត​ក្រោម​ដៃ​មឿ​ន សុខ​ហ៊ុ​ច គឺជា​កីឡាករ​ជើង​ខ្លាំង ប៉ុន្តែ​មក​ពី​គេ​ប្រហែស​រឿង​ឱ្យ​កីឡាករ​កម្ពុជា​ទាត់​ត្រូវ​ផ្ទួន​ៗ​ទើប​បណ្ដាល​ឱ្យ​ឈឺ​ជើង​ទប់ខ្លួន​លែង​ជាប់ ។ លោក​ប៉ាន់​ស្មានថា បើ​មាន​ជំនួប​ប៉ះ​គ្នា​លើក​ក្រោយ កីឡាករ​របស់​លោក​នឹង​ទទួល​ជោគជ័យ​ដោយ​លោក​ជឿ​ថាឱ្យ​តែ​ទប់​កម្លាំង​ទាត់​ផ្នែក​ខាងក្រោម​របស់​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច​បាន គឺ​កីឡាករ​ថៃ​នឹង​អាច​មាន​ប្រៀប​ដោយសារ​តែ​កែង និង​បច្ចេកទេស​ម៉ាត់​ចេញ​របស់​គេ​ខ្លាំង ហើយ​បើ​និយាយ​ពី​កម្លាំង​ឱ្យ​តែ​ហ៊ាន​ចូល​កៀក​គឺ​ដឹង​តែ​អាច​វាយ​បោក និង​រុញច្រាន​កីឡាករ​កម្ពុជា​បាន ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ហៅ​ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​ខាងលើ​ថា​មាន​ចំណុច​ទាក់ទាញ ប៉ុន្តែ​មាន​រយៈពេល​ខ្លី​ពេក ដោយសារ​តែ​កីឡាករ​ថៃ​ស្រាប់តែ​បែក​កង់​ក្រោម​កណ្ដាល​ទី​ក្រោយ​ពេល​ជើង​ខ្លាំង​កម្ពុជា​រក​ឃើញ​ចំណុចខ្សោយ ។ លោក​មាន​គម្រោង​ឱ្យ​កីឡាករ​ទាំង​២​ប៉ះ​គ្នា​ជា​ថ្មី ប៉ុន្តែ​ត្រូវ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ប្រដាល់ និង​រង់ចាំ​រហូត​ទាល់តែ​គ្រូបង្វឹក​កីឡាករ​ម្ខាង​ៗ​ប្រាប់​ថា​ពេល​ណា​នឹង​អាច​ទទួល​ឱ្យ​ប៉ះ​គ្នា​ជា​ថ្មី​កើត​សិន គឺ​មិន​អាច​គ្រាន់តែ​លោក​នឹក​ចង់​ហើយ​អាច​កំណត់​បាន​ទេ​៕