ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ទៅ​បង់​ក្លា​ដែ​ស​1​លាន​តោន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ត្រៀម​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្ដី​ពី

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ត្រៀម​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នា ស្ដី​ពី​ការ​នាំ​ចេញ​អង្ក​រស និង​អង្ករ​ចំហុយ​សរុប​១​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ ។ ការ​ចុះ​អនុស្សរណៈ​នឹង​ចាប់ផ្ដើម​នៅ​ដើមខែ​សីហា ឆ្នាំ​២០១៧​នេះ ។

លោក ចាន់ សុខ​ទី អគ្គនាយករង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​៣០ កក្កដា​ថា ៖« យើង​ប្រើ​ពេល​ចរចា​អស់
២​ខែ តាំងពី​ដើមខែ​មិថុនា ដល់​ខែកក្កដា ឆ្នាំ​២០១៧ មុន​ឈាន​ដល់​ការ​ចុះ MOU រវាង​ប្រទេស​កម្ពុជា ជាមួយ​សាធារណរដ្ឋ​បង់​ក្លា​ដែ​ស ស្តី​ពី​ការ​ទិញ​អង្ក​រស និង​អង្ករ​ចំហុយ​ចំនួន​១​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ គិត​ពី​ថ្ងៃ​ចុះហត្ថលេខា នា​ពេល​ខាង​មុខ​នេះ​តទៅ » ។

លោក​បញ្ជាក់​ថា ៖« អនុស្សរណៈ​យោគយល់​នេះ​ធ្វើ​ឡើង​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​មាន​ការ​ចុះហត្ថលេខា​រវាង​រដ្ឋមន្ត្រី​ចំណីអាហារ បង់​ក្លា​ដែ​ស និង​រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ បរិមាណ​អង្ករ​សរុប​១​លាន​តោន​ដែល​ត្រៀម​នាំ​ចេញ ​យើង​នឹង​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ឱ្យ​គ្រប់​ទៅ​តាម​តម្រូវការ​បញ្ជា ទិញ » ។

លោក​អគ្គនាយករង​ពាណិជ្ជកម្ម​អន្តរជាតិ​រូប​នេះ​បន្ដ​ថា ៖« ការ​ចុះ MOU នា​ពេល​ខាង​មុខ បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​នូវ​គោលនយោបាយ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល ដោយ​ពង្រឹង និង​ពង្រីក​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន ។ ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​បង់​ក្លា​ដែ​ស​ខាង​មុខ​នេះ អាច​ជួយ​ដល់​ប្រជា​កសិករ និង​បណ្តា​រោង​ម៉ាស៊ីន​ផង​ដែរ » ។

កញ្ញា ស៊ឹង សុ​ផា​រី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖ «​ធម្មតា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ការទូត គេ​ជំរុញ​ឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដើម្បី​ផ្សារ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រទេស​បង់​ក្លា​ដែ​ស​និយាយ​រឿង​ពាណិជ្ជកម្ម និង​កម្រិត​នៃ​ការ​អភិវឌ្ឍ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​កម្ពុជា​ដែរ ដោយ​ផ្នែក​ខ្លះ​យើង​អាច​រៀន​ពី​គេ ផ្នែក​ខ្លះ​គេ​រៀន​ពី​យើង អីចឹង​ហើយ​បានជា​មានការ​ចុះ MOU នេះ​ឡើង » ។

កញ្ញា​បន្ត​ថា ៖« ការ​ចុះ MOU ជាមួយ​គ្នា ដើម្បី​បង្កើត​ជា​ជម្រើស​ទិញ​ដូរ​ទៅ​វិញ​ទៅ​មក ប៉ុន្ដែ​ដៃគូ​ពាណិជ្ជកម្ម ឬ​អ្នកទិញ​សក្តានុពល​របស់​យើង ក៏​ប្រែប្រួល​ទៅ​តាម​ពេល​វេលា និង​តម្រូវការ​របស់​ប្រជាជន​គេ ដោយ​ឆ្នាំ​ខ្លះ គេ​អត់​ទិញ​អង្ករ តែ​នៅ​ឆ្នាំ​ខ្លះ​គេ​អាច​នឹង​ទិញ​ពី​កម្ពុជា​ក៏​មាន នៅ​ពេល​កម្រិតជីវភាព​ប្រជាជន​គេ​ធូរធារ » ។

លោក​ឧកញ៉ា ភូ ពុ​យ នាយក​ក្រុមហ៊ុន បៃតង (​កម្ពុជា​) មាន​ប្រសាសន៍​ថា ប្រសិនបើ​មានការ​ទិញ​រវាង​ប្រទេស និង​ប្រទេស (​រដ្ឋាភិបាល​) សម្រាប់​អ្នក​ផលិត​និង​អ្នកលក់​ចេញ នឹង ទទួល​បាន​ភាពល្អ​ប្រសើរ​បើ​ត្រូវ​ថ្លៃ​គ្នា ។ ការ​បញ្ជា​ទិញ​ត្រូវ ឬ​មិន​ត្រូវ​ថ្លៃ​គ្នា វា​ក៏​ល្អ​ជាង​ការ​លក់​រវាង​វិស័យ​ឯកជន​និង​ឯកជន ឬ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​ដែរ ព្រោះ​ទីផ្សារ​សម្រាប់​វិស័យ​ឯកជន​មាន​កំណត់ ។

លោក​ឧកញ៉ា​បន្ត​ថា ៖« អង្ករ​ធម្មតា តម្រូវ​ឱ្យ​ព្រមព្រៀង​ទៅ​តាម​តម្លៃ​លើ​ទីផ្សារ ។ ករណី​យើង​ត្រូវ​តម្លៃ​នោះ យើង​ជោគជ័យ តែបើ​មិន​ត្រូវ​ថ្លៃ​ទេ ក៏​មិន​ជោគជ័យ​ដែរ ។ កន្លង​មក យើង​ក៏​មាន MOU ច្រើន​ដែរ​ជាមួយ​ហ្វ៊ី​លី​ពី​ន​រាប់​សែន​តោន តែ​ដល់​សួរ​ពី​តម្លៃ​ទៅ​អត់​ត្រូវ​គ្នា គេ​អត់​ទិញ​ពី​កម្ពុជា ហើយ​ទៅ​ទិញ​អង្ករ​វៀតណាម​វិញ » ។

បើ​តាម​តួលេខ​នាំ​ចេញ​អង្ករ​កម្ពុជា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គឺ​កើន​ឡើងជា​លំដាប់ ។ នៅ​ឆ្នាំ​២០១៦ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង​៥០​ម៉ឺន​តោន ហើយ​នៅ​ឆ្នាំ​២០១៧​នេះ តាម​រយៈ​ការ​ខិតខំ​របស់​ក្រសួង​ក្នុង​ការ​ចរចា​បើក​ទីផ្សារ​អង្ករ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត ។ នេះ​បើ​តាម​លោក ចាន់ សុខ​ទី។

យោង​តាម​របាយការណ៍​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស ចំនួន​២៨៨.៥៦២​តោន មាន​កំណើន​៧,៦០%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ស្មើ​២៦៨.១៩០​តោន ក្នុង​នោះ​ប្រទេស​បារាំង​នាំ​ចូល​ច្រើន​ជាងគេ ស្មើ​៣៧.៣២១​តោន តាម​ពីក្រោយ​ដោយ​ប៉ូ​ឡូញ​២៥.៦៣៩​តោន បន្ទាប់​មក​ចក្រភព​អង់គ្លេស​២១.២៩៦​តោន ៕