ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោតក្រហម​ឡើងថ្លៃ​បន្ដិច បន្ទាប់​ពី​រាជរដ្ឋាភិបាល​អន្តរាគមន៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តម្លៃ​ពោតក្រហម​ក្រោយ​ពី​កសិករ​ផ្ទុះ​ការ​តវ៉ា​កាលពី​ពាក់កណ្តាល​ខែកក្កដា​កន្លង​ទៅ ពេល​នេះ​បាន​ងើបឡើង​បន្ដិច​វិញ បន្ទាប់​ពី​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងពាណិជ្ជកម្ម និង​

រាជធានី​ភ្នំពេញ ៖ តម្លៃ​ពោតក្រហម​ក្រោយ​ពី​កសិករ​ផ្ទុះ​ការ​តវ៉ា​កាលពី​ពាក់កណ្តាល​ខែកក្កដា​កន្លង​ទៅ ពេល​នេះ​បាន​ងើបឡើង​បន្ដិច​វិញ បន្ទាប់​ពី​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ និង​ការ​បញ្ចេញ​មូលនិធិ​ប្រមាណ​២៦​លាន​ដុល្លារ​កន្លង​មក ។

ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ម្សិលមិញ​ថា កន្លង​មក តម្លៃ​ពោតក្រហម​ធ្លាក់​ចុះ ដោយសារ​កសិករ​បេះ​ពោត​មិន​ទាន់​ទុំ​ល្អ ធ្វើ​ឱ្យ​គុណភាព​ធ្លាក់​ចុះ​, កសិករ​ហាល​ពោត​មិន​បាន​ល្អ​, អ្នក​ប្រមូល​ទិញ​ខ្វះ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង ខ្វះ​ទុន​បង្វិល ព្រមទាំង​ការ​ចំណាយ​ក្រៅផ្លូវការ​ច្រើន ។

លោក វ៉ា រុត​សាន ទីប្រឹក្សា​រូប​នេះ មាន​ប្រសាសន៍​ថា ៖« បញ្ហា​ធ្លាក់​ថ្លៃ​នេះ យើង​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ ។ ចំពោះ​ការ​ចំណាយ​ក្រៅផ្លូវការ បានឱ្យ​អភិបាល​ខេត្ត​​​នីមួយ​ៗ​ជា​អ្នក​ទទួលខុសត្រូវ ។ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​សម្រួលការ​ខ្ចីប្រាក់​ជូន​ដល់​អ្នក​ប្រមូល​ទិញ​ពោត ដោយ​ទម្លាក់​អត្រា​ការ​ប្រាក់​ក្រោម​៧%​ក្នុង​១​ឆ្នាំ​។ កត្តា​ទាំងនេះ​ធ្វើ​ឱ្យ​ស្ថានភាព​តម្លៃ​ពោត​ធូរស្រាល​ឡើង​វិញ ស្រប​ពេល​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​មួយ​ចំនួន​បាន​សន្យា​ជាមួយ​ក្រសួង នឹង​ខិតខំ​ប្រមូល​ទិញ​ពោត​ឱ្យ​បាន​ច្រើន​ជាង​មុន ពេល​ណា​កសិករ​ធ្វើ​តាម​ស្តង់ដា ។ អីចឹង​ហើយ​ធ្វើ​ឲ្យ​តម្លៃ​ពោត​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ​ហក់​ឡើង​វិញ » ។

លោក​ទីប្រឹក្សា​រូប​នេះ​បន្ត​ថា ៖«​យើង​បាន​ចាត់វិធានការ​ឱ្យ​បិទ​តារាង​តម្លៃ​ពោត​នៅ​កន្លែង​ទទួល​ទិញ​, កំណត់​គុណភាព​ឱ្យ​ច្បាស់ ដើម្បី​ឱ្យ​កសិករ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​យក​ពោត​មក​លក់ និង​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង និង​ប៉ៃលិន​តាមដាន និង​សហការ​ជាមួយ​កន្លែង​ទិញ » ។

នៅ​ថ្ងៃ​ទី​៣០ កក្កដា ក្រុមហ៊ុន​ស៊ី​ភី ហ៊ាន​ទិញ​ក្នុង​តម្លៃ​៤,១​បាត ស្មើនឹង​ប្រមាណ​ជាង​៤០០​រៀល ក្នុង​១​គីឡូក្រាម ខណៈ​ពី​មុន​តម្លៃ​ត្រឹមតែ​៣,២ ទៅ​៣,៤​បាត ឬ​ប្រមាណ​ជាង​៣០០​រៀល​ប៉ុណ្ណោះ ។

លោក ប៉ុ​ល គិរី​សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន វី​តា​ហ្វី​ត​មី​ល ផលិត​ចំណី​សត្វ មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​លោក​ទទួល​ទិញ​ពោត​ពី​ឈ្មួញកណ្តាល ក្នុង​តម្លៃ​ប្រហែល​៩៥០​រៀល​ក្នុង​១​គីឡូក្រាម ថ្លៃ​ជាង​ពេល​មុន ដែល​ធ្លាប់​ទិញ​តែ​ជាង​៨០០​រៀល​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ។

បើ​តាម​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ទីផ្សារ​ពោត​នៅ​គ្រា​បន្ទាប់ មិន​ហ៊ាន​ថា អាច​នឹង​ឡើងថ្លៃ​ដល់​ប៉ុន្មាន​ទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​តម្លៃនៅលើទីផ្សារ​អន្តរជាតិ ។

លោក​ថា ៖ «​កាលណា​ផលិតផល​តិច គឺ​លក់​បាន​ថ្លៃ ហើយ​កាលណា​ផលិត​ច្រើន​ពេក វា​នឹង​ធ្លាក់​ថ្លៃ ដោយ​គ្មាន​វិធី​ណាយ​កមក​ទប់​បាន​ទេ តួយ៉ាង​ដូច​ជា ប្រេង កាលណា​មានការ​ផលិត​ច្រើន​ជាង​តម្រូវការ វា​នឹង​ធ្លាក់​ថ្លៃ​ជៀស​មិន​រួច​ទេ ដូចនេះ​កសិផល​ផ្សេង​ៗ ក៏​ដូច​គ្នា​ដែរ » ។

យោង​តាម​របាយការណ៍​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ចាំបាច់​ប្រចាំ​ជីវភាព​លើ​ទីផ្សារ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣១ កក្កដា តម្លៃ​ពោតក្រហម​លេខ​២ លក់​លើ​ទីផ្សារ​គិត​ជា​ជា​មធ្យម ២០៦០​រៀល ក្នុង​១​គីឡូក្រាម ៕