ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​អាស៊ាន ត្រូវ​ពន្យារពេល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ ថៃ ប៊ុ​ន​រ៉ុ​ង មាន​កម្ពស់​៥៥០​ម៉ែត្រ ដែល​តាម​គម្រោង​ថា នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១ សីហា​នេះ ត្រូវ​បាន​ពន្យារពេល​វិញ​ហើយ ។ ចំណែក​

រាជធានី​ភ្នំពេញ ៖ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ ថៃ ប៊ុ​ន​រ៉ុ​ង មាន​កម្ពស់​៥៥០​ម៉ែត្រ ដែល​តាម​គម្រោង​ថា នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១ សីហា​នេះ ត្រូវ​បាន​ពន្យារពេល​វិញ​ហើយ ។ ចំណែក​ពេលវេលា​ជាក់លាក់​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ ខណៈ​អ្នកគ្រប់គ្រង​អះអាង​ថា ការ​ពន្យារពេល​នេះ ដោយសារ​កំពុង​រៀបចំ​កែ​លម្អ​ប្លង់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន អ្នកគ្រប់គ្រង​និង​ស្ថាបត្យករ ដែល​ចូលរួម​គូរ​ប្លង់​គម្រោង​នេះ បាន​ឲ្យ​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និក​នា​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ម្សិលមិញ​ថា ការ​សាងសង់​អគារ​នេះ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​ទេ ព្រោះ​កំពុង​រៀបចំ​ក្រុមការងារ​បច្ចេកទេស​ចំនួន​៦​ក្រុម ដើម្បី​កែ​លម្អ​អគារ​នេះ​ឲ្យ​កាន់តែ​ល្អ​មួយ​កម្រិត​ទៀត មុន​ពេល​ចាប់ផ្តើម​សាងសង់​។ លោក​បន្ត​ថា ៖« លក្ខណៈ​ផ្លូវច្បាប់ ប្លង់​បច្ចេកទេស យើង​មាន​អស់ហើយ អ្វី​ដែល​សំខាន់ គឺ​ការងារ​បច្ចេកទេស​ត្រូវ​មានការ​កែសម្រួល និង​បាន​បញ្ចប់​ស្ទើរ​១០០%​ហើយ » ។

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ ប៊ុ​ន​រ៉ុ​ង គ្រោង​សាងសង់​លើ​ផ្ទៃដី​ជិត​៦​ហិ​កតា ស្ថិត​នៅ​តំបន់​ឌ្រី​ម​លែ​ន​ដ៏ ទល់មុខ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូន ពេញ ។

លោក​សាស្ត្រាចារ្យ​បន្ត​ថា ៖« យើង​មិន​មាន​បញ្ហា​ថវិកា​ទេ យើង​មាន​ថវិកា​គ្រប់គ្រាន់​រួច​ហើយ​ដើម្បី​សាងសង់​អគារ​នេះ » ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន បាន​បន្ត​ថា អគារ​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​មាន​បណ្តុះ​ដោយ​សេវាកម្ម​ចម្រុះ​ដូច​ជា ផ្សារ​ទំនើប អគារ​ការិយាល័យ អា​ផាត​មិន​កម្រិត​ផ្កាយ​៥ សណ្ឋាគារ​កម្រិត​ផ្កាយ​៦ ខុន​ដូ​ប្រណីត សេវាកម្ម​ហាត់ប្រាណ ស្ទី​ម ម៉ាស្សា ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ និង​កន្លែង​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ​ជាដើម ។ លោក​បន្ត​ថា អគារ​នេះ​គ្រោង​ចំណាយ​ថវិកា​សាងសង់​ចំនួន​២.១០០​លាន​ដុល្លារ និង​គ្រោង​ចំណាយ​ថវិកា​៣​ពាន់​លាន​ដុល្លារ​ទៀត​ដើម្បី​ឲ្យ​អគារ​នេះ​ដំណើរការ​រស់​រវើក ។

លោក​បន្ត​ទៀត​ថា នៅ​ពេល​អគារ​នេះ​សាងសង់​ហើយ វា​នឹង​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ល្បី​ៗ​នឹង​មក​បោះទីតាំង​នៅ​លើ​អគារ​នេះ ព្រោះ​បច្ចុប្បន្ន​មិន​ទាន់​មាន​ក្រុមហ៊ុន​អន្តរជាតិ​ច្រើន​ចូល​មក​ដាក់​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ ដោយសារ​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ការិយាល័យ​លំដាប់​អន្តរជាតិ​នៅឡើយ ។

លោក ប៉ែន សុខ​គា នាយក​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប បាន​ថ្លែង​ថា ដោយសារ​ការ​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត និង​មិន​ទាន់​កំណត់​ពេលវេលា​ជាក់​លាក់​​បែប​នេះ អាច​ប៉ះពាល់​ដល់​អារម្មណ៍​អតិថិជន​ដែល​មាន​បំណង​ទិញ​គម្រោង​នេះ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង និង​ការ​សាងសង់​គម្រោង​យក្ស​នេះ ទាមទារ​ឲ្យ​មានការ​សិក្សា​ច្បាស់លាស់​ណាស់ ព្រោះ​វា​ជា​គម្រោង​យក្ស ខណៈ​ចំនួន​ខុន​ដូ​បាន​កើនឡើង​ខ្ពស់​លើស​តម្រូវការ​រួច​ទៅ​ហើយ ។

លោក​បន្ត​ថា ៖« ប្រសិនជា​គិត​រយៈពេល​វែង​រយៈពេល​១០​ទៅ​១៥​ឆ្នាំ​ក្រោយ វា​នឹង​គ្មាន​បញ្ហា​ទេ ព្រោះ​នា​ពេល​អនាគត ផ្នត់គំនិត​យុវជន​នឹង​ផ្លាស់​ប្តូរ​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន » ។​លោក​បន្ត​ថា ៖« ទីផ្សារ​ខុន​ដូ​សម្រាប់​អនាគត និង​គម្រោង​នេះ​នឹង​គ្មាន​បញ្ហា​ទេ ប្រសិនជា​ប្រមើល​មើល​ពី​អនាគត » ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ អ្នក​នាង អាន សុធី​តា បាន​ថ្លែង​ថា អ្នក​នាង​បានឮ​ព័ត៌មាន​ទាក់ទង​នឹង​ការ​កែ​លម្អ​ប្លង់ និង​បច្ចេកទេស​នានា​នៃ​ការ​សាងសង់​អគារ​នេះ​។ ហេតុនេះ ការ​ពន្យារពេល​បន្តិចបន្តួច​ដើម្បី​សាងសង់ វា​មិន​ជះ​ឥទ្ធិពល​ដល់ទី​ផ្សារ​នៃ​គម្រោង​នេះ​ទេ ហើយ​គ្រប់​គ្នា​ក៏​រង់ចាំ​មើល​ពេលវេលា​ការ​ចាប់ផ្តើម​សាង​សង់​​អគារ​នេះ​ជាក់លាក់​ផង​ដែរ ។

អ្នក​នាង​បន្ត​ថា ៖« បើ​មើល​ពី​តម្រូវការ ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ឥឡូវនេះ ធៀប​នឹង​ទំហំ​អគារ គឺ​ធំ​ណាស់ ប៉ុន្តែ​បើ​មើល​ពី​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ទំហំ​អគា​នេះ​មិនធំ​នោះ​ទេ » ។ អ្នក​នាង​បន្ត​ទៀត​ថា ៖« តាម​ធម្មតា អគារ​ការិយាល័យ​មួយ​ទំហំ​២​ម៉ឺន​ម៉ែត្រការ៉េ​ត្រូវ​ចំណាយពេល​ប្រមាណ​២​ឆ្នាំ ទើប​មាន​អ្នក​ជួល​ពេញ ។ ផ្ទុយ​ទៅ​វិញ អគារ​ដ៏​ធំ​នេះ​អាច​ចំណាយពេល​យូរ​ជាង​នេះ » ។

អ្នក​នាង​សុធី​តា បន្ថែម​ថា ក្រុមហ៊ុន​មាន​ទឹកប្រាក់​គ្រប់គ្រាន់​សម្រាប់​សាងសង់​អគារ​នេះ មាន​ន័យ​ថា គាត់​មាន​ទំនុកចិត្ត​ណាស់​នៅ​ក្នុង​ទីផ្សារ និង​ធ្វើ​ឲ្យ​អគារ​នេះ​ដំណើរការ ។ ហេតុនេះ វា​នឹង​គ្មាន​បញ្ហា​ទេ ។

តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ នឹង​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ា​កាវ Sun Kian Ip Group ៕