​អន្តរជាតិ » សេដ្ឋកិច្ច​សាកល

តម្លៃ​ប្រេង​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​

ដោយ ៖ ណៃ ដាលីន   

ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:១៥   (01-08-2017 12:15)

ប្រទេស​សិង្ហ​បុរី ៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ តម្លៃ​ប្រេង​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែឧសភា​មក ព្រោះ​ផលិតកម្ម​ប្រេង​នៅ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ ហើយ​ការ​គំរាមកំហែង​ថា នឹង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បាន​ធ្វើ​ឲ្យ​ពាណិជ្ជករ​ព្រួយបារម្ភ ។

តម្លៃ​ប្រេង​ឆៅ​របស់ Brent បាន​កើនឡើង ១៨​សេន ឬ​០,៣% មក​ស្មើ​៥២,៧០​ដុល្លារ​ក្នុង​១​ធុង ខណៈ​តម្លៃ​ប្រេង​ឆៅ​របស់ West Texas Intermediate កើនឡើង​១១​សេន ឬ​០,២% មក​ស្មើ​៤៩,៨២​ដុល្លារ​ក្នុង​១​ធុង ។

តម្លៃ​ប្រេង​បាន​កើនឡើង​ជិត​១០%​តាំងពី​កិច្ចប្រជុំ​សមាជិក​ធំ​ៗ​របស់​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត​ដូច​ជា រុ​ស្ស៊ី​ពិភាក្សា​ពី​វិធានការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ។

ធនាគារ ANZ Bank​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ « ក្រុមហ៊ុន West Texas Intermediate គំរាម​ថា នឹង​បង្កើន​តម្លៃ​ប្រេង​ដល់​៥០​ដុល្លារ​ក្នុង​១​ធុង ខណៈ Brent បង្កើន​ដល់​ជាង​៥២​ដុល្លារ​ក្នុង​១​ធុង ហើយ​មូលដ្ឋាន​បន្ត​បង្ហាញ​ថា ទីផ្សារ​ប្រេង​ឆៅ​មាន​លំនឹង​ឡើង​វិញ » ។

ផលិតកម្ម​ប្រេង​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​០,២% មក​ស្មើ​៩,៤១​លាន​ធុង​ក្នុង​១​ថ្ងៃ បន្ទាប់​ពី​បាន​កើនឡើង​ជាង​១០%​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ ។

ប្រេង​ឆៅ​របស់​អា​មេ​រិ​ក​ដែល​មាន​ក្នុង​ស្តុក​បាន​ធ្លាក់​ចុះ​ជិត​១០%​ឯណោះ បើ​ធៀប​នឹង​ខែមីនា សរុប​ស្មើ​៤៨៣,៤​លាន​ធុង ។

ការ​បង្កើត​តំបន់​ជីក​ប្រេង​ថ្មី​នៅ​សហរដ្ឋអាមេរិក​ក៏​អន់​ថយ​ផង​ដែរ ដោយ​ក្នុង​ខែកក្កដា​មាន​តំបន់​ជីក​ប្រេង​ថ្មី​តែ​១០​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បន្ថែម និង​ជា​ចំនួន​ទាប​ជាងគេ​តាំងពី​ខែឧសភា ឆ្នាំ​២០១៦​មក ។

ទីផ្សារ​ក៏​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​របស់​លោក​ត្រាំ កំពុង​តែ​ពិចារណា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​វិស័យ​ប្រេង​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ផង​ដែរ ដើម្បី​ឆ្លើយ​តប​នឹង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ កន្លង​មក ៕